កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ដាក់តម្លៃទិញផ្តាច់កិច្ចសន្យារបស់ Gundogan ​ជាង៤០០លាដុល្លារ
27, Jun 2023 , 2:29 pm        
រូបភាព
ក្រុម Barcelona បានចុះកិច្ចសន្យានាំយកកីឡាករខ្សែបម្រើ Ilkay Gundogan ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកីឡាករសញ្ជាតិអាល្លឺម៉ង់ សម្រេចចិត្តចែកផ្លូវជាមួយ Manchester City ក្រុមម្ចាស់ជើងឯក Champions League និង Primier League រដូវកាលមុន។



បើតាមការប្រកាសពីសំណាក់ក្លិប Barcelona ស្ថិតនៅក្នុងលីគ La Liga ថ្ងៃទី២៦ ខែមិថុនា ខ្សែបម្រើ Gundogan យកព្រមចុះកិច្ចសន្យា ២ឆ្នាំជាមួយនឹងក្រុមរហ័សនាមអ្នកមានបុណ្យ។ 
កីឡាករវ័យ ៣២ឆ្នាំ ទទួលបានកិច្ចសន្យាលេងឱ្យក្រុមយក្សរបស់អេស្ប៉ាញរហូតដល់ឆ្នាំ ២០២៥ ជាមួយនឹងជម្រើសបន្តបន្ថែមនៅឆ្នាំបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ Barca ក៏បាននិយាយបន្ថែមចំពោះកិច្ចសន្យារបស់ Gundogan ដែរថាពួកគេបានរួមបញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់មានតម្លៃប្រមាណ ៤០០លានអឺរ៉ូ(៤៣៥,៧២លានដុល្លារ)។
  


កីឡាករសញ្ជាតិអាល្លឺម៉ង់ ចាកចេញពីក្រុម Man City បន្ទាប់ពីបានជួយក្រុមជើងខ្លាំងអង់គ្លេសគ្រងជើងឯកពានរង្វាន់ ៣ ក្នុងមួយរដូវកាល Premier League, FA Cup និង Champions League។ នៅជាមួយនឹង Man City រយៈកាល ៧ ឆ្នាំតាំងពីឆ្នាំ ២០១៦ Gundogan បង្ហាញពីសមត្ថភាពនៅក្នុងប្រទេសអង់គ្លេស ដោយគេរកបានពានរង្វាន់ចំនួន ១៤ បូករួមទាំងពានរង្វាន់ Premier League ចំនួន ៥។
 
Gundogan ត្រូវបានលោក Pep Guardiola ដែលជាអតីតគ្រូបង្វឹក Barcelona មួយរូបនាំយកគេទៅចូលរួម Man City ក្នុងឆ្នាំ ២០១៦ បើទោះជាកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះនៅរដូវកាលដំបូងត្រូវខកខានចូលរួមហ្វឹកហាត់ជាមួយក្រុមដោយសារតែរងរបួស ក្រោយផ្លាស់មកពីក្រុម Borussia Dortmund។


 
២ រដូវកាលចុងក្រោយបំផុត កីឡាករវ័យ ៣២ឆ្នាំ បង្ហាញថាគេជាមនុស្សសំខាន់នៅក្នុងក្រុម Man City ដោយគេតែងតែរកបានគ្រាប់បាល់ជួយក្រុមដណ្តើមបានពានរង្វាន់នានា។ Gundogan ចាកចេញពី Man City បន្ទាប់ពីបានបង្ហាញខ្លួនលេងប្រមាណជាង ៣០០ប្រកួត រកបានគ្រាប់បាល់ ៦០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៤០លើករាល់គ្រប់ការប្រកួត។
 
បទពិសោធន៍របស់គេនឹងក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ក្រុម Barca របស់លោក Xavi បន្ទាប់ពីកីឡាករខ្សែបម្រើជើងចាស់ប្រចាំក្រុម Sergio Busquets បានចាកចេញពីក្រុមនាចុងបញ្ចប់រដូវកាល ២០២២-២៣ ក្រោយរួមរស់រយៈពេល ១៨ឆ្នាំជាមួយជើងខ្លាំងស្ថិតក្នុងតំបន់ Catalan។ កាលពីរដូវកាលមុន Barcelona បានឈ្នះពានរង្វាន់ La Liga ប៉ុន្តែពួកគេបានបរាជ័យនៅក្នុងពានរង្វាន់អឺរ៉ុបទាំង Champions League និង Europa League៕
 


Tag:
 Barcelona
  Ilkay Gundogan
© រក្សាសិទ្ធិដោយ thmeythmey.com