អន្តរជាតិ
ប្រមុខការទូតអាម៉េរិក៖ ការបះបោរ​របស់ទាហានស៊ីឈ្នួល បង្ហាញពីការប្រេះឆាក្នុអំណាចលោក ពូទីន
26, Jun 2023 , 11:14 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ចាត់ទុកវិបត្តិនៅរុស្ស៊ីដែលកើតចេញពីរដ្ឋប្រហារមិនជោគជ័យមួយ ជាការប្រេះឆាក្នុងអំណាចរបស់ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ។ នេះជាការអធិប្បាយលើកដំបូងរបស់មន្រ្តីវ៉ាស៊ីនតោនចំពោះអ្វីដែលកើតនៅរុស្ស៊ីកាលពីចុងសប្ដាហ៍មុន។

 
 ជារឿងគួរឱ្យភ្ញាក់ផ្អើល ក្រុមទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner និងមេដឹកនាំលោក Yevgeny Prigozhin បានងើបបះបោរប្រឆាំងរដ្ឋអំណាចរុស្ស៊ី ហើយសម្រុកដំណើរឆ្ពោះទៅរដ្ឋធានីមូស្គូកាលពីចុងសប្ដាហ៍មុន។ ប៉ុន្តែការងើបប្រឆាំងក៏បញ្ចប់ទៅវិញក្នុងរង្វង់ត្រឹម២៤ម៉ោង ដោយលោក Prigozhin ចាត់ទុកជាការបញ្ចៀសការបង្ហូរឈាម។
 
ក្នុងការថ្លែងលើកដំបូងលើវិបត្តិនេះ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន ហៅការងើបបះបោរនេះ ជាការតតាំងដោយផ្ទាល់ចំពោះអំណាចប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ។ លោក ប្លីងខិន និយាយក្នុងកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS ថា រឿងនេះបង្ហាញពីសំណួរដ៏ធំមួយ ហើយបង្ហាញពីការការប្រេះឆាពិតប្រាកដ។
 
ទោះជាយ៉ាងណា មន្រ្តីរដ្ឋបាលអាម៉េរិកដដែលនេះ អះអាងថា វាឆាប់ពេកក្នុងការគិតគូរពីឥទ្ធិពលនៃអ្វីដែលកើតឡើងចំពោះសង្រ្គាមនៅអ៊ុយក្រែន ឬក៏សម្រាប់អំណាចរបស់មូស្គូ។ លោក ប្លីងខិន ក៏ហៅព្រឹត្តិការណ៍ដែលកើតឡើងជារឿងមិនសាមញ្ញព្រោះកើតឡើងដោយសារមនុស្សជិតស្និទ្ធរបស់មេដឹកនាំរុស្ស៊ី ដែលដឹកនាំក្រុមទាហានស៊ីឈ្នួលប្រយុទ្ធនៅអ៊ុយក្រែននោះ។
 
ស្របពេលទាហានស៊ីឈ្នួល Wagner ធ្វើដំណើរទៅមូស្គូកាលពីថ្ងៃទី២៤ ខែមិថុនា លោក ពូទីន ចោទលោក Prigozhin ពីបទក្បត់ជាតិ ដែលត្រូវទទួលទោសដាច់ខាត ប៉ុន្តែលោកក៏សម្រេចលើកលែងទោសឱ្យមេក្រុមហ៊ុនទាហានស៊ីឈ្នួលនេះវិញក្រោមកិច្ចព្រមព្រៀងមួយដែលលោក Prigozhin ត្រូវទៅនៅបេឡារុសវិញ៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com