កីឡាអន្តរជាតិ
អន្តរជាតិ
Drogba រួមដៃជាមួយ FIFPRO និង​ ILO បង្រៀនកីឡាករអាហ្វ្រិកអំពីការឆបោករបស់ភ្នាក់ងារ
05, Jul 2023 , 7:29 pm        
រូបភាព
Didier Drogba អតីតខ្សែប្រយុទ្ធឆ្នើម Chelsea មើលឃើញថាកីឡាករបាល់ទាត់ក្នុងប្រទេសតំបន់អាហ្វ្រិក ជារឿយៗងាយធ្លាក់ចូលទៅក្នុងការបោកប្រាស់ របស់ទីភ្នាក់ងារក្លែងក្លាយ ដែលលួចសន្យាចំពោះភាពល្បីល្បាញ និងទ្រព្យសម្បត្តិ។ Drogba នឹងបង្កើតក្រុមការងារ បង្រៀនកីឡាករអាហ្វ្រិក ឱ្យគេចផុតពីការបោកប្រាសរបស់ភ្នាក់ងារទាំងនោះ។



តាមរយៈមូលនិធិផ្ទាល់ខ្លួន ​Drogba បានរួមដៃគ្នាជាមួយនឹងស្ថាប័នសហព័ន្ធកីឡាករបាល់ទាត់អន្តរជាតិ (FIFPRO)​ និងអង្គការការងារអន្តរជាតិ (ILO) ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យដែលអាចកើតឡើង ទាក់ទងនឹងទីភ្នាក់ងារកីឡាករក្លែងក្លាយ។ 
  


«សូមមេត្តា ខ្ញុំត្រូវការអ្នកទាំងអស់គ្នាឮពីរឿងទាំងនេះ។ គួរតែប្រុងប្រយ័ត្នចំពោះនរណាម្នាក់ដែលអ្នកជឿទុកចិត្ត សូមកុំជឿជាក់លើមនុស្សដែលចង់បានតែលុយរបស់អ្នកអី។»។ អតីតខ្សែប្រយុទ្ធក្រុមកូតឌឺវ័រ និយាយបែបនេះ ក្នុងឃ្លីបវីដេអូមួយដើម្បីផ្តាំផ្ញើទៅដល់កីឡាករអាហ្វ្រិក។
 
ស្ថាប័ន FIFPRO ធ្លាប់បានស្ទង់មតិកាលពីពេលថ្មីៗនេះ ដោយរកឃើញថា៧០ភាគរយ នៃកីឡាករចំនួន ២៦៣នាក់មកពី ៧ប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិក ត្រូវបានក្រុមភ្នាក់ងារក្លែងក្លាយ ទាក់ទងដោយបានសន្យាថា នឹងជួយពួកគេផ្លាស់ប្តូរក្លិបថ្មី។
 
ជារឿយៗ កីឡាករដែលជិតនឹងត្រូវបានផ្តល់ឱកាសនៃការសាកល្បងមានប្រមាណ ៤៣ភាគរយ ឬការចុះកិច្ចសន្យាជាមួយក្លិបមានត្រឹម ៣៩ភាគរយប៉ុណ្ណោះ។ ចំណែក ៥៦ភាគរយ គឺទៅលើការមិនទទួលបានការសាកល្បងដែលក្រុមភ្នាក់ងារបានសន្យា ខណៈ ៤៤ភាគរយ គឺមិនអាចចុះកិច្ចសន្យាជាមួយក្លិប ទៅតាមអ្វីដែលពួកគេបានរំពឹងទុកឡើយ។
  


សេចក្តីថ្លែងការណ៍ពី​ FIFPRO បានប្រកាសដូច្នេះថា៖« FIFPRO បានឮនូវរឿងរ៉ាវជាច្រើន អំពីកីឡាករដែលត្រូវបានទាក់ទាញដោយមនុស្ស ដែលព្យាយាមតាំងខ្លួនធ្វើជាភ្នាក់ងាររបស់កីឡាករ ដោយបានសន្យាចំពោះការរៀបចំកិច្ចសន្យាជាមួយ​ក្លិបថ្មី។ ការពិតមិនសូវល្អមើលទេ ករណីដ៏អាក្រក់បំផុតមួយចំនួនទៅលើកីឡាករ ត្រូវបានមើលឃើញថា ពួកគេជាប់គាំងនៅបរទេស ដោយគ្មានលុយដើម្បីត្រលប់ទៅផ្ទះវិញ។»។
 
​ចំពោះករណីកើតឡើងច្រើននោះ គឺលើកីឡាករវ័យក្មេងរបស់អាហ្វ្រិក។ Drogba បាននិយាយដាស់តឿនពួកគេថា ពិតជាគ្រោះថ្នាក់ក្នុងការចង់បានភ្នាក់ងារ សម្រាប់ការផ្លាស់ប្តូរក្លិប។ Drogba អះអាងបន្ថែមនៅលើបញ្ហាទាំងនេះថា ភ្នាក់ងារល្អ គឺជាមនុស្សដែលមើលទៅយើងមិនអាចទុកចិត្តបាន តែជាភ្នាក់ងារល្អពិតប្រាកដ។
 
យ៉ាងណាពេលដ៏ខ្លីខាងមុខ ​សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នឹងចេញបទប្បញ្ញត្តិថ្មីមួយ នៅដើមខែកញ្ញា ដោយគ្រប់ភ្នាក់ងារបាល់ទាត់ទាំងអស់ នឹងត្រូវតែមានលិខិតបញ្ជាក់ពី FIFA ហើយដើម្បីឱ្យមានលិខិតទាំងអស់នេះពួកគេក៏ត្រូវតែឆ្លងកាត់ការប្រលងជាមុនផងដែរ។
 
Drogba វ័យ ៤៥ឆ្នាំ គឺជាកីឡាករអាហ្រ្វិកដែលជោគជ័យបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្របខណ្ឌ ​Premier League ដោយរូបគេ ធ្លាប់រកបានគ្រាប់បាល់ចំនួន ១៦៤គ្រាប់ឱ្យ ​Chelsea។ Drogba ឈ្នះពានរង្វាន់ Premier League ចំនួន ៤លើក និង Champions League ១លើក មិនតែប៉ុណ្ណោះ គេឈ្នះស្បែកជើងមាស ជាកីឡាករស៊ុតបញ្ចូលទីច្រើនក្នុងមួយរដូវកាលចំនួន ២លើក៕
 

Tag:
 Didier Drogba
© រក្សាសិទ្ធិដោយ thmeythmey.com