សង្គមអន្តរជាតិ​
អន្តរជាតិ
IAEA បើកផ្លូវឱ្យជប៉ុនបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មសារធាតុវិទ្យុសកម្មចូលទៅសមុទ្រ
05, Jul 2023 , 9:30 am        
រូបភាព
រោងចក្រថាមពល Fukushima Daiichi ។ រូបភាព ៖ AFP ។
រោងចក្រថាមពល Fukushima Daiichi ។ រូបភាព ៖ AFP ។
នៅថ្ងៃទី០៤ ខែកក្កដា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា ផែនការរបស់ជប៉ុនក្នុងការបញ្ចេញទឹកដែលចម្រោះសារធាតុវិទ្យុសកម្មរូចរាល់ ពីស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ គឺស្របតាមស្តង់ដារសុវត្ថិភាពរបស់អន្តរជាតិ។

 
ជប៉ុន បានស្វះស្វែងរកការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មសារធាតុវិទ្យុសកម្មទៅក្នុងសមុទ្រ ខណៈកន្លែងស្តុកមានបរិមាណទឹកជិតពេញ។ ផែនការនេះ រងការប្រឆាំងពីអ្នកនេសាទ និងបណ្តាប្រទេសមួយចំនួន ដូចជាចិន កូរ៉េខាងត្បូង និងបណ្តាប្រទេសក្នុងសមុទ្រប៉ាស៊ីហ្វិក ដែលបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបញ្ចេញទឹកពីរោងចក្រFukushima Daiichi ជុំវិញផលប៉ះពាល់ដល់បរិស្ថាន និងសុវត្ថិភាពមនុស្ស។
 
ក្នុងរបាយការណ៍វាយតម្លៃរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ផែនការរបស់ជប៉ុនអាចធ្វើបាន។
 
អគ្គនាយក IAEA លោក Rafael Mariano Grossi បានលើកឡើងនៅក្នុងរបាយការណ៍ថា ផ្អែកលើការវាយតម្លៃដ៏ទូលំទូលាយរបស់ខ្លួន IAEA បានសន្និដ្ឋានថា វិធីសាស្រ្ត និងសកម្មភាពក្នុងការបង្ហូរចេញទឹកដែលត្រូវបានចម្រោះសារធាតុវិទ្យុសកម្ម (ALPS treated water) ដែលធ្វើឡើងដោយជប៉ុន គឺស្របនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ។ 
 
ទីភ្នាក់ងារនេះ រួមទាំងជប៉ុនខ្លួនឯងផង សុទ្ធតែអះអាងស្រដៀងគ្នាថា ការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មទៅក្នុងសមុទ្រ នឹងមានផលប៉ះពាល់វិទ្យុសកម្មតិចតួចប៉ុណ្ណោះដល់មនុស្ស និងបរិស្ថាន។
 
មុនការចេញរបាយការណ៍នេះ  ចិនបានអំពាវនាវឱ្យផ្អាកផែនការរបស់ជប៉ុនដែរ។ ទីក្រុងប៉េកាំងបានថ្កោលទោសផែនការនេះថា «គ្មានការទទួលខុសត្រូវខ្លាំង» នៅពេលត្រូវបានប្រកាសនៅឆ្នាំ ២០២១។ 
 
ចំណែកនៅកូរ៉េខាងត្បូង តាមការស្ទង់មតិនាពេលថ្មីៗនេះ ប្រជាជនជិត ៨០ភាគរយមានការព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះគ្រោងការបង្ហូរនូវការបញ្ចេញសារធាតុវិទ្យុសកម្មនេះទៅក្នុងមហាសមុទ្រ។ បក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង បានដាក់ជូនសភាជាតិនូវសេចក្តីព្រាងសេចក្តីសម្រេចមួយ ដែលទាមទារឱ្យលុបចោលផែនការរបស់ជប៉ុន​ ហើយក៏អំពាវនាវឱ្យមានការប្តឹងទៅតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រផងដែរ។
 
កន្លងមក ជប៉ុនចង់បញ្ចេញទឹកផ្ទុកក្នុងរោងចក្រ Fukushima Daiichi ប្រមាណ១,៣ លានតោនពីឃ្លាំងស្តុក៕

Tag:
 ជប៉ុន
  ចិន
  កូរ៉េខាងត្បូង
  សារធាតុវិទ្យុសកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com