កីឡាអន្តរជាតិ
អន្តរជាតិ
Messi រំឭកពីការខកចិត្តមិនអាចលើកពាន Champions League នៅ PSG
27, Jun 2023 , 8:29 am        
រូបភាព
Lionel Messi បានរំឭកដល់ពេលវេលាដែលរូបគេបានចាប់ផ្តើមលេងនៅអតីតក្លិប Paris Saint Germain ថាមានភាពតានតឹងខ្លាំង ដោយរងបរាជ័យក្នុងការប្រជែងក្នុងក្របខណ្ឌ Champions League ២រដូវកាលជាប់គ្នា និងធ្វើឱ្យពួកគេមានការខកចិត្តខ្លាំងយ៉ាងខ្លាំង។



«ខ្ញុំបានទៅកាន់ប៉ារីស ព្រោះតែខ្ញុំចូលចិត្តក្លិបនោះ ក៏ព្រោះតែខ្ញុំមានមិត្តភក្កិច្រើននាក់ ហើយវាមើលទៅពិតងាយស្រួលសម្រាប់ខ្ញុំក្នុងការសម្របខ្លួននៅក្នុងការលេង សម្រាប់គោលដៅថ្មីមួយ។ តែធាតុពិត វាពិតជាតានតឹងខ្លាំងណាស់ វាពិបាកខ្លាំងក្នុងការសម្របខ្លួនជាងអ្វីខ្ញុំបានរំពឹងទុក ជាមួយនឹងគម្រោងការប្រកួត មិត្តរួមក្រុមថ្មី ទីក្រុងថ្មី។»។ Messi បានប្រាប់ទៅកាន់ BeIN sports ក្នុងកិច្ចសម្ភាសនាថ្ងៃទី២៥​ ខែមិថុនា បែបនេះ។
  


Messi បញ្ជាក់ថាខ្លួនខកចិត្តខ្លាំងនៅពេល PSG ប្រកួតក្នុងពានរង្វាន់ Champions League រងបរាជ័យក្រោមថ្វីជើងក្រុម Real Madrid ក្នុងឆ្នាំ ២០២២ និង Bayern Munich ឆ្នាំ ២០២៣។
 
កីឡាករវ័យ ៣៦ឆ្នាំ កាលនោះបានចូលរួមជាមួយ PSG នៅក្នុងឆ្នាំ ២០២១ បន្ទាប់ពីរួមរស់រយៈពេល ១៧រដូវកាលនៅក្រុម Barcelona ប៉ុន្តែពេលនេះកីឡាសញ្ជាតិអាហ្សង់ទីនបានផ្លាស់ទៅកាន់ក្លិប Inter Miami នៃក្របខណ្ឌ ​Major league Soccer ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ចាប់តាំងពីចាក់ចេញពី PSG។
 
រដូវកាលដំបូងសម្រាប់ Messi ជាមួយ PSG រូបគេរកបាន ១១គ្រាប់សម្រាប់ក្រុម ពីការប្រកួតចំនួន ៣៤លើក វាក្លាយជារឿងដ៏ពិបាកក្នុងការសម្របខ្លួនសម្រាប់ Messi បន្ទាប់ពីវិបត្តិកូវីដ-១៩ អំឡុងពេលរដូវរងារក្នុងប្រទេសអាហ្សង់ទីន។ បញ្ហាកូវីដ-១៩ បានធ្វើឱ្យ Messi ខកខានពី​ការប្រកួតរយៈពេល ១ខែ។
 
យ៉ាងណា Messi រកឃើញទម្រង់លេងខ្លួនបានល្អខ្លាំងឡើងវិញអំឡុងពេលចាប់ផ្តើមយុទ្ធនាការពានរង្វាន់ World Cup 2022 នៅប្រទេសកាតា។ Messi បាននិយាយទាក់ទងបញ្ហាទម្រង់លេងដូច្នេះថា ៖ «វាទាមទារខ្ញុំនូវពេលវេលា ដើម្បីរកឃើញទម្រង់លេងដ៏ល្អមួយឡើងវិញ វាមិនមែនជាលេសឡើយ ប៉ុន្តែលេងនៅ World Cup ជាតួនាទីសំខាន់ អ្នកខ្លះវិលត្រលប់មកវិញបន្ទាប់ពីនេះ អ្នកខ្លះរងរបួស ដូចជា Neymar។ ខ្ញុំគិតថា ជាទូទៅកម្រិតនៃ Ligue 1 និង Champions League ត្រូវបានប៉ះពាល់ដោយ World Cup។»៕
 

Tag:
 Lionel Messi
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com