អន្តរជាតិ
រកអ្នកជំនួសមិនទាន់បាន សមាជិកណាតូឱ្យលោក Stoltenberg ដឹកនាំដល់ឆ្នាំ២០២៤
05, Jul 2023 , 3:09 pm        
រូបភាព
រដ្ឋសមាជិកសម្ពន្ធយោធាណាតូ បានឯកភាពគ្នាឱ្យលោក Jens Stoltenberg បន្តដឹកនាំសម្ពន្ធយោធាមួយនេះដល់ឆ្នាំ២០២៤ ស្របពេលដែលអឺរ៉ុបកំពុងប្រឈមមុខសង្រ្គាមនៅអ៊ុយក្រែនដែលមិនដឹងចប់ពេលណា។

 
លោក Jens Stoltenberg កាន់តំណែងអគ្គលេខាធិការសម្ពន្ធយោធាណាតូតាំងពីឆ្នាំ២០១៤ មក ហើយលោកត្រូវចប់អាណត្តិនៅឆ្នាំ២០២៣នេះ។ យ៉ាងណាមិញ សមាជិកទាំង៣១ប្រទេស មិនអាចរកបេក្ខជនសម្រាប់បន្តតំណែងពីអ្នកនយោបាយន័រវេសនេះបាននៅឡើយ។
 
«ពិតជាមានកិត្តិយសចំពោះការសម្រេចចិត្តរបស់សម្ពន្ធណាតូដែលពន្យារអាណត្តិរបស់ខ្ញុំដល់ខែតុលា ឆ្នាំ២០២៤។» លោក Stoltenberg ដែលជាអតីតនាយករដ្ឋមន្រ្តីន័រវេសផងនោះសរសេរបែបនេះតាម Twitter នៅថ្ងៃទី៤ ខែកក្កដា។
 
មួយរយៈមុន សម្ពន្ធមិត្តយោធាអាត្លង់ទិកខាងជើង ក៏ព្យាយាមរកបេក្ខជនថ្មីដែរ។ បេក្ខជនសក្ដានុពលមាននាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen និងរដ្ឋមន្រ្តីការពារជាតិអង់គ្លេស Ben Wallace សុទ្ធតែបានបោះបង់ការប្រជែង។ លោកស្រី Frederiksen ត្រូវមើលឃើញថាជាមនុស្សសក្ដិសម ដោយសារសមាជិកខ្លះចង់បានស្រ្តីជាអគ្គលេខាធិការម្ដង ប៉ុន្តែការប្រឈមមុខក្នុងសង្រ្គាមអ៊ុយក្រែន តម្រូវឱ្យណាតូមានជំហរម៉ឺងម៉ាត់។
 
ឯបេក្ខភាពលោក Wallace វិញ ក៏មានភាពប្រទាំងប្រទើសដែរ ដោយសារបារាំងចង់បានអគ្គលេខាធិការមកពីសមាជិកសហភាពអឺរ៉ុប។ លើសពីនោះ សមាជិកណាតូខ្លះទៀតចង់ឱ្យប្រមុខដឹកនាំថ្មីជាឥស្សរជនដែលជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត។
 
 ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានស្វាគមន៍ការបន្តអាណត្តិលោក Stoltenberg ដែលធ្វើឡើងមុនកិច្ចប្រជុំកំពូលណាតូនៅលីទុយអានី។ លោក បៃឌិន សរសើរលោក Stoltenberg ចំពោះភាពជាអ្នកដឹកនាំដែលមានបទពិសោធ និងការសម្រេចចិត្តបានល្អ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ត្រេកអរដែរ ហើយសរសើរមេដឹកនាំណាតូរូបនេះចំពោះការគាំទ្រអ៊ុយក្រែន៕
 

Tag:
 NATO
© រក្សាសិទ្ធិដោយ thmeythmey.com