កីឡាអន្តរជាតិ
អន្តរជាតិ
Mendy ជាកីឡាករ Chelsea ទី៣ ផ្លាស់ទៅ Al-Ahli នៅអារ៉ាប៊ីសាអូឌីត
29, Jun 2023 , 3:59 pm        
រូបភាព
អ្នកចាត់ទី Eduard Mendy បានចាកចេញពីក្រុម Chelsea ទៅចូលរួមក្លិប Al-Ahli នៅទឹកដីអារ៉ាប៊ីសាអូឌីត ក្របខណ្ឌ Saudi Pro League។ Mendy ជាសមាជិកតោខៀវទី៣ហើយ ដែលផ្លាស់ទៅ Al-Ahli។ នេះបើតាមការប្រកាសរបស់ក្លិបទាំងពីរនាថ្ងៃទី២៨ ខែមិថុនា។


«តោកំណាចអាហ្វ្រិកនឹងការពារគោលដៅរបស់យើង។»។ ក្លិប Al-Ahli បាននិយាយបែបនេះនឹងនៅបណ្តាញសង្គម Twitter ក្រោយទទួលបានអ្នកចាំទី Mendy ពី Chelsea និងក្រុមជម្រើសជាតិសេណេហ្កាល់។
 
អ្នកចាំទី Mendy បានចូលរួមជាមួយនឹងក្រុម Chelsea ក្នុងក្របខណ្ឌ Premier League ដោយផ្លាស់ពីក្រុម Stade Rennais នៅក្នុងឆ្នាំ ២០២០។ កីឡាករវ័យ ៣១ឆ្នាំ បានចូលរួមចំណែកជួយក្រុមរហ័សនាមតោខៀវឈ្នះពានរង្វាន់ Champions League លើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយប្រកួតឈ្នះក្រុម Manchester City ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររដូវកាល ២០២០-២១។
 
ចាប់តាំងពីការចាកចេញរបស់លោក Thomas Tuchel មក Mendy បានធ្លាក់ការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹកក្រោយៗ ដោយរូបគេត្រូវអង្គុយនៅកៅអីបម្រុងមើលអ្នកចាំទី Kepa Arrizabalaga ស្ថិតក្នុងជម្រើស ១១នាក់។ មិនថាក្រោមការដឹកនាំរបស់លោក ​Graham Potter ក៏ដូចជាលោក Prank Lampard ឡើយ។
 
Mendy ក្លាយជាកីឡាករក្រុម Chelsea ទីបីហើយដែលបានផ្លាស់ទៅកាន់ក្របខណ្ឌ Saudi Pro League ប្រទេសអារ៉ាប៊ីសាអូឌីតបន្ទាប់ពីកីឡាករ N’Golo Kante និង Kalidou Koulibaly។ 
ក្របខណ្ឌ Saudi Pro League បានក្លាយជាលីគដ៏ទាក់ទាញមួយសម្រាប់កីឡាករស្ថិតនៅតំបន់អឺរ៉ុប ចាប់តាំងពីកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ផ្លាស់ទៅចូលរួមក្លិប Al-Nassr កាលពីខែមករា ដើមឆ្នាំ ២០២៣៕
 

Tag:
 Eduard Mendy
  Chelsea
  Al-Ahli
© រក្សាសិទ្ធិដោយ thmeythmey.com