ជាតិ
លោក ថោង បូរ៉ាន់៖ ការអប់រំបែបស្ទែមផ្ដល់ពហុគំនិតវិទ្យាសាស្ត្រ
26, Jun 2023 , 1:59 pm        
រូបភាព
លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ ( រូបកណ្តាល) និងលោក លោកស្រី ដែលជាមន្រ្តីផ្នែកអប់រំ  នៅខេត្តកំពង់ចាម  រូបភាពពី៖  ក្រសួងអប់រំ យុវជន  និងកីឡា front
លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ ( រូបកណ្តាល) និងលោក លោកស្រី ដែលជាមន្រ្តីផ្នែកអប់រំ នៅខេត្តកំពង់ចាម រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា front
ដោយ៖ សុង សុធាវី 
 
លោក ថោង បូរ៉ាន់   អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា បានលើកឡើងថា ការអប់រំតាមបែបស្ទែមគឺផ្ដល់របៀបរៀនបែបពហុគំនិត ដោះស្រាយបញ្ហាក្នុងមេរៀនដោយរួមបញ្ចូលមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ រួមទាំងការអនុវត្ត។

 
បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ កាលពីថ្ងៃទី២៤ ខែមិថុនា វគ្គ​បណ្តុះបណ្ដាលស្តីពី «ការរៀន និងបង្រៀនតាមបែបស្ទែម នៅកម្រិតមធ្យមសិក្សាទុតិយភូមិ» វគ្គទី៦ ត្រូវបាន​រៀបចំឡើង​នៅ​មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។
 
លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ  យុវជន និងកីឡា   រូបភាពពី៖  ក្រសួងអប់រំ យុវជន  និងកីឡា

នាពិធី​បើក​វគ្គបណ្តុះបណ្តាល លោក ថោង បូរ៉ាន់ បានគូសបញ្ជាក់បែបនេះ ៖ «ការអប់រំតាមបែបស្ទែម មានបំណងផ្ដល់របៀបរៀនបែបពហុគំនិត ដែលដោះស្រាយបញ្ហាក្នុងមេរៀន ដោយរួមបញ្ចូលមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ រួមទាំងការអនុវត្តផងដែរ។ ការបង្រៀនបែបនេះបង្កើតបាននូវបរិស្ថាននៃការសិក្សា ដែលសិស្សអាចអង្កេត ដោះស្រាយបញ្ហា ដោយរិះរកភ័ស្តុតាងបែបវិទ្យាសាស្ត្រ តាមរយៈការពន្យល់បាតុភូតិធម្មជាតិផ្ដោតលើកត្តាបរិស្ថាន សង្គមរស់នៅ អារម្មណ៍ កត្តារូបសាស្ត្រ ការចែករំលែក និងការចូលរួមពីសំណាក់សាលារៀន គ្រួសារ និងសហគមន៍ផ្ទាល់តែម្តង»។ 
 
ការរៀនបែបស្ទែម ជារបៀបអង្កេតលើបាតុភូតធម្មជាតិ ដែលសិស្សបានជួបប្រទះក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ដោយការពន្យល់ ឬបកស្រាយតាមបែបវិទ្យាសាស្ត្រ គឺដើម្បីឆ្ពោះទៅរកការបង្កើតផលិតផលថ្មី ឬពន្យល់ពីបាតុភូតិធម្មជាតិដោយប្រើប្រាស់អន្តរមុខវិជ្ជាក្នុងការដោះស្រាយបញ្ហា តាមរយៈការផ្សារភ្ជាប់ចំណេះដឹង និងបទពិសោធដែលមានពីមុននឹងបាតុភូតនៅក្នុងបញ្ញតិ្តគោល នៃលំនាំការរៀន ហើយការបង្រៀនមានវិមាត្របី គឺបញ្ញតិ្តគោល អន្តរមុខវិជ្ជា និងការអនុវត្តផងដែរ៕
 

Tag:
 វិស័យអប់រំ
 
© រក្សាសិទ្ធិដោយ thmeythmey.com