អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្ត្រាលី អង់គ្លេស អាម៉េរិក ថ្កោលទោស​ហុងកុងចំពោះការផ្តល់ប្រាក់រង្វាន់​តាមចាប់ខ្លួនសកម្មជននយោបាយ៨នាក់
05, Jul 2023 , 4:29 pm        
រូបភាព
សកម្មជនគាំទ្រប្រជាធិបតេយ្យហុងកុងទាំង ៨រូបកំពុងគេចខ្លួននៅក្រៅប្រទេស។ រូបភាព ៖ SCMP/Dickson Lee
សកម្មជនគាំទ្រប្រជាធិបតេយ្យហុងកុងទាំង ៨រូបកំពុងគេចខ្លួននៅក្រៅប្រទេស។ រូបភាព ៖ SCMP/Dickson Lee
អូស្ត្រាលី អង់គ្លេស និងអាម៉េរិកបានថ្កោលទោសហុងកុង ជុំវិញដីកាចាប់ខ្លួន និងប្រាក់រង្វាន់សម្រាប់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដែលនិរទេសខ្លួននៅបរទេសទាំង៨នាក់។ ប៉ូលិសហុងកុងនៅថ្ងៃទី៣ ខែកក្កដា បានប្រកាសផ្តល់ប្រាក់ចំនួន ១លានដុល្លារហុងកុង (១២៧ ៦០០ដុល្លារ) សម្រាប់អ្នកដែលផ្តល់ព័ត៌មានសម្រាប់ទាក់ទងអ្នកទាំង៨នាក់នោះ។

 
ការប្រកាសផ្ដល់ប្រាក់រង្វាន់ដើម្បីចាប់សកម្មជន៨នាក់នៅបរទេស ធ្វើឱ្យទីក្រុងហុងកុងរងការរិះគន់យ៉ាងខ្លាំង។ អាម៉េរិក អង់គ្លេស និងអូស្ត្រាលី ដែលកន្លងមករិះគន់រដ្ឋាភិបាលហុងកុងមិនសំចៃមាត់ ក៏បរិហារការផ្ដល់រង្វាន់នេះជារឿងមិនត្រឹមត្រូវ។
 
ផ្ដើមមុនគេគឺអាម៉េរិក។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុវត្តក្រៅទឹកដីនៃច្បាប់សន្តិសុខជាតិដែលដាក់ដោយទីក្រុងប៉េកាំង ជាគំរូដ៏គ្រោះថ្នាក់ដែលគំរាមកំហែងដល់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់មនុស្សទូទាំងពិភពលោក។
 
ហុងកុងចោទប្រកាន់អ្នកទាំង៨នាក់ រួមទាំងអតីតសមាជិកសភា៣នាក់ពីបទ គប់គិតជាមួយកងកម្លាំងបរទេស ក្រោមច្បាប់សន្តិសុខជាតិដែលទីក្រុងប៉េកាំងបានដាក់លើទឹកដីក្នុងឆ្នាំ២០២០។
 
បើតាមប៉ូលិសហុងកុង អ្នកទាំង៨នាក់នោះបានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ នាំឱ្យមានការដាក់ទណ្ឌកម្មធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចហុងកុង និងបំភិតបំភ័យមន្ត្រីហុងកុង ក៏ដូចជារៀបចំផែនការឱ្យបរទេសធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ហុងកុង។
 
ទន្ទឹមនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បាននិយាយថា ជុំវិញដីកាចាប់ខ្លួន ជាឧទាហរណ៍​ជាក់ស្តែង​នៃការឈានទៅកាន់កាប់អំណាចផ្តាច់ការនៃច្បាប់​ក្រៅ​ទឹកដី​របស់​ចិន។
 
ចំណែករដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បាននិយាយថា ទីក្រុងកង់បេរ៉ាមានការខកចិត្តយ៉ាងខ្លាំងចំពោះដីកាចុងក្រោយនេះ។ លោកស្រី Wong បន្តថា ៖ « យើងមានការព្រួយបារម្ភជាបន្តបន្ទាប់អំពីការអនុវត្តយ៉ាងទូលំទូលាយនៃច្បាប់សន្តិសុខជាតិ ដើម្បីចាប់ខ្លួន ឬដាក់សម្ពាធលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសង្គមស៊ីវិល»។
 
ជាមួយក្រុមអ្នករិះគន់ទីក្រុងប៉េកាំង បានសម្តែងការព្រួយបារម្ភខ្លាំងចំពោះប៉ូលិសចិន ដែលគេសង្ស័យថា ប្រតិបត្តិការនៅក្នុងប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប និងអាម៉េរិកខាងជើង។ ចិនបានអះអាងថា ពួកគេគ្រាន់តែជាអ្នកផ្តល់សេវាកម្មចំពោះពលរដ្ឋចិន ដែលត្រូវការជំនួយក្នុងការងាររដ្ឋបាលដូចជាការបន្តលិខិតឆ្លងដែនប៉ុណ្ណោះ៕
 
 

Tag:
 ហុងកុង
  ចិន
  អាម៉េរិក
  អង់គ្លេស
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com