ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មាត្រាថ្មី៖ បក្សទាំងមូល អាចត្រូវហាមឈរឈ្មោះបោះឆ្នោត៥ឆ្នាំ និងរងពិន័យដល់៣០លានរៀល
05, Jul 2023 , 8:59 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូប៖ ប៉ូ សាគុន
ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូប៖ ប៉ូ សាគុន
ដោយ៖ ទេពញាណ 

មាត្រាថ្មី ដែលទើបនឹងត្រូវសរសេរបញ្ចូលទៅក្នុងច្បាប់បោះឆ្នោត បានផ្តល់សិទ្ធិអំណាចធំធេងជាងមុនជូន​ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការដាក់ទោសទៅលើបេក្ខជន ឬគណបក្សទាំងមូល។


បើគណបក្សណា ហ៊ានប្រព្រឹត្តតែមួយចំណុចក្នុងចំណោមអំពើទាំងនេះ រួមមាន រារាំង ឬញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត, ណែនាំ ឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត, ធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត, បង្កការរំខានមិនឲ្យការបោះឆ្នោតដំណើរការបាន, បង្កការរំខានមិនឲ្យការរាប់សន្លឹកឆ្នោតដំណើរការបាន ។ល។ គ.ជ.ប នឹងដកគណបក្សនោះ ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតវិញ។ 
 
មិនត្រឹមតែប៉ុណ្ណឹងទេ គ.ជ.ប ដែលជាអាជ្ញាកណ្តាល នៅអាចដាក់ទោសធ្ងន់ជាងនេះបន្ថែមទៀត ដោយដកសិទ្ធិពីគណបក្សដដែលនោះ មិនឲ្យឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំទៅមុខយ៉ាងតិច និងពិន័យប្រាក់ពី១០លានរៀល ដល់៣០លានរៀល។  
 
បើអំពើណាមួយក្នុងចំណោមអំពើខាងលើ ត្រូវបានប្រព្រឹត្តដោយបុគ្គលជាបេក្ខជន គ.ជ.ប នឹងអនុវត្តច្បាប់ចំពោះបេក្ខជននោះ ទៅតាមលំនាំដូចអ្វីដែលត្រូវអនុវត្តលើគណបក្ស ពោលគឺបេក្ខជននោះ ត្រូវដកចេញពីបញ្ជីបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោត និងប្រឈមការដកសិទ្ធិមិនឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេល៥ឆ្នាំទៅមុខយ៉ាងតិច។ ប៉ុន្តែ បេក្ខជននោះ អាចត្រូវពិន័យប្រាក់ពី៥លានរៀល ដល់២០លានរៀលប៉ុណ្ណោះ។  
 
មាត្រាថ្មី នៅមានចែងចំណុចសំខាន់មួយទៀត អំពីសិទ្ធិរបស់អ្នកដែលឈរឈ្មោះឲ្យគេបោះឆ្នោត។ អ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត លុះត្រាតែបានចូលរួមបោះឆ្នោត ទើបអាចមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។ និយាយផ្ទុយមកវិញ បើបុគ្គលណា មិនបានចូលរួមបោះឆ្នោត បុគ្គលនោះ នឹងមិនអាចឈរជាបេក្ខជនឲ្យគេបោះឆ្នោតឡើយ។ 
 
ការបោះឆ្នោតនៅកម្ពុជា មាន២ប្រភេទ គឺការបោះឆ្នោតសាកល និងការបោះឆ្នោតអសាកល។ ការបោះឆ្នោតសាកល សំដៅលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ ការបោះឆ្នោតអសាកល សំដៅលើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។
 
អាចមានសិទ្ធិឈរជាបេក្ខជនតំណាងរាស្រ្ត លុះត្រាតែបានទៅបោះឆ្នោត២ដងចុងក្រោយជាប់គ្នា សម្រាប់ការបោះឆ្នោតសាកល។ ឧទាហរណ៍៖ បើចង់ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តនៅឆ្នាំ២០២៨ បុគ្គលម្នាក់ ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣ និងបន្តទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២៧។ 
 
អាចមានសិទ្ធិឈរជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវឆ្លងកាត់ការបោះឆ្នោតបានមួយដងចុងក្រោយ សម្រាប់ការបោះឆ្នោតសាកល។ ឧទាហរណ៍៖ អ្នក ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣ នឹងអាចឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២៧។ 
 
អាចមានសិទ្ធិឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា ត្រូវមានប្រវត្តិធ្លាប់បោះឆ្នោតបាន២ដងចុងក្រោយ សម្រាប់ការបោះឆ្នោតសាកល។ 
 
អាចមានសិទ្ធិឈរជាបេក្ខជនសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ត្រូវទៅបោះឆ្នោតឲ្យបានម្តងលើកចុងក្រោយ សម្រាប់ការបោះឆ្នោតសាកល។
 
សូមបញ្ជាក់ថា សេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតខាងលើ ដែលតាក់តែងឡើងដោយរាជរដ្ឋាភិបាល ត្រូវបានព្រះករុណាជាម្ចាស់ជីវិតលើត្បូង ចេញព្រះរាជក្រម នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ប្រកាសដាក់ឲ្យប្រើប្រាស់ជាច្បាប់ បន្ទាប់ពីឆ្លងកាត់អនុម័តយល់ព្រមពីស្ថាប័នកំពូលទាំង៣រួចមក គឺរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ៕ 
 

Tag:
 ច្បាប់បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com