កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ Marta បង្ហាញខ្លួនលើកទី៦ និងជាលើកចុងក្រោយ
05, Jul 2023 , 8:31 am        
រូបភាព
Marta កីឡាការិនីខ្សែប្រយុទ្ធក្រុមជម្រើសជាតិនារីប្រេស៊ីល និយាយថាការបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ FIFA Women’s World Cup 2023 នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាការប្រកួតលើកចុងក្រោយរបស់ខ្លួន។


កីឡាការិនីវ័យ​ ៣៧ឆ្នាំ បង្ហាញខ្លួនលើកដំបូងនៅ World Cup ក្នុងឆ្នាំ ២០០៣ ហើយក៏ជាកីឡាការិនីប្រេស៊ីលដែលរកបានគ្រាប់បាល់ច្រើនបំផុតប្រចាំក្រុមប្រេស៊ីល រហូតដល់ ១១៧គ្រាប់។ Marta ធ្លាប់ឈ្នះពានរង្វាន់ Copa America ៣លើក ប៉ុន្តែមិនធ្លាប់ឈ្នះ World Cup ឡើយ។
  


រជ្ជកាលរបស់បាល់ទាត់នារីប្រេស៊ីលមានភាពខ្លាំងក្លា ក្នុងឆ្នាំ ២០០៧ នៅក្នុងពានរង្វាន់ World Cup។ កាលនោះ ក្រុមប្រេស៊ីលបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ២ ដោយប្រកួតចាញ់ក្រុមនារីអាល្លឺម៉ង់វគ្គផ្តាច់ព្រ័ត្រ។
 
«ពិតណាស់​ វានឹងក្លាយជាការប្រកួត World Cup ចុងក្រោយរបស់ខ្ញុំ។ យើងត្រូវតែដឹងថាពេលវេលាបានមកដល់ហើយ ​ដើម្បីផ្តល់អាទិភាពដល់អ្វីៗផ្សេងទៀត ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះការរួមរស់រយៈពេលច្រើនឆ្នាំកន្លងមកជាមួយក្រុមជម្រើសជាតិ ព្រមទាំងទទួលឱកាសចូលរួម World Cup ម្តងទៀត ៦លើក​សម្រាប់ខ្ញុំគឺជាអ្វីដ៏អស្ចារ្យ។»។ កីឡាការិនី ​Marta បាននិយាយបែបនេះប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រេស៊ីល។
  


ទោះយ៉ាងណា អ្នកស្រី Pia Sundhage គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលបានឱ្យដឹងថា Marta ដែលជាកីឡាការិនីឈ្នះពានរង្វាន់ FIFA World Player of the Year ៦លើក នឹងអាចចាប់ផ្តើមការប្រកួតដោយស្ថិតនៅកៅអីបម្រុង ខណៈនាងកំពុងបន្តឱ្យរបួសជង្គង់ជាសះស្បើយពីបញ្ហារបួស។
 
ក្រុមជម្រើសជាតិនារីប្រេស៊ីលនឹងត្រូវចាប់ផ្តើមការប្រកួត World Cup របស់ខ្លួនទល់នឹងក្រុមប៉ាណាម៉ានៅថ្ងៃទី២៤ ខែកក្កដា មុនពេលជួបក្រុមបារាំង និងហ្សាម៉ាអីក៕

Tag:
 (Marta
  Women’s World Cup 2023)
© រក្សាសិទ្ធិដោយ thmeythmey.com