កីឡាជាតិ
ជាតិ
AFF U19៖ ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រូវប៉ះឡាវ ក្នុងជំនួបបើកឆាកពូល A
05, Jul 2023 , 9:00 am        
រូបភាព
ក្រុមបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំ កំពុងហ្វឹកហាត់ត្រៀមប្រកួត AFF Women
ក្រុមបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំ កំពុងហ្វឹកហាត់ត្រៀមប្រកួត AFF Women's Championship 2023 រូបពី FFC
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ផ្នែកនារី ត្រូវប្រកួតជាមួយ ក្រុមនារីឡាវក្នុងជំនួបបើកឆាកពូល A នៅថ្ងៃទី៥ ខែកក្កដា នេះ ក្នុងព្រឹត្តិការណ៍ AFF U19 Women’s Championship 2023 នៅឥណ្ឌូណេស៊ី។



ក្រុមជម្រើសជាតិកីឡាបាល់ទាត់នារីកម្ពុជា អាយុក្រោម១៩ឆ្នាំ បានទៅដល់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីត្រៀមប្រកួត ក្នុងព្រឹត្តិការណ៍ AFF U19 Women’s Championship 2023។ យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាការិនី ២៣រូប ត្រូវបានជ្រើសរើសចូលរួមក្នុងព្រឹត្តិការណ៍នោះ។ ក្នុងចំណោមអ្នកទាំងនោះ កីឡាការិនី មកពីខេត្តសៀមរាប មានចំនួន ៧នាក់ច្រើនជាងគេ ក្នុងក្រុម។
 
កីឡាការិនីទាំងអស់នោះមាន៖ 

  • ក្លិបបាល់ទាត់ខេត្តសៀមរាប មាន៧រូប៖ ទាំ រំដួល, រ៉ុម ម៉ូលីកា, ចន ស៊ីតា, ហឿន ធារី, សំរ៉ិត ស្រីម៉ុច, រិទ្ធ ច័ន្ធនិម្មល និង សំរ៉ិត និមល។
  • ក្លិបណាហ្គាវើលដ៍ មានចំនួន ៣រូប៖ ហ៊ីម កញ្ញា, ជ្រឿង សុខឃៀង និង គីន រក្សា។
  • ក្លិបព្រះខ័នរាជ ស្វាយរៀង ២រូប៖ ឈិត សាភឿន និង មុត រ៉ាត់
  • ក្លិបវិសាខា ចំនួន ៥រូប៖ ទន់ គីមហុង, ថុល រត្ថា, ថន ថុនា, ហេង សុវណ្ណមុន្នី និង អ៊ីម ម៉ីសាន។
  • ក្លិបបឹងកេត ចំនួន ៤រូប៖ ស៊ុក ស្រីនីត, សែម ម៉ាលីន, ឈាង ស្រីនិច និង ចាន់ លីហ្សាបញ្ញា។
  • ក្លិបភ្នំពេញក្រោន ចំនួន ២រូប៖ ហាន ស្រីកែវ និង និង ជា ហ្វារីយា។
កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ឡាវ និងទីម័រខាងកើត។ បន្ទាប់ពីប្រកួតជាមួយឡាវនៅកីឡដ្ឋាន Gelora Sriwijaya ក្រុមនារីកម្ពុជា នឹងត្រូវប៉ះក្រុមទីម័រខាងកើត នៅថ្ងៃទី៧ ខែកក្កដា ហើយត្រូវជួបជាមួយឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែកក្កដា។ ពូល B មាន វៀតណាម, ម៉ាឡេស៊ី និង សិង្ហបុរី រីឯ ពូល C មានថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន៕
 

Tag:
 (បាល់ទាត់
  AFF U19 Women’s Championship)
© រក្សាសិទ្ធិដោយ thmeythmey.com