អន្តរជាតិ
​លោក​ Modi ​បញ្ចប់​ទស្សន​កិច្ច​នៅ​វ៉ាស៊ីនតោន​ដោយ​អំពាវនាវ​ដល់​បណ្តា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា
27, Jun 2023 , 4:09 pm        
រូបភាព
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ថ្លែងសុន្ទរកថា ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោក Modi មកកាន់រដ្ឋធានីវ៉ាស៊ីនតោន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ថ្លែងសុន្ទរកថា ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោក Modi មកកាន់រដ្ឋធានីវ៉ាស៊ីនតោន
ដោយ: VOA
ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​លោក​ Joe Biden ​បាន​ទទួល​ស្វាគមន៍​លោក ​Modi ​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២២ ​ខែ​មិថុនា ​ដោយ​ប្រកាស​ថា ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ «កំពុង​រីក​ចម្រើន»។ លោក​ប្រកាស​ដូច្នេះ​ ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប្រហែល​ ២ ​ម៉ោង​កន្លះ។ ពាណិជ្ជកម្ម​បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។​



លោក ​Biden ​និង​លោក​ Modi ​បាន​ជួយ​ប្រជុំ​ជាមួយ​បណ្តា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នានា​រួម​មាន​លោក​ Tim Cook ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Apple ​លោក​ Sundar Pichai ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Google ​និង​លោក​ Satya Nadella ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Microsoft។​
 
សេតវិមាន​ថា លោក ​Sam Altman​ នាយក​ប្រតិបត្តិក្រុមហ៊ុន OpenAI ​លោក Sunita Williams ​អវកាសយានិក​ទីភ្នាក់ងារ​ NASA ​និង​មេដឹកនាំ​បច្ចេកវិទ្យា​ឥណ្ឌា រួម​មាន​លោក​ Anand Mahindra ​ប្រធាន​ក្រុមហ៊ុន ​Mahindra Group ​និង ​លោក​ Mukesh Ambani ​ប្រធាន​ក្រុមហ៊ុន​ Reliance Industries ​ក៏​មាន​វត្តមាន​ផង​ដែរ។​
 
លោក ​Biden​ បាន​ប្រាប់​ក្រុម​អ្នក​ចូលរួម​ថា ​«​តាម​ទស្សនៈ​របស់​ខ្ញុំ​ ភាព​ជា​ដៃគូ​របស់​យើង​រវាង​ឥណ្ឌា ​និង​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​ទៅ​មុខ​ដ៏​វែង​ឆ្ងាយ​ដើម្បី​កំណត់​អនាគត​នៃ​សតវត្សទី២១»។ ​លោក​បាន​បន្ថែម​ថា​ កិច្ច​សហ​ប្រតិបត្តិការ​បច្ចេក​វិទ្យា​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​ភាព​ជា​ដៃគូ​នោះ។​
 
ដោយ​សង្កេត​ឃើញ​ថា​ មាន​តំណាង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ជាច្រើន​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ​រាប់​ចាប់​ពី​ក្រុមហ៊ុន​បង្កើត​ថ្មី ​រហូត​ដល់​ក្រុមហ៊ុន​ល្បីៗ​នោះ​ លោក​ Modi ​បាន​ថ្លែង​ថា​ «មេដឹកនាំ​ទាំង​ពីរ​កំពុង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បង្កើត​មុខមាត់​ថ្មី​សម្រាប់​ពិភពលោក»។​
 
លោក ​Modi ​ដែល​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ក្នុង​ពិភពលោក​ឱ្យ ​«ធ្វើ​ការ​ផលិត​នៅ​ប្រទេស​ឥណ្ឌា»​នោះ​ ក៏​ថ្លែង​ទៅ​កាន់​មេ​ដឹកនាំ​ជំនួញ​ក្នុង​កម្មវិធី​ Kennedy Center for Performing Arts ​នៅ​មជ្ឈមណ្ឌល​ Kennedy ផង​ដែរ។​
 
