កីឡាអន្តរជាតិ
អន្តរជាតិ
Man United យល់ព្រមលើកិច្ចព្រមព្រៀងនាំយក Mount ពីក្រុមតោខៀវ
30, Jun 2023 , 2:29 pm        
រូបភាព
​ក្លិប Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount ពីក្លិប Chelsea សម្រាប់តម្លៃដំបូងប្រមាណ ៥៥លានផោន (៦៩លានដុល្លារ)។ នេះបើតាមរបាយការណ៍ដែលបានចុះផ្សាយជាច្រើននៅតាមប្រព័ន្ធផ្សព្វផ្សាយកីឡាល្បីៗរបស់អង់គ្លេស។



តាមរយៈរបាយការណ៍ដដែលនោះ Man United នឹងត្រូវបង់ប្រាក់បន្ថែមប្រមាណ ៥លានផោន (៦,៣លានដុល្លារ) បន្ថែមដោយផ្អែកថាតើ Mason Mount បង្ហាញខ្លួនប្រកួតនឹងជោគជ័យនៅទឹកដី Old Trafford។
  


Mason កីឡាករមានវ័យត្រឹម ២៤ឆ្នាំ ដែលត្រូវផុតកិច្ចសន្យាជាមួយនឹងក្រុមតោខៀវនៅចុងបញ្ចប់រដូវកាលក្រោយ ទំនងចុះកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ជាមួយនឹងក្លិបបិសាចក្រហម ជាមួយនឹងជម្រើសបន្ត ១ឆ្នាំថែមទៀត។ បើការដោះដូរបានសម្រេច នោះ Mount នឹងក្លាយជាកម្លាំងថ្មីបន្ថែមមួយទៀតសម្រាប់តំបន់ខ្សែបម្រើស្ថិតនៅក្នុងក្រុមដឹកនាំដោយលោក Erik Ten Hag។
 
សម្រាប់ការលេងឱ្យក្រុម Chelsea កីឡាករសញ្ជាតិអង់គ្លេសក៏ជាកម្លាំងដ៏សំខាន់មួយក្នុងក្រុម Chelsea ដោយគេបានលេងឱ្យក្រុមស្ថិតក្នុងទីក្រុងឡុងដ៍បានចំនួន ១២៩ប្រកួត ក្នុងនោះរកបានគ្រាប់បាល់ចំនួន ២៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ២២គ្រាប់។ Mount ក៏ជាកីឡាករមួយរូបជួយឱ្យ Chelsea ឈ្នះជើងឯក Champions league រដូវកាល ២០២០-២១។
 
យ៉ាងណាកីឡាករវ័យ ២៤ឆ្នាំ រូបនេះ រដូវកាលមុនធ្វើមិនសូវបានល្អប៉ុន្មានឡើយ ដោយរូបគេរកបានគ្រាប់បាល់សម្រាប់ក្រុមបានត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះស្ទើរតែពេញមួយរដូវកាល និងជួនកាលគេមិនបានទាំងបង្ហាញខ្លួនលេងឱ្យ Chelsea ថែមទៀតដោយព្រោះតែបញ្ហារបួស។
 
មកដល់ពេលនេះ Chelsea បានបញ្ចេញកីឡាករសំខាន់ៗចំនួន ៤រូបហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក ​Mauricio Pochettino ដោយរួមមានកីឡាករចាំទី Eduard Mendy​, ខ្សែការពារ Kalidou Koulibaly, ខ្សែបម្រើ Mateo Kovacic និង N’Golo Kante។
 
សម្រាប់ Man United ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ ៣​ ក្នុងតារាង Premier League រដូវកាលមុន ហើយដែលឈ្នះពានរង្វាន់ League ក្នុងរដ្ឋកាលដំបូងនៃការដឹកនាំរបស់លោក ​Ten Hag ប៉ុន្តែក្រុមបិសាចក្រហមហាក់បីមានបញ្ហានៅក្នុងការស្វែងរកគ្រាប់បាល់ឱ្យបានខ្លាំងក្នុងការប្រកួត។ កង្វះខាតផ្នែកតំបន់ប្រយុទ្ធជួរមុខ ក្រុមដឹកនាំដោយលោក Ten Hag ត្រូវបានគេដឹងថាកំពុងតែព្យាយាមទាក់ទាញយកកីឡាករខ្សែប្រយុទ្ធដូចជា Harry Kane របស់ Spurs, Goncalo Ramos របស់ Benfica និង Victor Osimhen របស់ Napoli៕
 
 

Tag:
 Manchester United
  Mason Mount
© រក្សាសិទ្ធិដោយ thmeythmey.com