កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ដំឡើងប្រាក់រង្វាន់៣ដង ក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup នារី ឆ្នាំ២០២៣
29, Jun 2023 , 8:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ​បានដំឡើងចំនួនប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍ FIFA World Cup នារី ឆ្នាំ២០២៣ លើស៣ដងបើធៀបឆ្នាំ២០១៩។ FIFA នឹងផ្តល់ប្រាក់រង្វាន់ផ្ទាល់ផងដែរទៅកាន់កីឡាការិនី ដោយមិចាំបាច់ឆ្លងកាត់តាមសហព័ន្ធ ដែលមានក្រុមបង្ហាញខ្លួននៅអូស្ត្រាលី និងនូវេលសេឡង់។ Alex Morgan ខ្សែប្រយុទ្ធក្រុមម្ចាស់ការពារជើងឯកអាម៉េរិក សារទរចំពោះកំណែទ្រង់ថ្មីរបស់ FIFA ដែលនេះនឹងធ្វើឱ្យការប្រកួតប្រជែងរបស់ក្រុមនារីកើនមួយកម្រិតទៀត។



Alex Morgan ជាកីឡាការិនីនៅលើវិស័យបាល់ទាត់ជើងចាស់មួយរូប ដោយនាងធ្លាប់បានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិនារីអាម៉េរិកចំនួន ៣លើករួចមកហើយក្នុងព្រឹត្តិការណ៍ World Cup។ Women’s World Cup 2023 ដែលធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នឹងក្លាយជាការបង្ហាញខ្លួនលើកទី៤ ក្នុងអាជីពរបស់ ​Alex Morgan ផ្ទាល់។
  


«FIFA ពិតជាបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នេះជាអ្វីដែលចេញពីមាត់ខ្ញុំផ្ទាល់ គឺវាពិតជាការងារដ៏ល្អបំផុតដែលបានបង្កើននូវតម្លៃនៃប្រាក់រង្វាន់។ យើងនៅតែមានផ្លូវត្រូវដើរទៅ តែការផ្តល់ប្រាក់រង្វាន់ដោយផ្ទាល់ទៅដល់កីឡាការិនីគឺពិតជារឿងធំ ខ្ញុំគិតថា វាគឺជាការផ្លាស់ប្តូរជីវិតសម្រាប់មនុស្សម្នាក់ៗ ក៏ដូចជាកីឡាការិនីម្នាក់ៗដែលបានចូលរួមការប្រកួត។

ដូច្នេះពួកគេយ៉ាងហោចណាស់ បើទោះមិនទទួលជ័យជម្នះក៏អាចរកបាន ៣ម៉ឺនដុល្លារដែរ វាច្រើនណាស់។»។ Alex Morgan បាននិយាយក្នុងសន្និសីទកាសែតបែបនេះមុនពេលក្រុមត្រូវបំពេញបេសកកម្មជំរុំហ្វឹកហាត់ត្រៀមខ្លួនប្រកួត។
  


កីឡាការិនីនៅក្នុងព្រឹត្តិការណ៍ Women’s World Cup ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ត្រូវបានធានានឹងទទួលបានប្រាក់រង្វាន់ក្នុងម្នាក់យ៉ាងហោចណាស់ ៣ម៉ឺនដុល្លារ នៅក្នុងថ្ងៃបើកប្រាក់បៀវត្សរ៍របស់ FIFA។ ការធ្វើបែបនេះ FIFA មានគោលបំណងចង់ផ្តល់ប្រាក់ដែលជាប្រាក់រង្វាន់ចែកចាយដល់បុគ្គលជាជាងតាមរយៈសហព័ន្ធនីមួយៗ។
 
ចំណែកសមាជិកនីមួយៗស្ថិតក្នុងក្រុមដែលគ្រងជើងឯក នឹងធ្វើដំណើរត្រឡប់ទៅផ្ទះវិញជាមួយប្រាក់រង្វាន់ក្នុងដៃប្រមាណ ២៧ម៉ឺន ដែលជាចំណែកនៃប្រាក់រង្វាន់សរុបក្នុងព្រឹត្តិការណ៍ទាំងមូលចំនួន ១១០លានដុល្លារ។ តម្លៃប្រាក់រង្វាន់នេះមានការកើនឡើងប្រមាណជាង ៣០០ភាគរយ បើធៀបទៅនឹងតម្លៃប្រាក់រង្វាន់ឆ្នាំ ២០១៩។
 
ទោះយ៉ាងណាតម្លៃសរុបនៃប្រាក់រង្វាន់ទាំងមូលនៅមានកម្រិតទាបជាងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ World Cup ផ្នែកបុរស នៅប្រទេសកាតា ដែលមានតម្លៃប្រាក់រង្វាន់សរុបចំនួន ៤៤០លានដុល្លារ៕



Tag:
 FIFA Women’s World Cup 2023
  Alex Morgan
© រក្សាសិទ្ធិដោយ thmeythmey.com