ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
បោះឆ្នោត
គណៈកម្មការជំនាញព្រឹទ្ធសភា ពិនិត្យសេចក្តីព្រាងកែច្បាប់បោះឆ្នោត
26, Jun 2023 , 2:59 pm        
រូបភាព
លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការជំនាញទី៦របស់ព្រឹទ្ធសភា និងលោក សុខ ឥសាន ប្រធានគណៈកម្មការជំនាញទី៤ ដឹកនាំកិច្ចប្រជុំរួមគ្នា លើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
លោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការជំនាញទី៦របស់ព្រឹទ្ធសភា និងលោក សុខ ឥសាន ប្រធានគណៈកម្មការជំនាញទី៤ ដឹកនាំកិច្ចប្រជុំរួមគ្នា លើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ
ក្រោយពិនិត្យសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតរួចជាលើកដំបូង គណៈអចិន្រ្តៃព្រឹទ្ធសភា ក៏ហុចទៅឲ្យគណៈកម្មការជំនាញរបស់ខ្លួន យកទៅពិនិត្យបន្ថែម និងសិក្សាលម្អិត។
នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មការជំនាញ២របស់ព្រឹទ្ធសភា គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ដែលគណៈកម្មការទី៦ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិកាកិច្ច និងមុខងារសាធារណៈ ដែលជាគណៈកម្មការទី៤ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាលើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។


 
លោក ម៉ម ប៊ុននាង សមាជិក និងអ្នកនាំពាក្យព្រឹទ្ធសភា ប្រាប់ពីនីតិវិធីថា ក្រោយពិនិត្យចប់ គណៈកម្មាធិការជំនាញ នឹងប្រគល់សេចក្តីព្រាងនេះ ទៅគណៈអចិន្រ្តៃយ៍វិញ។ លោក បន្តថា គណៈអចិន្រ្តៃយ៍ នឹងបើកកិច្ចប្រជុំលើកទី២ នៅព្រឹកថ្ងៃ២៨មិថុនា ដើម្បីកំណត់កាលបរិច្ឆេទ សម្រាប់ការបើកកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក អះអាងដូច្នេះថា៖«ពេលកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា អនុម័តហើយ សេចក្តីព្រាងនេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភាវិញ»។ 
អ្នកនាំពាក្យព្រឹទ្ធសភា បន្ថែមថា បើសេចក្តីព្រាងវិសោធនកម្មនេះ ត្រូវតម្រូវឲ្យឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា នឹងបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្តីព្រាងច្បាប់ នឹងក្លាយជាច្បាប់ នៅពេលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ។
 
កាលពីព្រឹកថ្ងៃទី២៣មិថុនា រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ។ មាត្រាថ្មី ដែលត្រូវបានសរសេរចូលទៅក្នុងច្បាប់បោះឆ្នោត មានខ្លឹមសារជារួមថា អ្នកដែលមិនទៅបោះឆ្នោត នឹងមិនមានសិទ្ធិឈរជាបេក្ខជនឲ្យគេបោះឆ្នោត នៅពេលក្រោយឡើយ។ 
 
អ្នកដែលផ្តើមគំនិតឲ្យធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោត គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រសួង២ គឺក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ជាសេនាការរបស់ប្រមុខរដ្ឋាភិបាល ក្នុងការរៀបចំធ្វើសេចក្តីព្រាងសោធនកម្មច្បាប់នេះ។ ផ្អែកតាមការប្រកាសជាសាធារណៈរបស់ប្រមុខរដ្ឋាភិបាល សេចក្តីព្រាងនេះ នឹងត្រូវក្លាយជាច្បាប់ មុនការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕  
 

Tag:
 ច្បាប់បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com