កីឡាអន្តរជាតិ
អន្តរជាតិ
កាន់តំណែងភ្លាមគ្រូថ្មី Miami ថា Messi និង Busquets មកប្រកួតប្រជែងមិនមែនលំហែកាយ
30, Jun 2023 , 10:29 pm        
រូបភាព
លោក Gerardo Martino គ្រូបង្វឹកទើបនឹងតែងតាំងថ្មីរបស់ក្រុម Inter Miami នាថ្ងៃទី២៩ ខែមិថុនា បាននិយាយថាកីឡាករ Lionel Messi និង Sergio Busquets ផ្លាស់មកកាន់ទឹកដីអាម៉េរិក ដើម្បីប្រកួតប្រជែង មិនមែនសម្រាប់លំហែកាយនោះទេ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានសង្កត់ធ្ងន់ថា ​កីឡាករចំណូលថ្មីទាំងពីរនឹងប្រយុទ្ធដណ្តើមពានរង្វាន់សម្រាប់ Inter Miami។



លោក Martino ធ្លាប់ជាអតីតគ្រូបង្វឹកនៅក្រុម Barcelona និងអាហ្សង់ទីន ដោយ Messi ក៏ធ្លាប់ជាកូនក្រុមរបស់លោកពីមុនមកដូចគ្នា រួមទាំង Sergio Busquets ផង។ អតីតគ្រូបង្វឹក Barca រូបនេះអះអាងថាលោកបាននិយាយជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ និងអតីតប្រធានក្រុម Barca អំពីការផ្លាស់ទៅកាន់ក្លិប Inter Miami ពីមុនមកឡើយ ប៉ុន្តែវត្តមានរបស់រូបគេពិតជាសំខាន់។
  


«ពេលខ្លះនៅក្នុងពិភពរបស់យើង អ្នកបានចាត់ទុកថាមកកាន់អាម៉េរិក និង Inter Miami ជាមួយនឹងពេលវេលាលំហែ តែវាមិនអ៊ីចឹងទេ។ ពួកគេមកទីនេះដើម្បីប្រកួតប្រជែង។ ពួកគេបានចេញមកពីការឈ្នះពានរង្វាន់ពិភពលោក ពានរង្វាន់លីគអេស្ប៉ាញ ដូច្នេះពួកគេមិនមែនមកសម្រាប់លំហែទេ ពួកគេនឹងប្រកួតប្រជែងព្រោះថាវាគឺជាឈាមរបស់ពួកគេ។»។ លោក Martino និយាយបែបនេះអំពីការមកកាន់ទឹកដីអាម៉េរិកពីសំណាក់កីឡាករទាំងពីរ។
 
លោក Martino នឹងកាន់កាប់តំណែងគ្រូបង្វឹក ហើយដឹកនាំក្រុម Miami ដែលស្ថិតនៅបាតតារាងក្នុងក្របខណ្ឌ MLS Eastern Conference  និងជាក្រុមដែលមានលោក ​David Beckham ជាម្ចាស់ ​បានរងបរាជ័យ ៧ប្រកួតចុងក្រោយជាប់ៗគ្នា។ ​Inter Miami ក្រុមលំដាប់ថ្នាក់លេខ ២៧ ចំណោមក្រុម ២៩ ប្រជែងក្នុង ​Major League Soccer។
 
យ៉ាងណាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន និងម៉ិកស៊ិក រូបនេះនៅតែមានជំនឿចិត្តថាក្រោយវត្តមាន Messi និង Busquets ក្រុមរបស់លោកនឹងត្រូវបានស្រោចស្រង់មកវិញសម្រាប់រដូវកាលនេះ ព្រោះថាទើបតែការប្រកួតពាក់កណ្តាលរដូវកាលតែប៉ុណ្ណោះ៕


Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com