អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
១៣ កក្កដា ជាថ្ងៃរើសនាយក​រដ្ឋមន្ត្រី​ថៃថ្មី ខណៈការ​បោះឆ្នោតអាចធ្វើ​ច្រើនជុំ
05, Jul 2023 , 8:29 pm        
រូបភាព
លោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ ។ រូបភាពពីហ្វេសបុក Pita Limjaroenrat - พิธา ลิ้มเจริญรัตน์ ។
លោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ ។ រូបភាពពីហ្វេសបុក Pita Limjaroenrat - พิธา ลิ้มเจริญรัตน์ ។
សភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនៅថ្ងៃទី១៣ ខែកក្កដាខាងមុខ។ ប៉ុន្តែប្រធានរដ្ឋសភាថៃ Wan Muhamad Noor Matha បាននិយាយនៅថ្ងៃទី៥ ខែកក្កដាថា ការបោះឆ្នោតនាយករដ្ឋមន្ត្រីអាចធ្វើឡើងច្រើនជុំ ប្រសិនបើលោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនទទួលសំឡេងភាគច្រើនក្នុងការបោះឆ្នោតជុំដំបូងទេនោះ។

 
បន្ទាប់ពីជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភារួចរាល់ ស្ថាប័ននីតិបញ្ញត្តិថៃនឹងបន្តជ្រើសរើសនាយករដ្ឋមន្រ្តីថៃដែលធ្វើនៅថ្ងៃទី១៣ ខែកក្កដាខាងមុខ។ មេដឹកនាំបក្សឆ្ពោះទៅមុខ Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់សម្ព័ន្ធភាព៨បក្ស។ 
 
ប្រធានរដ្ឋសភាថៃថ្មីលោក Wan Muhamad បាននិយាយថា បក្សសម្ព័ន្ធភាពគាំទ្រលោក Pita។ ដោយឡែកប្រសិនបើលោក Pita មិនទទួលបានសំឡេងភាគច្រើនពីសមាជិកសភា និងព្រឹទ្ធសភាផ្សេងទៀតទេ ការបោះឆ្នោតប្រហែលនឹងត្រូវធ្វើពីរទៅបីដងទៀត។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។ 
 
ម៉្យាងវិញទៀត លោក Wan Muhamad ក៏បានបញ្ជាក់ថា ប្រសិនបើការប្រឹងប្រែងម្តងហើយម្តងទៀតមិនបានសម្រេច ដំណោះស្រាយថ្មីនឹងត្រូវធ្វើឡើង ព្រោះសភាមិនអាចជំរុញឱ្យមានការឧទ្ទេសនាមបេក្ខភាពច្រើនដងបានទេ។
 
«សមាជិក​សភា​នឹង​មិន​ចង់​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ទេ ប្រសិន​បើ​វា​នៅ​តែ​បន្ត»។ លោក​បន្តថា ៖ «ប្រសិន​បើ​ពួកគេ​អវត្តមាន វា​មាន​ន័យ​ថា​នឹង​មាន​ការ​ខ្វះខាត​ចំនួន​សមាជិក​សភា​ដែល​ត្រូវ​ការ។ វាជាការសំខាន់ណាស់ដែលភាគីទាំង ៨ ទទួលស្គាល់ដោយស្មោះថាពួកគេបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ បើ​យើង​អាច​ធ្វើ​បាន យើង​នឹង​បន្ត​ការងារ។ បើមិនអញ្ចឹងទេ យើងត្រូវរកមូលហេតុ»។
 
យោងតាមរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្ត្រីថ្មីត្រូវទទួលបានសំឡេងយ៉ាងតិច៣៧៦សំឡេងក្នុងចំណោមសមាជិកសភាទាំង៧៥០រូប ដែលក្នុងនោះមានសមាជិកសភាតំណាងរាស្រ្ត៥០០រូប និងសមាជិកព្រឹទ្ធសភា២៥០រូប។
 
ក្រុមសម្ព័ន្ធទាំង៨បក្សរបស់លោក Pita ប្រមូលបាន៣១២ អាសនៈក្នុងសភាតំណាងរាស្រ្ត ដែលមិនគ្រប់គ្រាន់៣៧៦សំឡេងប៉ុណ្ណោះ។ សម្ព័ន្ធភាពនេះ នៅតែត្រូវការច្រើនជាង ៦០សំឡេងទៀតដែលពីសមាជិកព្រឹទ្ធសភា ឬតំណាងមកពីគណបក្សផ្សេងទៀត។
 
ទោះ​ជា​យ៉ាង​ណា សមាជិក​ព្រឹទ្ធសភា​ជា​ច្រើន​នៅ​តែ​បង្ហាញ​ការ​មន្ទិល​សង្ស័យ​ចំពោះ​បេក្ខជនលោក Pita។ សមាជិក​សភា​មួយ​ចំនួន​បាន​ប្រកាស​ថា​ពួកគេ​នឹង​មិន​គាំទ្រ​គាត់​ដោយ​ហេតុផល​ថា​ បក្ស​ឆ្ពោះទៅមុខ​ស្វែងរក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់មាត្រា ១១២ នៃ​ក្រមព្រហ្មទណ្ឌ​ថៃ។ ច្បាប់​នេះចែង​ថា អ្នក​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​រាជវង្ស​ថៃ​នឹង​ត្រូវ​កាត់ទោស​ដាក់​ពន្ធនាគារ​រហូត​ដល់១៥ឆ្នាំ។
 
គេក៏ឃើញពីលទ្ធភាពមួយទៀត គឺបើ​មេដឹកនាំបក្សឆ្ពោះទៅមុខ​បរាជ័យ​ក្នុង​សំឡេង​ច្រើន បក្ស​ភឿថៃ​អាចនឹង​ត្រូវ​ស្នើ​ឲ្យ​ដាក់​បេក្ខជនបន្ត។ លោក Wan Muhamad មិនបានធ្វើអត្ថាធិប្បាយលើរឿងនេះទេ ដោយសង្កត់ធ្ងន់ថា ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ បក្សឆ្ពោះទៅមុខ និងភឿថៃនឹងត្រូវរួបរួមគ្នា ខណៈដែលពួកគេបានទទួលសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្តស្មើនឹង២៩២ អាសនៈ។ លោក​បាន​ថ្លែង​ថា​ ​បក្ស​ផ្សេង​ទៀត​នឹង​មិន​មាន​ឱកាស​បង្កើត​រដ្ឋាភិបាល​ទេ។
 
ជាមួយគ្នានេះ មេដឹកនាំបក្សភឿថៃលោក Cholnan Srikaew បាននិយាយកាលពីថ្ងៃទី៤ ខែកក្កដា ថា សមាជិកនៃសម្ព័ន្ធទាំង៨បក្ស នឹងបោះឆ្នោតជាឯកច្ឆ័ន្ទឱ្យលោក Pita ។ លោកក៏បានទទួលស្គាល់ថា ជារឿងពិបាកក្នុងការទស្សន៍ទាយអ្វីដែលនឹងកើតឡើងនៅក្នុងសភា ជាពិសេសនៅពេលនិយាយអំពីការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភា៕
 

Tag:
 ថៃ
  បោះឆ្នោត
  Pita
© រក្សាសិទ្ធិដោយ thmeythmey.com