កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាយុទ្ធគុនចម្រុះ និង E-sports ដាក់បញ្ចូលលើកដំបូងក្នុងការប្រកួត African Game 2023
28, Jun 2023 , 9:29 pm        
រូបភាព
​កីឡាយុទ្ធគុនចម្រុះ (MMA) និងកីឡាអេឡិចត្រូនិក (E-Sports) នឹងត្រូវដាក់បញ្ចូលទៅក្នុងប្រភេទកីឡាសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រជាជាតិអាហ្រ្វិក ឆ្នាំ២០២៣ (African Games) នៅក្នុងប្រទេសហ្គាណា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នករៀបចំកម្មវិធីនាថ្ងៃទី២៦ ខែមិថុនា។



ព្រឹត្តិការណ៍ African Games នឹងធ្វើឡើងនៅក្នុងប្រទេសហ្គាណា នៅក្នុងខែសីហា ឆ្នាំ ២០២៣ ប៉ុន្តែវាត្រូវបានផ្អាក និងលើកពេលវេលាទៅកាន់ខែមីនា ឆ្នាំ ២០២៤ វិញ ដោយមូលហេតុនៃបញ្ហាហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធ។ 
  


មិនត្រឹមមានតែប្រភេទយុទ្ធគុនចម្រុះ និងកីឡា E-sports ឡើយដែលដាក់បញ្ចូលទៅក្នុងការប្រកួត ក្នុងនោះក៏រួមមានប្រភេទកីឡាបន្ថែមដូចជា Speedball, Sambo​ យុទ្ធគុនចម្រុះបែបរុស្ស៊ី, និងកីឡាបាល់ទាត់លើតុ Teqball ប៉ុន្តែប្រភេទកីឡាទាំងនេះសុទ្ធសឹងតែជាប្រភេទកីឡាដាក់បង្ហាញលើកដំបូងទាំងអស់ (Demonstration Sports)។
 
កីឡាយុទ្ធគុនចម្រុះ និង E-sports ក៏ដូចជាកីឡាដាក់បញ្ចូលថ្មីចំនួន ៣បន្ថែម នឹងត្រូវចូលរួមជាមួយប្រភេទកីឡាអូឡាំពិកចំនួន ១៥ផ្សេងទៀត ដែលបានប្រកាសរួចរាល់កាលពីមុនមក។ ប្រភេទកីឡាអូឡាំពិកមួយចំនួនដែលបានដាក់បញ្ជូលក្នុងការប្រកួតនោះ នឹងតម្រូវឱ្យរួមមានការប្រកួតប្រជែងជម្រុះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ តែម្តង។



ព័ត៌មាននៃការដាក់បញ្ចូលនៃកីឡាយុទ្ធគុនចម្រុះទៅក្នុងការប្រកួត African Games 2023 ទទួលបានការសារទយ៉ាងខ្លាំងពីសំណាក់សមាគមកីឡាយុទ្ធគុនចម្រុះពិភពលោក (GAMMA)។ GAMMA មានសមាជិកជាសហព័ន្ធចំនួន ២៤​ នៅក្នុងប្រទេសតំបន់ទ្វីបអាហ្រ្វិក។
 
ការប្រកួតព្រឹត្តិការណ៍ African Games 2023 នឹងត្រូវធ្វើឡើងនៅក្នុងខែមីនា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៣ ឆ្នាំ២០២៤ នៅក្នុងទីក្រុង Accra ប្រទេសហ្គាណា៕


 

Tag:
 African Game 2023​
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com