បណ្តា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាមេរិក​កំពូលៗ ​រួម​មាន​ក្រុមហ៊ុន​ FedEx​ ក្រុមហ៊ុន ​MasterCard ​និង​ក្រុមហ៊ុន​ Adobe ​ស្ថិត​ក្នុង​ចំណោម​អ្នក​ចូលរួម​ចំនួន ​១.២០០ ​នាក់។
 
មិន​មែន​ពិភាក្សា​អំពី​ប្រទេស​ចិន​នោះ​ទេ​

របៀបវារៈ​នៅ​ពី​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Modi ​គឺ​ជា​ការ​ប៉ុនប៉ង​របស់​រដ្ឋបាល​លោក​ Biden​ ក្នុង​ការ​ទាក់ទាញ​ឱ្យ​មាន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធជាមួយ​ឥណ្ឌា ​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​គឺ​ចំនួន ​១​ពាន់៤០០​លាន​នាក់ ​និង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី៥ ​ ​ចំ​ពេល​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​កំពុង​កើន​ឡើង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​
 
លោក ​Modi ​មិន​បាន​លើក​ឡើង​ពី​ប្រទេស​ចិន​ដោយ​ចំៗនោះ​ទេ​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ ​ហើយ​លោក​ Biden គ្រាន់​តែ​លើក​ឡើង​ពី​ប្រទេស​ចិន​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ប៉ុណ្ណោះ​ ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​រួម​មាន​ការ​លើក​ឡើង​ពី​សមុទ្រ​ចិន​ខាង​កើត ​និង​ខាង​ត្បូង​ ដែល​ចិន​មាន​ជម្លោះ​ទឹក​ដី​ជាមួយ​ប្រទេស​ជិត​ខាង។​
 
នាយក​ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង​នៅ​វិទ្យាស្ថាន​គោល​នយោបាយ​សង្គម​អាស៊ី ​អ្នកស្រី ​Farwa Aamer ​បាន​ពិពណ៌នា​នៅ​ក្នុង​កំណត់​សម្គាល់​វិភាគ​មួយ​ថា​ នេះ​ជា​«សញ្ញា​ច្បាស់លាស់​នៃ​ការ​រួបរួម ​និង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ការពារ​ស្ថិរភាព ​និង​សន្តិភាព​ក្នុង​តំបន់»។​
 
ក្រៅពី​កិច្ច​ព្រមព្រៀង​លក់​សព្វាវុធ​ទៅ​ឱ្យ​ឥណ្ឌា ​និង​ចែក​រំលែក​បច្ចេកវិទ្យា​យោធា​ដ៏​រសើប​ ​សេចក្តី​ប្រកាស​កាលពី​សប្តាហ៍​មុន​ក៏មាន​និយាយ​ពីការ​វិនិយោគ​ជាច្រើន​ពី​ក្រុមហ៊ុន​អាមេរិក​ក្នុង​គោល​បំណង​ជំរុញ​ការ​ផលិត​បន្ទះ​អេឡិចត្រូូនិក​semiconductor ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​ឥណ្ឌា​លើ​ប្រទេស​ចិន​សម្រាប់​គ្រឿង​អេឡិចត្រូនិក។​
 
អ្នក​នាំ​ពាក្យ​ផ្នែក​សន្តិសុខ​ជាតិ​នៅ​សេតវិមាន ​លោក​ John Kirby ​បាន​ថ្លែង​ថា ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ប្រទេស​ចិន​ចំពោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ ស្ថិត​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ ​ប៉ុន្តែ​ទទូច​ថា ​ដំណើរ​ទស្សន​កិច្ច​នេះ​«មិន​មែន​ពិភាក្សា​អំពី​ប្រទេស​ចិន​ទេ»។​
 
លោក ​Kirby ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា ​«នេះ​មិន​មែន​ជា​ការ​បង្ខិតបង្ខំ​ឥណ្ឌា​ឱ្យ​ក្លាយ​ជា​ប្រទេស​សម្រាប់​ការ​ទប់ទល់​នោះ​ទេ។ ​ឥណ្ឌា​គឺ​ជា​រដ្ឋ​អធិប​តេយ្យភាព ​និង​ឯករាជ្យ»។ ​លោក​បាន​បន្ថែម​ទៀត​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទទួល​ស្វាគមន៍​ឥណ្ឌា​ដែល​ក្លាយ​ជា​«អ្នក​នាំ​មុខ​ផ្នែក​សន្តិសុខ​នាំចេញ» ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។​
 
