កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal យកបាន Havertz និងឈានដល់កិច្ចព្រមព្រៀងជាមួយ Rice ដោយចំណាយជាង២០០លានដុល្លារ
29, Jun 2023 , 1:59 pm        
រូបភាព
ក្លិប Arsenal នាថ្ងៃទី២៨ ខែមិថុនា ប្រកាសទទួលបានខ្សែប្រយុទ្ធ Kai Havertz ពី Chelsea ក្នុងតម្លៃ ៦៥លានផោន (៨២,៦៣លានដុល្លារ)។ កាំភ្លើងធំ ក៏នឹងឈានដល់កិច្ចព្រមព្រៀងបន្ថែមទៀតជាមួយខ្សែបម្រើ Declan Rice របស់ West Ham United ដោយមានតម្លៃផ្ទេរជាង ១០៥លានផោន (១៣២លានដុល្លារ)។



ការផ្ទេរលើកីឡាករសញ្ជាតិអាល្លឺម៉ង់ Havertz មិនត្រូវបានបញ្ជាក់តម្លៃច្បាស់លាស់ឡើយពីក្រុម Arsenal ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអង់គ្លេស បានឱ្យដឹងថាក្រុមកាំភ្លើងធំនឹងត្រូវបង់ប្រាក់ប្រមាណ ៦៥លានផោន (៨២,៦៣លានដុល្លារ) ជាមួយនឹងប្រាក់បូកបន្ថែម Add-ons ចំនួន ៥លានផោនបន្ថែម។


 
បន្ទាប់ពីបានផ្លាស់ទៅកាន់ក្រុម Arsenal ជាក្រុមទទួលបានកៅអី Champions League ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ សញ្ជាតិអាល្លឺម៉ង់ និយាយថារូបគេរីករាយខ្លាំងដែលបានចូលរួមជាក្រុមដ៏អស្ចារ្យដូចជាក្រុមកាំភ្លើងធំ។ «វាពិតជាអារម្មណ៍រីករាយខ្លាំងបំផុតសម្រាប់ខ្ញុំដែលបានចូលរួមជាមួយនឹងក្លិបដ៏អស្ចារ្យ និងជាផ្នែកមួយរបស់ក្រុមគ្រួសារ Arsenal។ នេះគឺជាក្លិបដ៏ធំមួយក្នុងប្រវត្តិសាស្ត្រ ហើយខ្ញុំរំពឹងថាយើងនឹងអាចទទួលបាននៅសមិទ្ធិផលច្រើនបន្ថែមទៀត។»។ នេះជាការអះអាងរបស់​ Havertz។ 
 
សម្រាប់លោក Mikel Arteta ដែលជាគ្រូបង្វឹកប្រចាំក្រុមវិញ បានកោតសរសើរអំពីទេពកោសល្យរបស់ Havertz យ៉ាងខ្លាំងចំពោះការបំពេញតួនាទីជាខ្សែប្រយុទ្ធ។


 
«Kai ជាកីឡាករដែលមានគុណភាពខ្ពស់មួយរូប គេមានភាពប៉ិនប្រសប់ និងជាកីឡាករដ៏ឆ្លាតវៃមួយរូប។ គាត់នឹងនាំមកនូវចំនួនដ៏ច្រើននៃកម្លាំងបន្ថែមដល់ខ្សែបម្រើ និងប្រយុទ្ធរបស់យើង និងភាពខុសគ្នានៃការលេងរបស់យើង។»។ លោក Arteta បាននិយាយប្រាប់គេហទំព័រក្លិបបែបនេះ។
 
Havertz បានចូលរួមក្រុម Chelsea កាលពីឆ្នាំ​ ២០២០ ដោយផ្លាស់ពីក្លិប Bayer Leverkusen ដែលជាទីកន្លែងរូបគេបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ។ កាលនោះ Chelsea បានចំណាយប្រាក់ប្រមាណ ៧១លានផោន (៨៩,៧លានដុល្លារ) បូករួមជាមួយនឹងតម្លៃបូកបន្ថែម ហើយរូបគេបានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្ងៃទី២ បន្ថែមពីអ្នកចាំទី Kepa Arrizabalaga ប្រចាំក្លិប Chelsea។
  


កាលនៅទឹកដី Stamford Bridge កីឡាករសញ្ជាតិអាល្លឺម៉ង់បង្ហាញខ្លួនបានប្រមាណ ១៤០ប្រកួតសម្រាប់ Chelsea ដោយរកបានគ្រាប់បាល់ច្រើនជាង ៣០គ្រាប់ និងបានជួយក្រុមឈ្នះពានរង្វាន់ Champions League ក្នុងរដូវកាល ២០២០-២១ ជារដូវកាលដំបូងរបស់គេផ្ទាល់។
 
ក្រៅពីនេះ Arsenal ក៏កំពុងតែឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុម West Ham United លើការផ្ទេរយកខ្សែបម្រើកណ្តាល Declan Rice ក្នុងតម្លៃប្រមាណជាង ១០៥លានផោន (១៣២លានដុល្លារ) បន្ទាប់ពីក្រុម Manchester City បានដកខ្លួនចេញពីការប្រជែងដេញថ្លៃនាំយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះ៕
 
 

Tag:
 Arsenal
  Kai Havertz
© រក្សាសិទ្ធិដោយ thmeythmey.com