កីឡាអន្តរជាតិ
អន្តរជាតិ
Messi ថាឈប់ផ្តោតលើការបំបែកកំណត់ត្រារបស់ Ronaldo ខណៈវ័យកាន់តែច្រើន
28, Jun 2023 , 10:29 am        
រូបភាព
Lionel Messi ឈប់ផ្តោតលើការបំបែកកំណត់ត្រារបស់កីឡាករគូប្រជែង Cristiano Ronaldo ស្របពេលរូបគេឈានដល់វ័យកាន់តែច្រើន និងកៀកនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ប្រាប់ទូរទស្សន៍ BeIN Sports ដូច្នេះ។



នាកិច្ចសម្ភាសមួយជាមួយនឹងទូរទស្សន៍ BeIN Sports កាលពីពេលថ្មីៗនេះ កីឡាករវ័យ ៣៦ឆ្នាំ ត្រូវបានគេសួរនាំអំពីការបំបែកកំណត់ត្រារបស់ Cristiano Ronaldo ប៉ុន្តែអ្វីដែលកីឡាសញ្ជាតិអាហ្សង់ទីនបានឆ្លើយប្រាប់នោះគឺ គេមិនបានផ្តោតអារម្មណ៍លើការអបអរសាទរផ្ទាល់ខ្លួន ក៏ដូចជាកំណត់ត្រាទាំងអស់នោះទៀតឡើយ។
 
Messi និយាយថា ៖ «ទេ! វាមានតែបន្តិចបន្តួចប៉ុណ្ណោះ ដូចដែលខ្ញុំបាននិយាយពីមុនមកអ៊ីចឹង នៅដំណាក់កាលនេះនៃអាជីពរបស់ខ្ញុំ ខ្ញុំមិនបានផ្តោតលើរឿងទាំងនេះទៀតឡើយ។ ខ្ញុំផ្តោតតែលើអ្វីដែលខ្ញុំទទួលបានជាមួយនឹងក្រុមអាហ្សង់ទីន និងកម្រិតនៃក្លិបដែលជាទីកន្លែងខ្ញុំមានសំណាងបំផុតក្នុងការឈ្នះពានរង្វាន់សំខាន់ៗដូចជា UCL ឬ World Cup, Club World Cup, League និងពានផ្សេងៗ។»។
 
ប្រធានក្រុមអាហ្សង់ទីនម្ចាស់ជើងឯក World Cup 2022 បានអះអាងបន្ថែមថា រូបគេមានសំណាងដែលឈ្នះពានរង្វាន់ទាំងអស់លើពិភពលោក ហើយគោលបំណង ក៏ដូចជាកំណត់ត្រា អតីតកីឡាករក្រុម Barcelona រូបនេះចាត់ទុកជារឿងរ៉ាវបន្ទាប់បន្សំពីការឈ្នះពានរង្វាន់សម្រាប់ក្រុមនឹងជម្រើសជាតិតែប៉ុណ្ណោះ។
 
Messi បានលើកពានរង្វាន់ World Cup 2022 ជាមួយអាហ្សង់ទីននៅក្នុងទឹកដីប្រទេសកាតា ដោយប្រកួតយកឈ្នះលើបារាំងនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តី ១១ម៉ែត្រចំនួន ៤-២ ក្រោយលទ្ធផលស្មើ ១២០នាទី ៣-៣។ Messi ធ្លាប់រងការបាក់ទឹកចិត្តក្នុងការប្រកួតបន្ទាប់ពីរូបគេរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ ២០១៤ ប៉ុន្តែជាបន្តបន្ទាប់កីឡាកររូបនេះ បន្តអភិវឌ្ឍខ្លួនល្អឡើងវិញរហូតអាចឈ្នះពានរង្វាន់ធំៗទាំងលំដាប់អន្តរជាតិ និងលំដាប់កម្រិតក្លិបកំពូល។
 
គួររំលឹកដែរថា Messi នឹងត្រូវបន្តអាជីពលេងនៅទឹកដីប្រទេសអាម៉េរិកក្នុងក្របខណ្ឌ Major League Soccer ដោយលេងឱ្យក្រុម Inter Miami ជាមួយនឹងកិច្ចសន្យារយៈពេល ២ឆ្នាំ កន្លះ៕
 

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com