លោក ​Kirby ​បាន​ថ្លែង​ថា ​«មាន​រឿង​ជាច្រើន​ដែល​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ក្នុង​វិស័យ​សន្តិសុខ ​ ហើយ​នោះ​ពិត​ជា​អ្វី​ដែល​យើង​ផ្តោត​ជា​សំខាន់»។​
 
ទោះ​ជា​យ៉ាងណា​ អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​ចោទ​សួរ​ពី​ឆន្ទៈ​របស់​ឥណ្ឌា​ក្នុង​ការ​ក្រោក​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​បញ្ហា​កោះ​តៃវ៉ាន់ ​និង​បញ្ហា​ផ្សេងៗ​ទៀត។ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ខក​ចិត្ត​ផង​ដែរ​ចំពោះ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​របស់​ឥណ្ឌា​ជាមួយ​រុស្ស៊ី ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​កំពុង​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន។
ទំនាក់ទំនង​នឹង​ប្រទេស​កំណើត​
 
លោក ​Modi ​បាន​ចូលរួម​អាហារ​ថ្ងៃត្រង់​កាលពី​ថ្ងៃសុក្រ ​ទី២៣ ​ខែមិថុនា ​នៅ​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​ជាមួយ​អនុប្រធានាធិបតី​អាមេរិក ​អ្នកស្រី ​Kamala Harris​ ដែល​ជា​ជនជាតិ​អាមេរិក​អាស៊ី​ដំបូង​គេ​ដែល​កាន់​តំណែង​លំដាប់​ទី២​នៅ​សេតវិមាន​ និង ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ Antony Blinken។​
 
ក្នុង​ការ​អបអរ​មួយ ​អ្នកស្រី ​Harris ​បាន​ថ្លែង​អំពី​ម្តាយ​របស់​អ្នកស្រី​កើត​នៅ​ឥណ្ឌា​តែ​បាន​អនិច្ចកម្ម​ទៅ​ហើយ​ មាន​ឈ្មោះ​ Shyamala Gopalan។ ​គាត់​បាន​មក​សហរដ្ឋ​អាមេរិក​ពេល​មាន​អាយុ​១៩ ​ឆ្នាំ ​និង​បាន​ក្លាយ​ជា​អ្នក​ស្រាវជ្រាវ​ជំងឺ​មហារីក​សុដន់​ឈាន​មុខ​គេ។
 
អ្នកស្រី ​Harris ​បាន​ថ្លែង​ថា ​«ខ្ញុំ​គិត​អំពី​រឿង​នេះ​ក្នុង​បរិបទ​និស្សិត​ឥណ្ឌា​រាប់​លាន​នាក់​ដែល​បាន​មក​សហ​រដ្ឋ​អាមេរិក​តាំង​ពី​ពេល​នោះ​មក ​ដើម្បី​សហការ​ជាមួយ​អ្នក​ស្រាវជ្រាវ​អាមេរិក​ ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​សម័យ​កាល​របស់​យើង ​និង​ដើម្បី​ឈាន​ទៅ​ដល់​ជោគជ័យ​ថ្មីៗ»។​
 
លោក Modi បាន​សរសើរ​អ្នកស្រី ​Gopalan ​សម្រាប់​ការ​ទុក​ប្រទេស​ឥណ្ឌា​«ក្នុង​បេះដូង​របស់​អ្នកស្រី» ​ទោះ​បី​ជា​វា​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​ថ្មី​របស់​អ្នកស្រី​ក៏​ដោយ ​និង​បាន​ហៅ​អ្នកស្រី​ Harris ថា​ «ជា​អ្នក​ជំរុញ​ទឹក​ចិត្ត​ដ៏​ខ្លាំងក្លា​មួយ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com