អន្តរជាតិ
​ប៉េកាំង​ថ្កោលទោស​ចំណាត់ការ​របស់​អាមេរិក​លើ​ក្រុមហ៊ុន​ចិន​លើ​បញ្ហា​ថ្នាំ​ហ្វេតានីល
01, Jul 2023 , 8:20 pm        
រូបភាព
កញ្ចប់ថ្នាំហ្វេតានីល ត្រូវដាក់បង្ហាញញនៅតំបន់ការពារព្រំដែនសហរដ្ឋអាមេរិកក្នុងទីក្រុង Chicago
កញ្ចប់ថ្នាំហ្វេតានីល ត្រូវដាក់បង្ហាញញនៅតំបន់ការពារព្រំដែនសហរដ្ឋអាមេរិកក្នុងទីក្រុង Chicago
ដោយ: VOA
រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​អាជ្ញាធរ​សហរដ្ឋអាមេរិក​កាលពីសប្តាហ៍មុន ចំពោះ​ការ​ចោទប្រកាន់​ក្រុមហ៊ុន​ចិន​ចំនួន ៤ និង​មនុស្ស ៨ នាក់​ពី​ការជួញ ដូរ​សារធាតុ​គីមី​ដែល​ប្រើ​ក្នុង​ការ​ផលិត​ថ្នាំ​ហ្វេតានីល(fentanyl) ដោយ​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា«ការ​ឃុំ​ខ្លួន​ដោយ​បំពាន»។

 
ក្រសួង​យុត្តិធម៌​អាមេរិក​កំពុង​បង្កើន​ការបង្ក្រាប​លើ​អាភៀន​សំយោគ​ដែល​បណ្តាល​ឱ្យ​មាន​ការស្លាប់​មនុស្ស​រាប់​សែន​នាក់​នៅ​សហរដ្ឋ​អាមេរិក​ដោយសារ​ការប្រើ​ថ្នាំ​ជ្រុល​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។
 
ចំណាត់ការ​នាពេល​ថ្មីៗបំផុត​នេះ​គឺ​ការចោទប្រកាន់​ជា​លើក​ដំបូង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​លើ​ក្រុមហ៊ុន​ចិន​ចំពោះ​ការជួញដូរ​សារធាតុ​គីមី​ហ្វេតានីល​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក ជា​ជាង​ចាត់​វិធានការ​លើ​ប្រទេស​ម៉ិកស៊ិក​ដែល​ជា​ប្រភព​ដើម​នៃ​សារធាតុ​ហ្វេតានីល​ភាគច្រើន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​សហរដ្ឋ​អាមេរិក។
 
មនុស្ស២នាក់​ក្នុង​ចំណោម​មនុស្ស៨នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង Honolulu រដ្ឋ Hawaii។
 
ក្រសួងការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា«នេះ​គឺជា​ឧទាហរណ៍​ទូទៅ​មួយ​នៃ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​និង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ឯកតោ​ភាគី»។
 
សេចក្តីថ្លែងការណ៍​នេះ​បន្ថែម​ថា៖«វា​ខុស​ច្បាប់​ទាំង​ស្រុង​និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ចិន​និង​ក្រុមហ៊ុន​ចិន។ ចិន​សូម​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​នេះ»។
 
ក្រុមហ៊ុន​ទាំង៤រួម​មាន​ក្រុមហ៊ុន​ Hubei Amarvel Biotech ក្រុមហ៊ុន Anhui Rencheng Technology ក្រុមហ៊ុន Anhui Moker New Material Technology និង​ក្រុមហ៊ុន Hefei GSK Trade។
 
ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ករណី៣ផ្សេង​គ្នា​ដែល​បាន​ប្តឹង​នៅ​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​ញូវយ៉ក។
 
ក្នុង​ចំណោម​មនុស្ស ៨​ នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ មាន​នាយក​ប្រតិបត្តិ​និង​បុគ្គ លិក​នៃ​ក្រុមហ៊ុន​ទាំង ៤។
 
មនុស្ស២នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​គឺ​ជា​បុគ្គលិក​ក្រុមហ៊ុន Hubei Amarvel Biotech និង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅរដ្ឋ Hawaii បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​ហ្វីជី​កាល ពី​ថ្ងៃទី៨ ខែមិថុនា​កន្លង​ទៅ។
 
ការឃុំ​ខ្លួន​របស់​ពួកគេ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​នៃ​ប្រទេស​ចិន​ដែល​នៅ​ទីនោះ​លោក​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី Xi Jinping។
 
សារធាតុ​ហ្វេតានីល​បាន​ក្លាយ​ជា​បញ្ហា​សំខាន់​នៅ​ក្នុង​ទំនាក់ទំនង​ដ៏​តានតឹង​រវាង​រដ្ឋាភិ បាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​លោក Blinken បាន​លើក​ឡើង​ចំណុច​នេះ​ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក។
 
ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថាការចោទ​ប្រកាន់​នេះ«ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​គ្រឿង​ញៀន​រវាង​ចិន-សហរដ្ឋ​អាមេ រិក»។
 
ថ្នាំ​ហ្វេតានីល​គឺជា​ថ្នាំ​អាភៀន​សំយោគ​ដែល​មាន​ឥទ្ធិពល​ជាង​ថ្នាំ​ហេរ៉ូអ៊ីន ៥០ដង ហើយ​ងាយស្រួល​ផលិតនិង​ថោក​ជាង។
 
រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ២០១៩​បាន​ដាក់​សារធាតុ​ទាក់ទិន​នឹង​ថ្នាំ​ហ្វេតានីល​ទាំង​អស់​ក្នុង​បញ្ជី​គ្រឿង​ញៀន​ដោយ​ត្រូវ​គ្រប់គ្រង​ការផលិត​និង​ការលក់​សារធាតុ​ទាំង​នោះ។
 
ទោះបី​ជា​ម៉ិកស៊ិក​ជា​ប្រភព​សំខាន់​នៃ​ថ្នាំ​ហ្វេតានីល​ដែល​ត្រូវ​បាន​លក់​នៅ​សហរដ្ឋ​អា មេរិក​ក៏​ដោយ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ឡើង​លើ​អ្នក​ផ្គត់ផ្គង់​ធាតុផ្សំ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ដែល​ត្រូវ​បញ្ជូន​ទៅ​ម៉ិក ស៊ិក៕
 
ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

© រក្សាសិទ្ធិដោយ thmeythmey.com