ជាតិ
នៅកំពង់ធំ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍​ចុះកិច្ចសន្យាជួយ​ដោះស្រាយ​បញ្ហាទីផ្សារកសិករ
29, Jun 2023 , 9:59 pm        
រូបភាព
 រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រោងម៉ាស៊ីនកិនស្រូវ ៦ និងសហគមន៍៤៦ នៅខេត្ត​កំពង់ធំ បាន​ចុះ​កិច្ច​សន្យាកសិកម្ម ពី​កា​រ​ផលិត​ និងផ្គត់ផ្គង់ស្រូវ ​ដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារសម្រាប់ប្រជាកសិករ។ បើតាម​លោក ឌិត ទីណា​ ការចុះកិច្ចសន្យាកសិកម្មនេះ ទាមទារឱ្យភាគីទាំងអស់ ទាំងខាងក្រុមហ៊ុននាំចេញ រោង​ម៉ាស៊ីន​កិន​ស្រូវ និងសហគមន៍ គោរពកិច្ចសន្យា និងស្មោះត្រង់ជាមួយគ្នា។



នៅ​ថ្ងៃទី​២៧ មិថុនា សហគមន៍ចំនួន ៤០ និង​ក្រុម​ផលិត​ចំនួន ៦ បាន​ចុះ​កិច្ច​សន្យា​ រួម​គ្នា​ទាក់ទង​នឹង​ការ​ផលិត​ និង​ផ្គត់​ផ្គង់ស្រូវ​។ កិច្ចសន្យាទាំង៤៦នេះ ​គ្របដណ្ដប់​លើ​ផ្ទៃ​ដី​ជិត ៧ពាន់​ហិកតា និង​អនុវត្តន៍​ដោយ​កសិករ​ចំនួន ២២៣៦គ្រួសារ នៅ​ក្នុង​ស្រុក​ចំនួន ៧ នៃ​ខេត្ត​កំពង់ធំ។​
 
ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀងលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន​ប្រសាសន៍​ថា​ ​គំនិត​​ផ្ដួច​ផ្ដើម​ឱ្យ​មាន​កិច្ច​សន្យា​កសិកម្ម​នេះ ធ្វើ​ឡើង​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ​សម្រាប់ប្រជាកសិករ។ 
  
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ រូបភាពពី​ក្រសួង​កសិកម្ម
រដ្ឋមន្រ្តី​កសិកម្ម​រូបនេះ​ ក៏បាន​ជំរុញឱ្យសហគមន៍ប្រើប្រាស់ពូជសុទ្ធ និងអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ដោយក្រសួងគ្រោងនឹងរៀបចំប្រព័ន្ធកសិកម្មថ្មី ដែលជួយកសាងសហគមន៍ឱ្យរឹងមាំ តាម​រយៈ​ការ​ដាក់​ចេញ​គោល​នយោបាយមន្រ្តីបច្ចេកទេសកសិកម្មតាមឃុំ។ លើសពីនេះ ​ការ​គិត​គូរ​ ដើម្បី​​ជួយ​សហគមន៍​ឱ្យរឹងមាំ តាមរយៈ​ការ​ធ្វើការរួមគ្នាប្រកបដោយតម្លាភាព គណនេយ្យភាព និង​ការ​ទទួល​ខុស​ត្រូវ​របស់​​សហគមន៍។
 
លោក ចាន់ សុឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើក​ឡើងថា ការ​រីក​ចម្រើន​របស់​វិស័យ​ស្រូ​វ​អង្ករ​ កើតចេញ​ពី​គោលនយោបាយ​របស់​សម្ដេច ហ៊ុន សែន លើ​ការ​ជំរុញ​ផលិតកម្ម​ និង​ការនាំ​ចេញ​អង្ករ។ លោក បន្តថា ក្នុង​រយៈពេល​៥ខែ ឆ្នាំ​២០២៣នេះ កម្ពុជា ​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​​ចំនួន ២៧៨ ១៨៤តោន គិតជា​ទឹក​ប្រាក់​បាន​ជាង ១៩១លានដុល្លារ។ 
  
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ រូបភាពពីសហព័ន្ធស្រូវអង្ករកម្ពុជា
ទន្ទឹមនឹង​ភាព​វិជ្ជមាន​ក្នុង​ការនាំចេញ​​ស្រូវ​អង្ករ លោក សុង សារ៉ន ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​វិស័យ​ស្រូវអង្ករ​ក្នុង​ការ​ផលិត កែច្នៃ​នាំចេញ ជាមួយ​ប្រទេស​ដែល​ផលិត​ស្រូវ​អង្ករ​ដូចកម្ពុជា។ ​លោក ផ្ដោត​លើ​ការ​ប្រកួត​ប្រជែង​​លើ​ថ្លៃ​ដើម ​គុណភាព ចីរភាព​ ការ​ច្នៃ​ប្រឌិត​ និង​ការ​ធ្វើ​ពិពិធកម្ម​គោលដៅ​ទីផ្សារ​ និង​ផលិត​ផល​ ដោយ​ការ​ងារ​ទាំង​នេះ​ ​ត្រូវ​ការ​ការ​រៀបចំ​យុទ្ធសាស្រ្ត​​ និង​ផែន​ការ​សកម្មភាព​។​
 
សូម​បញ្ជាក់ថា កិច្ចសន្យា​ទាំងនេះ ផ្ដោត​សំខាន់​លើ​ ការ​ទទួលទិញ​ស្រូវ ប្រភេទ​ផ្កា​រំដួល​, ស្រូវ​សែន​ក្រអូប​, ស្រូវ​ប្រភេទ​អូអ៊ឹម និង​ស្រូវ​គ្រាប់​ខ្លី​៕ 

លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។ រូបភាពពី​សហព័ន្ធស្រូវអង្ករកម្ពុជា

Tag:
 ស្រូវ
  កំពង់ធំ
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com