កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ចង់បានលក្ខខណ្ឌស្រដៀង Messi បើមានក្លិបថ្មីចង់បាន
30, Jun 2023 , 10:30 am        
រូបភាព
Kylian Mbappe ចង់ដាក់លក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌដែល Lionel Messi អតីតមិត្តរួមក្រុមបានដាក់មុនពេលយល់ព្រមផ្លាស់ទៅក្លិប Inter Miami ប្រសិនបើមានក្លិបថ្មី ចង់បានរូបគេទៅចូលរួម។



បើតាមរបាយការណ៍ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញដ៏ល្បីមួយឈ្មោះថា OKDiario ខ្សែប្រយុទ្ធប្រធានក្រុមបារាំង Mbappe  ចង់បានលក្ខខណ្ឌពីសំណាក់ក្លិបថ្មីដែលរួមមានការផ្តល់នូវភាគរយនៃប្រាក់ចំណូលរបស់ក្លិប ក៏ដូចជាភាគរយនៃសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនៅក្នុងនោះ ប្រសិនចង់បានរូបគេ។


 
Messi ចេញពី​ Paris Saint Germain  ផ្លាស់ទៅកាន់ក្លិប Inter Miami ដោយទទួលបានប្រាក់ចំណូលប្រមាណ ៥០លានអឺរ៉ូ (៥៤លានដុល្លារ) ក្នុងមួយរដូវកាល។ ស្ថិតក្នុងលក្ខខណ្ឌកិច្ចសន្យានោះ ក៏ត្រូវបានជំរុញដោយប្រាក់ចំណូលពីប្រភពផ្សេងទៀតក្នុងក្លិប និងប្រព័ន្ធផ្សព្វផ្សាយ ថែមទាំងភាគហ៊ុននៅក្នុងភាពជាម្ចាស់របស់ក្លិប Inter Miami មួយរូបផងដែរ៕
 
Mbappe ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ បច្ចុប្បន្នកំពុងតែស្ថិតក្នុងកិច្ចសន្យា ១ឆ្នាំចុងក្រោយជាមួយក្រុមយក្សបារាំង Paris Saint Germain ហើយកាលពីពេលថ្មីៗទៀតសោតរូបគេផ្ទាល់បានប្រាប់ទៅកាន់សហព័ន្ធបាល់ទាត់ប្រទេសបារាំងដោយផ្ទាល់ថា នឹងមិនបន្តកិច្ចសន្យា ឬលេងនៅក្នុងទឹកដីប្រទេសបារាំងទៀតឡើយ។
 
កាលពីរដូវកាលមុន រឿងរ៉ាវនៃភាពស្រពេចស្រពិលនៃអនាគតរបស់ Mbappe ធ្លាប់បានកើតឡើងម្តងរួចមកហើយ នៅពេលដែលក្រុម Real Madrid ព្យាយាមនាំយករូបគេទៅកាន់ទឹកដីអេស្ប៉ាញដោយក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តបន្តលេងឱ្យក្រុម PSG ដោយការបន្តកិច្ចសន្យាបន្ថែមដល់ឆ្នាំ ២០២៤។ 
 
ទោះយ៉ាងណា ក្រុមរហ័សនាមអធិរាជសហាក់បីមិនបោះបង់ការចញ្ចឹមចិត្តរបស់ខ្លួននោះទេទៅលើ Mbappe បើទោះបីជាមិនមានព័ត៌មានកគ្រឹកកគ្រែងចំពោះការបង្ហាញចាប់អារម្មណ៍លើកីឡាករសញ្ជាតិបារាំងនេះក៏ដោយក្តី។ កាលពីពេលថ្មីៗ Karim Benzema ខ្សែប្រយុទ្ធមុតស្រួចប្រចាំក្រុមទើបតែចាកចេញផ្លាស់ទៅក្លិប Al-Ittihad នៅទឹកដីអារ៉ាប៊ីសាអូឌីត៕
 

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com