កីឡាអន្តរជាតិ
អន្តរជាតិ
Man United រំពឹងកើនចំណូលប្រចាំឆ្នាំ ក្រោយមានមុខនៅ UCL ជាថ្មី
28, Jun 2023 , 3:29 pm        
រូបភាព
ក្លិប Manchester United ថ្ងៃទី២៧ ខែមិថុនា បានព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ដោយរំពឹងថានឹងកើនឡើងរហូតដល់ទៅ ៦៤០លានផោន (៨១៥លានដុល្លារ) នៅរដូវកាលក្រោយ។ ក្តីរំពឹងនេះ ដោយសារក្លិបបិសាចក្រហមមានវត្តមាននៅ UEFA Champions League វិញ និងព័ត៌មានជុំវិញការគ្រប់គ្រងក្លិបរបស់ម្ចាស់ថ្មីដែលកំពុងបន្ត។



ក្លិបរហស្សនាមបិសាចក្រហម ដែលកំពុងតែមានរឿងរ៉ាវដ៏រសើបអំពីការលក់ក្លិប បានឱ្យដឹងថាក្លិបកំពុងតែរំពឹងចំពោះការកើនឡើងនូវប្រាក់ចំណូលប្រចាំឆ្នាំពីចន្លោះ ៦៣០លានផោន (៨០១​,៧លានដុល្លារ) ទៅដល់ ៦៤០លានផោន (៨១៥លានដុល្លារ) បើធៀបទៅនឹងការព្យាករពីមុនរបស់ខ្លួនពីចន្លោះ ៥៩០លានផោន (៧៥១,៣លានដុល្លារ) ទៅដល់ ៦១០លានផោន (៧៧៦,៨លានដុល្លារ)។
  


ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មក ក្រុមគ្រួសារត្រកូល Glazer បានសម្រេចចិត្តប្រកាសពីការលក់ក្លិប Man United ម្ចាស់ជើងឯក Premier League ២០សម័យ ដែលពួកគេបានគ្រប់គ្រងរយៈពេលជាយូឆ្នាំ។ ការលក់ក្លិបបិសាចក្រហមនេះត្រូវបានគេរំពឹងថានឹងក្លាយជាការលក់ក្លិបដែលមានតម្លៃថ្ងៃបំផុតនៅលើពិភពលោក។
 
មកពេលបច្ចុប្បន្ននេះ ការដេញថ្លៃបានដល់ពេលវេលាចុងបញ្ចប់ ដោយមនុស្សជាច្រើនរំពឺងថាលោក Sheikh Jassim bin Hamad al-Thani មកពីប្រទេសកាតាជាមនុស្សដែលបានដេញថ្លៃទិញយកក្លិប Manchester United បាន ១០០ភាគរយ ពីដៃក្រុមគ្រួសារ ​Glazer។ បើតាមចការចុះផ្សាយកន្លងមក តម្លៃនៃការលក់ក្លិបបិសាចក្រហមទៅកាន់លោក Sheikh Jassim ទំនងជាប្រមាណជាង ៦ពាន់លានដុល្លារ។
  


ទោះយ៉ាងណាដំណឹងថ្មីបន្ថែមទាក់ទងទៅនឹងការទិញបានក្លិប Man United គិតមកដល់ថ្ងៃទី២៧​ ខែមិថុនា នៅមិនទាន់ច្បាស់ការនៅឡើយទេ ហើយទីផ្សារភាគហ៊ុនរបស់ក្លិបបានធ្លាក់ចុះប្រមាណ ១,៤ភាគរយនៅលើការជួញដូរមុនទីផ្សារត្រូវបើក។
 
ក្លិបយក្សអង់គ្លេសមួយនេះ ក៏បានបង្កើនការព្យាករណ៍ពីប្រាក់ចំណេញរបស់ខ្លួនថានឹងកើតឡើងពីចន្លោះ ១៤០លានផោន (១៧៨លានដុល្លារ) ទៅដល់ ១៥០លានផោន (១៩១លានដុល្លារ) សម្រាប់ឆ្នាំ ២០២៣-២៤ បើធៀបទៅនឹងការព្យាករណ៍ប្រាក់ចំណេញកាលមុនត្រឹមចន្លោះ ១២៥លានផោន (១៥៩,១លានដុល្លារ) ដល់ ១៤០លានផោន (១៧៨,៣លានដុល្លារ)។
 
ក្លិបបិសាចក្រហមនារយៈកាលចុងក្រោយមកនេះមានការកើនឡើងនៅភាគហ៊ុននៅលើទីផ្សារដោះដូររបស់ពួកគេ ក្រោយពេលមានដំណឹងអំពីការទិញក្លិបជោគជ័យរបស់មហាសេដ្ឋីកាតា Sheikh Jassim ក៏ដូចជាក្លិបបានវិលត្រលប់ទៅកាន់ប្រកួតក្នុងពានរង្វាន់ UEFA Champions League ឡើងវិញនៅរដូវកាល ២០២៣-២៤៕
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com