សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្សីនឹងចាយ៥០០លានដុល្លារពង្រីកការផលិតយន្តហោះក្នុងស្រុក ដើម្បីជំនួសយន្តហោះលោកខាងលិច
26, Jun 2023 , 2:29 pm        
រូបភាព
យន្តហោះប្រភេទ Tupolev Tu-214 របស់រុស្ស៊ី ។ រូបភាពពី Wikimedia Commons ។
យន្តហោះប្រភេទ Tupolev Tu-214 របស់រុស្ស៊ី ។ រូបភាពពី Wikimedia Commons ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយថា រុស្ស៊ីនឹងវិនិយោគជិត ៤២ពាន់លានរូប្លិ (៥០០លានដុល្លារ) ដើម្បីកែលម្អ និងពង្រីកការផលិតយន្តហោះប្រភេទ Tupolev Tu-214 ដើម្បីបំពេញតម្រូវការក្នុងស្រុក ជាពិសេសសម្រាប់ជំនួសយន្តហោះរបស់ក្រុមហ៊ុនលោកខាងលិចមាន Airbus, Boeing ជាដើម ។

 
ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចនៅរោងចក្រផលិតយន្តហោះកាលពីសប្តាហ៍មុន លោក Mishustin បាននិយាយថា រុស្ស៊ីនឹងវិនិយោគជិត ៤២ពាន់លានរូប្លិ (៥០០លានដុល្លារ) ដើម្បីកែលម្អ និងពង្រីកការផលិតយន្តហោះ Tupolev Tu-214។ នេះបើតាមសារព័ត៌មានរុស្ស៊ី azerbaycan24 ។
 
យន្តហោះប្រភេទ Tu-214 ជា​យន្តហោះ​ម៉ាស៊ីន​ភ្លោះ​រាង​តូច​ចង្អៀត​ទំនើប​ដែលមានសមត្ថភាពហោះហើរបានចម្ងាយ ​៦៥០០​គីឡូម៉ែត្រ និង​ផ្ទុក​អ្នកដំណើរ​បាន ​២១០​នាក់​។ យន្តហោះនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដើម្បីជំនួសប្រភេទ Tu-154 ដែលជាយន្តហោះដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងអតីតសហភាពសូវៀត និងរុស្ស៊ីពីទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ដើមទសវត្សរ៍ឆ្នាំ ២០០០ ។
 
រុស្ស៊ី​បាន​ព្យាយាម​អភិវឌ្ឍ​យន្តហោះ​ដើម្បី​ជំនួស​យន្តហោះ​ដែល​បាន​នាំចូល ចាប់​តាំងពី​លោកខាងលិច​ដាក់​ទណ្ឌកម្ម​លើ​អ៊ុយក្រែន។ ក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតចំនួនពីររបស់ពិភពលោកគឺ Boeing និង Airbus ត្រូវបានបង្ខំឱ្យបញ្ឈប់ការផ្តល់គ្រឿងបន្លាស់ ការថែទាំ និងជំនួយបច្ចេកទេសដល់ក្រុមហ៊ុនអាកាសចរណ៍ ឬក្រុមហ៊ុនថែទាំយន្តហោះរុស្ស៊ី។
 
ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់រុស្ស៊ី Aeroflot មើលឃើញថា Tu-214 ជាប្រភេទយន្តហោះដ៏មានសក្តានុពល ហើយគ្រោងនឹងទិញយន្តហោះទាំងនេះចំនួន ៤០គ្រឿងនៅឆ្នាំ ២០៣០ ។ យន្តហោះនេះមានដំណើរការជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកតូចៗចំនួនពីររួចមកហើយ  ទន្ទឹមនេះ Aeroflot បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនផលិត ដើម្បីធ្វើទំនើបកម្ម និងកែលម្អការរចនាយន្តហោះផងដែរ។
 
យោងតាមរដ្ឋាភិបាលរុស្ស៊ី យ៉ាងហោចណាស់នឹងត្រូវចំណាយពេលប្រាំឆ្នាំសម្រាប់ប្រទេសនេះ ដើម្បីបង្កើតការផលិតយន្តហោះក្នុងស្រុកយ៉ាងច្រើនដើម្បីជំនួសយន្តហោះបរទេស៕
 

Tag:
 រុស្ស៊ី
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com