កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho រងបម្រាម១០ថ្ងៃបន្ថែមទៀតក្នុងក្របខណ្ឌ Serie A ចំពោះការរិះគន់អាជ្ញាកណ្តាល
29, Jun 2023 , 10:29 pm        
រូបភាព
លោក Jose Mourinho គ្រូបង្វឹកក្រុម AS Roma នាថ្ងៃទី២៨ ខែមិថុនារងការដាក់ពិន័យចំនួន ១០ថ្ងៃបន្ថែមទៀត សម្រាប់ការដឹកនាំក្រុមប្រកួតរដូវកាលថ្មី ក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ចំពោះការរិះគន់លើអាជ្ញាកណ្តាល និងពាក់ឧបករណ៍ស្រូបសំឡេងនៅពេលដឹកនាំប្រកួតស្មើក្រុម Monza កាលពីខែឧសភាកន្លងទៅ។ Mourinho ត្រូវបានពិន័យ៤ប្រកួតនៅ Europa League រដូវកាលក្រោយផងដែរ។



គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់នឹងត្រូវខកខានដឹកនាំក្រុមប្រកួតនៅក្នុងថ្ងៃបើកឆាកក្របខណ្ឌ Serie A ដោយសារតែជាប់បម្រាម ហើយត្រូវរងពិន័យជាប្រាក់ប្រមាណ ៥,៤ម៉ឺនដុល្លារ ចំពោះការរិះមិនល្អលើអាជ្ញាកណ្តាលការប្រកួតលោក Daniele Chiffi។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អ៊ីតាលី (Italian FA)។
 
លោក Mourinho រិះគន់មិនសំចៃមាត់លើលោក Chiffi បន្ទាប់ពីក្រុម Roma របស់លោកប្រកួតត្រឹមលទ្ធផលស្មើ ១-១ នៅក្នុងការប្រកួត Serie A ទល់ក្រុម Monza។ អ្នកចាត់ការរូបនេះបានចោទអាជ្ញាកណ្តាលថាជាអាជ្ញាកណ្តាលដ៏អន់បំផុតដែលលោកបានជួបស្ទើតែមួយអាជីពរបស់លោកទៅហើយ។
 
គ្រូបង្វឹកវ័យ ៦០ឆ្នាំ បានពន្យល់អំពីការប្រើប្រាស់មីក្រូស្រូបសម្លេងនៅក្នុងការប្រកួតនោះថាលោកធ្វើឡើងដើម្បីជាការការពារខ្លួនពីការដាក់ពិន័យពីមន្ត្រីការប្រកួត។
«ខ្ញុំមិនបានឆ្គួតឡើយ ខ្ញុំដឹងច្បាស់ណាស់ ថ្ងៃនេះខ្ញុំបានទៅកាន់ការប្រកួតជាមួយនឹងមីក្រូហ្វូនក្នុងដៃ។ ខ្ញុំក៏បានថតទុក និងកត់ត្រាទុកគ្រប់យ៉ាង តាំងតែពីដំបូងនៅពេលខ្ញុំចាកចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ រហូតដល់ខ្ញុំបានត្រឡប់មកវិញ ខ្ញុំគឺដើម្បីការពារខ្លួនតែប៉ុណ្ណោះ។»។ នេះជាអ្វីដែលលោក Mourinho បាននិយាយបកស្រាយអំពីរឿងហេតុកើតឡើងអំឡុងការប្រកួតនោះ។
 
អតីតគ្រូបង្វឹកក្រុម Real Madrid និង Manchester United បាននិយាយរិះគន់ខ្លាំងៗចំពោះការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាលដូច្នេះថា ៖ «ខ្ញុំឈប់ធ្វើការ ២០ ទៅ ៣០នាទីចាប់តាំងពីបញ្ចប់ប្រកួតទៅ ព្រោះខ្ញុំដឹងថាខ្ញុំអាចនឹងទទួលបានកាត់ក្រហមឬអ្វីផ្សេង តែខ្ញុំនឹងមិនផ្តល់ឱកាសដល់គេឡើយ ខ្ញុំបានសម្រេចចិត្តថាទេ វាច្រើនពេកហើយ។ គេគឺពិតជាអន់ខ្លាំងណាស់ គេបានទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា គេមិនយល់ពីយើងទេ គេបានឱ្យកាតក្រហមទៅកីឡាករព្រោះតែការរអិលដែលគ្មានចេតនាបង្កបញ្ហាសោះ នៅនាទី៩៦ នៃការប្រកួតទៅហើយ។»។
 
មិនមែនលើកទីមួយនោះទេ ដែលលោក Mourinho ទទួលបានការពិន័យ ដោយនេះគឺជាលើកទីពីរសម្រាប់លោកហើយបន្ទាប់ពីលោកបានទទួលការពិន័យពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ចំពោះការរិះគន់អាជ្ញាកណ្តាលនេះដូចគ្នា និងបានប្រើពាក្យមិនសមរម្យទៅលើលោក Anthony Taylor ក្រោយក្រុមលោកចាញ់វគ្គផ្តាច់ព្រ័ត្រ Europa League។ ព្រោះបញ្ហានេះ ក្លិប Roma ត្រូវបានពិន័យជាប្រាក់ប្រមាណ ៥ម៉ឺនអឺរ៉ូ (៥,៤ម៉ឺនដុល្លារ)។ ចំពោះករណីនេះដែរបុរសរហស្សនាម Special One ក៏ត្រូវបាន UEFA ពិន័យ៤ប្រកួតEuropa League រដូវកាលក្រោយរួចហើយដែរ៕
 

Tag:
 Jose Mourinho
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com