ជាតិ
លោក ឌិត ទីណា សរសើរគំនិតច្នៃបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុនមួយនៅសៀមរាប
28, Jun 2023 , 1:59 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី​ហ្វេសប៊ុក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានកោតសរសើរដល់ក្រុមហ៊ុនឯកជនមួយ ដែលមានគំនិតបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទី និងចំណាយថវិកាតិច។ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរកគំនិតកែច្នៃឧបករណ៍នេះបន្ថែមទៀត ដើម្បីចែកចាយលើទីផ្សារ។



កាលពីថ្ងៃទី២៦ ខែមិថុនា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី ដែលស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ការចុះពិនិត្យនេះ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងជំរុញការដាំដំណាំដ៏មានសក្តានុពល ឱ្យស្របតាមគោលនយោបាយប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទី។
  
រូបភាពពី​ហ្វេសប៊ុក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្នុងដំណើរទស្សនកិច្ចនេះ លោក ឌិត ទីណា បានសរសើរចំពោះគំនិតច្នៃប្រឌិតបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទីរបស់បុគ្គលិកក្រុមហ៊ុន ដែលចំណាយថវិកាក្នុងការកែច្នៃតិច។ បើតាមហ្វេសប៊ុកក្រសួងកសិកម្ម ឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទីនេះ ផ្តល់ភាពងាយស្រួល រហ័ស និងប្រសិទ្ធភាពខ្ពស់ បើធៀបនឹងឧបករណ៍ដែលម្ចាស់ដំណាំស្វាយចន្ទីដទៃបញ្ជាទិញពីប្រទេសជិតខាង។
 
រដ្ឋមន្រ្តីកសិកម្មរូបនេះ ក៏ជំរុញឱ្យម្ចាស់កសិដ្ឋានរកគំនិតកែច្នៃឧបករណ៍នេះបន្ថែមទៀត ដើម្បីចែកចាយលើទីផ្សារ។ ជាមួយគ្នានេះ លោក ឌិត ទីណា លើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុនរិះរកវិធីកាត់បន្ថយថ្លៃដើមក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីផងដែរ។
 
សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានប្រកាសចង់ឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី ដោយអាចនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានច្រើនជាងគេនៅលើពិភពលោក។  នៅឆ្នាំ២០២១ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានចំនួន១លាន១សែន៨ម៉ឺនតោន ឈរនៅចំណាត់ថ្នាក់លេខមួយលើពិភពលោក ដោយមិនទាន់គិតពីដំណាំស្វាយចន្ទីដែលទើបដាំ ខណៈប្រទេសកូតឌីវ័រ ផលិតបាន១លាន១សែនតោន និងប្រទេសឥណ្ឌាផលិតបាន៨សែនតោន។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 
 
រូបភាពពី​ហ្វេសប៊ុក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពី​ហ្វេសប៊ុក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Tag:
 កសិកម្ម
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com