កីឡាជាតិ
ជាតិ
ក្រោយចែកផ្លូវជាមួយនគរបាលជាតិ លោក អ៊ុន កនយ៉ានិត នឹងពង្រឹងសមត្ថភាពអាជីពគ្រូបង្វឹកបន្ថែម
05, Jul 2023 , 4:59 pm        
រូបភាព
លោក អ៊ុន កនយ៉ានិត អតីតគ្រូបង្វឹកនគរបាលជាតិ រូបពីសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
លោក អ៊ុន កនយ៉ានិត អតីតគ្រូបង្វឹកនគរបាលជាតិ រូបពីសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
ក្លិបកីឡាបាល់ទាត់នគរបាលជាតិ បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកលោក អ៊ុន កនយ៉ានិត ក្រោយដឹកនាំ១៣ឆ្នាំ។ ទោះជាចែកផ្លូវគ្នា ប៉ុន្ដែលោកកនយ៉ានិត នឹងបន្តអភិវឌ្ឍខ្លួន ក្នុងអាជីពជាគ្រូបង្វឹក ព្រោះអាជីពក្នុងវិស័យបាល់ទាត់នេះ ជួយលោក មានទំនាក់ទំនងជាមួយមនុស្សជាច្រើន ហើយការជាផ្នែកមួយនៃរបរចិញ្ចឹមជីវិតផងដែរ។



នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្លិបបាល់ទាត់នគរបាលជាតិ បានប្រកាសពីកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ ជាមួយ លោក អ៊ុន កនយ៉ានិត គ្រូបង្វឹកក្លិបបាល់ទាត់នគរបាល់ជាតិ ជាផ្លូវការ។ លោក អ៊ុន កនយ៉ានិត បានប្រាប់ថា នេះ គឺជាគោលការណ៍របស់ក្លិប ក្នុងការដាក់គោលដៅសម្រាប់អភិវឌ្ឍ ម្យ៉ាងវិញទៀត ក៏ជាការឱកាសសម្រាប់ ខ្លួនលោក ដើម្បីស្វែងរកអ្វី ដែលថ្មី ក្នុងអាជីពនេះ។
 
ចំពោះការបន្ដអាជីពជាគ្រូបង្វឹក សម្រាប់ក្លិបណាមួយ លោក អ៊ុន កនយ៉ានិត មិនទាន់បញ្ជាក់បានទេ ប៉ុន្ដែ គ្រូវ័យ ៤៣ឆ្នាំនេះ បានប្រាប់ថា នឹងមិនបោះបងចោលការអភិវឌ្ឍ និងបន្ដអាជីពនេះទេ ដោយរូបលោក នឹងប្រឹងធ្វើឲ្យបានល្អជាងនេះ។ ម្យ៉ាងវិញទៀត គ្រូបង្វឹករូបនេះ ក៏បាននិយាយបន្ថែមផងដែរថា តាមរយៈការប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ ទាំងជាកីឡាករ និងជាគ្រូបង្វឹក បានធ្វើឲ្យ លោក យ៉ានិត បានស្គាល់មនុស្សជាច្រើន ជាពិសេសទៀតនោះ អាជីពនេះ បានធ្វើឲ្យរូបលោករកចំណូលអាចទ្រទ្រង់ខ្លួនបាន។ 
 
«ខ្ញុំ មិនបោះបង់អាជីពមួយនេះទេ ព្រោះអ្វី ដែលខ្ញុំមាន ទាំងការងារ ក៏ដូចជាការទំនាក់ទំនង គឺដោយសារតែបាល់ទាត់នេះ។ ពីតូចមក ខ្ញុំ ជាកូនអ្នកក្រក្រីដែរ ប៉ុន្ដែខ្ញុំ បានពុះពារតស៊ូ ក្នុងវិស័យបាល់ទាត់តាំងពីខ្ញុំ អាយុ ១៥ឆ្នាំ។»។ លោក អ៊ុន កនយ៉ានិត បានិយាយដូច្នេះ។
 
លោក អ៊ុន កនយ៉ានិត បានចូលរួមជាមួយក្លិបនគរបាលជាតិតាំងពីឆ្នាំ២០០៩ ក្នុងតួនាទីជាកីឡាករផង និង គ្រូបង្វឹកស្ដីទីផង ហើយត្រូវបានតែងតាំងជាគ្រូបង្គោលនៅឆ្នាំ២០១០។ អតីតគ្រូបង្វឹកវ័យ បានចូលរួមជាមួយក្លិប តាំងពីចុងឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០២៣ ដោយក្នុងនោះ ធ្លាប់ជួយឲ្យ នគរបាលជាតិឈ្នះជើងឯកពានរង្វាន់ប៉ូលីសអាស៊ាន នៅប្រទេសវៀតណាម ឆ្នាំ២០១២, ពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ២០១៤ និងជើងឯករង នៃពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១២ នាអំឡុងខែតុលា ឆ្នាំ២០១៨៕
 

Tag:
 បាល់ទាត់
  អ៊ុន កនយ៉ានិត
© រក្សាសិទ្ធិដោយ thmeythmey.com