ជាតិ
​ ផ្ទះ​ខូ​ចខាត​ជាង ១ម៉ឺនខ្នង និងជាង២០០នាក់របួសដោយសាររន្ទះ និងខ្យល់​កន្ត្រាក់ នាឆមាសទី១
05, Jul 2023 , 6:59 pm        
រូបភាព
ដោយ:
រយៈពេល ៦ខែឆ្នាំ២០២៣ ខ្យល់កន្រ្តាក់ និងផ្គររន្ទះ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាង ១ម៉ឺនខ្នង និងបណ្ដាលឱ្យមនុស្សស្លាប់និងរងរបួសជាង ២០០នាក់ ។

 
លោក សុទ្ធ គឹមកុលមុនី្ន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បានប្រាប់សារព័ត៌មានថ្មីៗថា ករណីខ្យល់កន្រ្តាក់រយៈពេល ៦ខែ កើតឡើង ២០៤លើក ដែលបណ្ដាលឱ្យផ្ទះរលំ ១៧៣៤ខ្នង ,របើកដំបូលនិងខូចខាតមធ្យម ១០៧៥៤ខ្នង។ ទន្ទឹមនឹងនេះ ក៏មានរបើដំបូលសាលារៀន ៧៨ខ្នង ,តូបផ្សារ ៧៦តូប ,អគាររដ្ឋបាល២៦កន្លែង និងផ្ទាំងបាណូផ្សព្វផ្សាយពាណិជ្ជកម្ម ៧ផ្ទាំងផងដែរ។ ជាមួយគ្នា ក៏មានមនុស្សស្លាប់៦ និងរបួស ១២០នាក់។
 
អ្នកនាំពាក្យរូបនេះ បានបន្តថា ខេត្តរងគ្រោះច្រើនជាងគេគឺ ខេត្តបាត់ដំបង ដែលកើតឡើង២០លើក បណ្ដាលឱ្យរលំផ្ទះធ្ងន់ធ្ងរ ៦១១ខ្នង ,របើកដំបូល និងខូចមធ្យម ១០៦៤ខ្នង។ បន្ទាប់មកខេត្តបន្ទាយមានជ័យ ដែលបានកើតឡើង ១៧លើក ធ្វើឱ្យរលំផ្ទះធ្ងន់ធ្ងរ ៧៩ខ្នង ,របើកដំបូលផ្ទះ និងខូចខាតមធ្យម ១០៦៩ខ្នង។ ខេត្តឧត្ដរមានជ័យ កើតឡើងចំនួន ១៦លើក បណ្ដាលឱ្យរលំផ្ទះធ្ងន់ធ្ងរ ៣២ខ្នង ,របើកដំបូល និងខូចមធ្យម ១២៦០ខ្នង។
 
លោក សុទ្ធ គឹមកុលមុនី្ន បានបញ្ជាក់ថា ខ្យល់កន្ត្រាក់ឆ្នាំនេះ មានការកើនឡើង ដោយសារកត្តាអាកាសធាតុមានការប្រែប្រួលខ្លាំង។ 
ករណីនេះ បើធៀបរយៈពេល ៦ខែ ដូចគ្នាកាលពីឆ្នាំ២០២២ គឺមានផ្ទះរលំធ្ងន់ធ្ងរ ៦៨៥ខ្នង ,របើកដំបូលផ្ទះ និងខូចខាតមធ្យម ២៣៧៤ខ្នង ,របើក​ដំបូល​សាលារៀន ១៩ខ្នង ​,តូប​លក់ ១៣តូប ​,អគារ​រដ្ឋបាល ៦កន្លែង និងមានមនុស្សស្លាប់ ៣នាក់ និងរងរបួស១៨នាក់។
 
«កត្តាអាកាសធាតុប្រែប្រួល ករណីខ្យល់កន្ត្រាក់នៅតែកើតមានជាបន្តបន្ទាប់ ដូច្នេះពលរដ្ឋត្រូវពង្រឹងការសាងសង់លំនៅឋានឱ្យរឹងមាំ ដើម្បីចូលរួមកាត់បន្ថយពីការបំផ្លាញដោយបាតុភូតធម្មជាតិ។ នេះជារឿងដែលយើងអាចធ្វើបានគឺរួមគ្នាជួយកាត់បន្ថយខ្យល់កន្ត្រាក់ »។ លោក លោក សុទ្ធ គឹមកុលមុនី្ន លើកឡើងបែបនេះ ហើយបន្តថា ដើម្បីឆ្លើយតបជាមួយបញ្ហានេះ មន្រ្តីជំនាញបានចុះពិនិត្យស្ថានភាពរងគ្រោះ និងបានចុះជួយសង្គ្រោះពលរដ្ឋ ដូចជាការព្យាបាលបឋម ,ការជួសជុល និងសាងសង់លំនៅឋានវិញជាដើម។ 
 
ដោយឡែក សម្រាប់ករណីរន្ទះបាញ់វិញ ក៏មានការកើនឡើងដូចគ្នា មានចំនួន ៨២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៤៦នាក់(មានស្រ្តី៥នាក់និងក្មេង ៥នាក់) និងរងរបួល ៣៩នាក់។ គោ-ក្របីងាប់ ៧១ក្បាល និងខូចខាតផ្ទះ៥ខ្នង។
ជាមួយគ្នានេះ លោក សុទ្ធ គឹមកុលមុនី បានអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈមន្រ្តីជំនាញចុះណែនាំពលរដ្ឋ និងដាក់ប្រព័ន្ធការពារពីបាតុភូតធម្មជាតិផងដែរ៕
 
 

Tag:
 ខ្យល់​កន្ត្រាក់៦ខែ
 បាតុភូតធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com