អន្តរជាតិ
ក្រុមតាលីបង់បញ្ជាឱ្យបិទហាងសាឡននៅអាហ្វហ្កានីស្ថាន
05, Jul 2023 , 10:00 am        
រូបភាព
រដ្ឋបាលតាលីបង់នៅអាហ្វហ្កានីស្ថាន បានបញ្ជាឱ្យបិទសាឡនក្នុងរយៈពេលមួយខែក្នុងការកាត់​បន្ថយ​ការចូលទៅកន្លែងសាធារណៈរបស់ស្ត្រីអាហ្វហ្កានីស្ថាន ដែលជាការរឹតបន្ដឹងបន្ថែមទៀតលើស្ត្រី​គួ​រ​ឱ្យ​បារម្ភ។

 
«ថ្ងៃផុតកំណត់នៃការបិទសាឡនសម្រាប់ស្ត្រីគឺមួយខែ»។ អ្នកនាំពាក្យក្រសួងការពារ លោក Mohammad Sadiq Akif បានលើកឡើងបែបនេះ ដោយមានគោលបំណងចង់កាត់បន្ថយ សកម្មភាព​ជាសាធារណៈរបស់ស្ត្រីអាហ្វហ្កានីស្ថានដល់កម្រិតមួយទៀត។
 
ហាងសាឡន បានរីសាយឡើងនៅក្នុងទីក្រុងកាប៊ុល និងទីក្រុងផ្សេងទៀតរបស់អាហ្វហ្កានីស្ថាន​បន្ទាប់​ពីពួកតាលីបង់ត្រូវបានបណ្តេញចេញពីអំណាចនៅចុងឆ្នាំ២០០១។ ហាងជាច្រើននៅតែបើកទ្វារបន្ទាប់ពីក្រុមតាលីបង់បានវិលចូលកាន់អំណាចកាលពី២ឆ្នាំមុន ប៉ុន្តែស្លាកយីហោ និង​បង្អួច​ត្រូវ​បាន​បិទបាំង។ ហាងទាំងនេះ ក៏បានអនុញ្ញាតឱ្យស្ត្រីមានការងារ និងការផ្ដល់សេវាផងដែរ។
 
ការបិទហាងអាជីវកម្មមួយប្រភេទនេះ ជាការរឹតត្បិតស្រ្តីមួយទៀតបន្ថែមពីការរឹតបន្តឹងជាច្រើនដែលមានស្រាប់ក្នុងវិស័យអប់រំ និងសកម្មភាពផ្ដល់ជំនួយ។ រដ្ឋាភិបាលបរទេស និង​មន្ត្រី​អង្គការ​សហប្រជាជាតិ បានថ្កោលទោសការរឹតត្បិតកាន់តែខ្លាំងឡើងលើស្ត្រី ចាប់តាំង​ពី​ក្រុម​តាលីបង់​បាន​វិល​ត្រឡប់មកវិញក្នុងឆ្នាំ២០២១។ កាល​ពី​ឆ្នាំ​មុន ក្រុមតាលីបង់បាន​បិទ​វិទ្យាល័យរបស់​ក្មេង​ស្រី​ភាគ​ច្រើន រារាំង​ស្ត្រី​ចូលរៀននៅ​សាកលវិទ្យាល័យ និង​បញ្ឈប់​បុគ្គលិក​ជំនួយ​ស្ត្រី​អាហ្វហ្កានីស្ថាន​ជាច្រើន​នាក់​។ 
 
កន្លែងសាធារណៈជាច្រើនរួមទាំងកន្លែងងូតទឹកសាធារណៈ កន្លែងហាត់ប្រាណ និង​សួន​កម្សាន្ត​ក៏ត្រូវ​បានបិទចំពោះស្ត្រីផងដែរ។
 
កន្លងមក រដ្ឋបាលតាលីបង់ម្ដងហើយម្ដងទៀតបានអះអាងថា ខ្លួនគោរពសិទ្ធិស្ត្រីស្របតាមការបក​ស្រាយច្បាប់ឥស្លាម និងទំនៀមទម្លាប់អាហ្វហ្កានីស្ថាន៕
 

Tag:
 តាលីបង់
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com