ជាតិ
វិទ្យាល័យរដ្ឋទាំង៣៨នៅភ្នំពេញ នឹងទទួលបានការអប់រំតាមបែបឌីជីថល
05, Jul 2023 , 12:11 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន (រូបតំណាង) រូបភាពពី៖  ក្រសួងអប់រំ យុវជន និងកីឡា front
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន (រូបតំណាង) រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា front
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំយុទ្ធនាការអប់រំបែបឌីជីថល សម្រាប់សិស្ស នៅគ្រឹះស្ថានសិក្សានៃវិទ្យាល័យរដ្ឋចំនួន៣៨កន្លែង នៅក្នុងខែកក្កដានេះ។ យុទ្ធនាការនេះ សម្រាប់សិស្សថ្នាក់ទី១០ - ១២ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៦។

 
ប្រធានបទទាំងនោះ រួមមាន ការស្វែងយល់ពីវិធីសាស្រ្តបង្រៀន, ការរៀនដោយស៊ីជម្រៅ, ការរៀនតាមបែបពន្លឿន, ការបង្កើតក្លិបសិក្សាសម្រាប់សិស្សរៀនយឺត, ការបំប៉នសមត្ថភាពដល់សិស្សក្នុងការត្រៀមចូលថ្នាក់វិទ្យាល័យ, និងការប្រើប្រាស់កម្មវិធីទូរសព្ទដៃ DuraSeksa ទុរសិក្សា ដែលមានការអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំបែបឌីជីថល នៃវិទ្យាស្ថានជាតិអប់រំ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជូន ណារ៉ុន   រូបភាពពី៖  ក្រសួងអប់រំ យុវជន និងកីឡា

ក្នុងនោះ ការស្វែងយល់ពីវិធីសាស្រ្តបង្រៀន មានន័យថា សិស្សម្នាក់ៗអាចស្វែងរកឃើញពីវិធីសាស្រ្តរៀន ដែលសមស្រប ទៅតាមមេរៀន និងមុខវិជ្ជានីមួយៗ តាមលក្ខណៈរបស់ខ្លួន។ ដោយឡែកការរៀនតាមបែបស៊ីជម្រៅដោយប្រើធនធានសិក្សាចម្រុះ ដែលសិស្សម្នាក់ៗអាចចេះប្រើប្រាស់ធនធានសិក្សាសមស្រប ដើម្បីរៀនជាលក្ខណៈស្វ័យសិក្សាមុនពេលរៀនក្នុងថ្នាក់ និងការរៀនតាមបែបសហការដោះស្រាយលំហាត់ បន្ទាប់ពីការរៀនក្នុងថ្នាក់រួច ក៏ដូចជាហ្វឹកហាត់បន្ថែមនូវកិច្ចការងារផ្ទះ។ នេះបើតាមក្រសួងអប់រំ។
 
ជាមួយគ្នានេះ ក្រសួងអប់រំ បានពន្យល់បន្ថែមថា ការរៀនតាមបែបពន្លឿន នឹងផ្តល់ភាពងាយស្រួល សម្រាប់សិស្សរៀនយឺត ឬមិនសូវយល់ច្បាស់លើមេរៀន ឬខកខានពុំបានចូលរៀន ។ សិស្សរៀនយឺតទាំងនោះ ត្រូវចូលរៀនជាមួយធនធានសិក្សា សម្រាប់ការស្វែងយល់ពិស្តារ លើមេរៀននីមួយៗ។  រី​ឯការបង្កើតក្លិបសិក្សាសម្រាប់សិស្សរៀនយឺត ឬ ក្លិបសិក្សាមុខវិជ្ជា គឺមានសិស្សពូកែជួយបង្រៀនសិស្ស ដែលរៀនយឺត ។ 
 
ចំពោះការបំប៉នសមត្ថភាពដល់សិស្សក្នុងការត្រៀមចូលថ្នាក់វិទ្យាល័យវិញ សិស្សនឹងទទួលបានពីគន្លឹះនៃការពន្យល់សំខាន់ៗក្នុងការត្រៀមខ្លួនប្រឡង និងការណែនាំពីធនធានសិក្សាសំខាន់ៗ ដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាពសិស្សតែម្តង។ 
 
ចំណែកឯ ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ DuraSeksa ទុរសិក្សា ពោលគឺសិស្សអាចទទួលបានធនធានសិក្សាពេញលេញ (គ្រប់មេរៀន, គ្រប់មុខវិជ្ជា , គ្រប់កម្រិតថ្នាក់) និងចម្រុះ ដែលមានទាំងវីដេអូ សន្លឹកកិច្ចការ សៀវភៅមេរៀនសង្ខេប និងសៀវភៅលំហាត់អនុវត្តន៍  ដ៏សម្បូរបែបអមដោយសំណួរ និងចម្លើយ សម្រាប់ធ្វើតេស្តសមត្ថភាពខ្លួនឯងផងដែរ។ នេះបើតាមក្រសួងអប់រំ។
 
យុទ្ធនាការនេះនឹងចាប់ផ្តើមអនុវត្តន៍នៅតាមគ្រឹះស្ថានសិក្សាវិទ្យាល័យរដ្ឋចំនួន៣៨  នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានសិស្សានុសិស្សចំនួន ៤ម៉ឺននាក់ ដែលកំពុងសិក្សានូវកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានការបណ្តុះបណ្តាលពីគរុនិស្សិតស្ម័គ្រចិត្ត ចំនួន ៣៦៧នាក់ និងចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិត១ពាន់បន្ទប់។ 
 
ជាមួយគ្នានេះ សិស្សានុសិស្សទាំងអស់ ក៏ដូចជាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គ្រូបង្រៀន មាតាបិតាសិស្សអាចចូលទៅកាន់ធនធានសិក្សាឌីជីថល ដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា៕ 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com