ជាតិ
ទីលានចាក់សំរាម តម្លៃជាង៤.៦លានដុល្លារ នៅខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យដំណើរការ
× ទីលានទុកដាក់សំរាមក្នុងខេត្តកំពង់ធំ តម្លៃជាង ៤.៦លានដុល្លារអាម៉េរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននៅថ្ងៃទី២៦ ខែមិថុនានេះ។ ប្រភពដដែលបញ្ជាក់ថា ទីលានចាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដីជិត១៥ហិកតា ក្នុងចំណោមផ្ទៃដីសរុប ជាតិ២០ហិកតា ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ដែលជាអធិបតីក្នុងពិធីនេះ បានលើកឡើងថា ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសបែបនេះ ពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់ពលរដ្ឋក្នុងតំបន់នេះ និងនៅតំបន់ជុំវិញ ជាពិសេស កាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន។
បើតាមលោក ស៊ុន ចាន់ថុល ទីលានទុកដាក់សំរាមនេះ ជាគម្រោងមួយនៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារ ADB។ ការស្ថាបនាបានចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយចំណាយទឹកប្រាក់ ៤ ៦២៩ ៣៩៩ដុល្លារអាម៉េរិក។
ទីលានទុកដាក់សំរាមនេះ មានប្រវែង ទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ និងជម្រៅ ២ម៉ែត្រ ដែលអាចអនុញ្ញាឱ្យ ប្រជាជនប្រមាណ ៣៦ ៤៧៨នាក់ នៅជុំវិញទីរួមខេត្តកំពង់ធំប្រើប្រាស់បានរយៈពេល២០ឆ្នាំ។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គិតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ម៉ែត្រគូប៕
Tag:
ទីលានទុកដាក់សំរាមខេត្តកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com