អន្តរជាតិ
លោក Biden ​ថា​លោក Putin​ «ច្បាស់ជា‍»​ទន់ខ្សោយ​ដោយ​ការបះបោរ​​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner
01, Jul 2023 , 8:59 am        
រូបភាព
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ថ្លែងសុន្ទរកថាកាលពីថ្ងៃពុធ ទី២៨ មិថុនា ឆ្នាំ២០២៣។ AP
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ថ្លែងសុន្ទរកថាកាលពីថ្ងៃពុធ ទី២៨ មិថុនា ឆ្នាំ២០២៣។ AP
ដោយ: VOA
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ លោក​ជឿ​ថា​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin ​«ច្បាស់ជា‍» ​ទន់ខ្សោយ ​នៅក្នុង​ប្រទេស​របស់​លោក​ ដោយសារ​ការបះបោរ​ដែល​មាន​រយៈពេល​ខ្លី​កាលពី​ចុង​សប្តាហ៍​មុន ​ដែល​ដឹកនាំ​ដោយ​មេក្រុម​ទាហាន​ស៊ីឈ្នួល​ក្រុម​ Wagner គឺ​លោក Prigozhin។

ប៉ុន្តែ​លោក ​Biden ​បាន​និយាយ​ទៅកាន់​អ្នកកាសែត​នៅ​សេតវិមាន​ថា៖​ «ពិបាក​និយាយ‍»​អំពី​ថា​តើ​លោក​ Putin ​បាន​ទន់ខ្សោយ​ដល់​កម្រិត​ណា​នោះ។
លោក Biden ​ថា​លោក Putin ​កំពុង​ចាញ់​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន ​និង​ចាញ់​សង្គ្រាម​នៅ​ក្នុង​ប្រទេស។
 
លោក​ Biden ​ថ្លែង​ថា៖​ «ហើយ​លោក​បាន​ក្លាយជា​មនុស្ស​ដែល​គេ​មិនចូលចិត្ត​នៅជុំវិញ​ពិភពលោក។ ហើយ​មិនមែន​តែ​អង្គការ​អូតង់​ទេ។ មិនមែន​តែ​សហភាព​អឺរ៉ុប​ទេ។ ​មាន​ទាំង​ជប៉ុន​ផងដែរ។ ប្រទេស​ដល់​ទៅ​៤០​ឯណោះ‍»។
 
លោក Prigozhin ​ដំបូង​ឡើយ ​គ្រោង​ចាប់ខ្លួន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​លោក ​Sergei Shoigu និង ​លោក​នាយ​ឧត្តមសេនីយ៍​ Valery Gerasimov ​ក្នុង​អំឡុង​ទស្សនកិច្ច​មួយ​ទៅ​កាន់​តំបន់​ខាងត្បូង​ដែល​ជាប់​ជាមួយ​ទល់ដែន​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត The Wall Street Journal។
 
ប៉ុន្តែ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី ​បាន​ដឹង​អំពី​ផែនការ​នេះ ២​ថ្ងៃ​មុន​ការអនុវត្ត។ នេះ​បើ​តាម​ក្រុមមន្ត្រី​បស្ចិម​ប្រទេស ​ហើយ​ក៏​បាន​បង្ខំ​លោក Prigozhin ​ឱ្យ​ធ្វើការ​បះបោរ​ភ្លាមៗ​ឆាប់​ជាង​ការ​គ្រោងទុក​របស់​លោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com