កីឡាអន្តរជាតិ
អន្តរជាតិ
IOC ជឿជាក់បារាំងរៀបអូឡាំពិក Paris 2024 ជោគជ័យ ទោះមានកុបកម្ម​
05, Jul 2023 , 9:29 pm        
រូបភាព
គណៈកម្មាធិកាអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី៤ ខែកក្កដា សម្តែងការសោកស្តាយ​ ចំពោះចលាចលដែលបានកើតឡើងនៅក្នុងប្រទេសបារាំង។ ទោះការតវ៉ាដែលក្លាយជាកុបកម្មក្នុងក្រុងប៉ារីស តែស្ថាប័នកីឡាអូឡាំពិកដ៏ធំលើលោកមួយនេះ នៅតែមានជំនឿយ៉ាងមុតមាំទៅលើប្រទេសបារាំង នឹងគ្រប់គ្រងស្ថានបានក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។



រឿងហេតុនៃការធ្វើកុបកម្ម បន្ទាប់ពីមានយុវជនម្នាក់ឈ្មោះ Nahel M. វ័យ ១៧ឆ្នាំ បានស្លាប់ដោយការបាញ់ពីសំណាក់មន្ត្រីប៉ូលិស កាលពីសប្តាហ៍មុននៅទីប្រជុំជនក្នុងទីក្រុងប៉ារីស។ ការបាញ់សម្លាប់មនុស្ស រុញច្រានទៅជាអុកឡុកលួចសម្ភារតាមហាងទំនិញ, ការដុតរថយន្ត និងការតវ៉ាដ៏ខ្លាំងក្លាមួយរវាងអ្នកតវ៉ាដែលមិនពេញចិត្តនឹងអ្វីដែលពួកគេចាត់ទុកជាការរើសអើងពីសំណាក់អាជ្ញាធរ។
  


មកដល់ពេលនេះ​ តំបន់ជាយក្រុងប៉ារីស និងទីក្រុង Marseille នៅភាគខាងត្បូងដែលជាចំណុចសំខាន់ៗនៃការធ្វើកុបកម្ម ហាក់មានភាពស្ងប់ស្ងាត់ទៅវិញបន្តិច។
លើបញ្ហាដែលកើតមានក្នុងប្រទេសបារាំង IOC បានបង្ហាញភាពសោកស្តាយចំពោះព្រឹត្តិការណ៍ហិង្សាដែលបានកើតមានឡើង ប៉ុន្តែស្ថាប័នដ៏ធំមួយនេះនៅតែអះអាងថានឹងមិនប៉ះពាល់ដ៏ការប្រកួតអូឡាំពិកឡើយ។
 
«យើងបានសិក្សាពីបញ្ហា ហើយពិតជាសោកស្តាយចំពោះហេតុដ៏អាក្រង់ដែលកើតឡើងក្នុងប្រទេសបារាំង។ យើងនៅតែមានជំនឿយ៉ាងមុតមាំថា គណៈកម្មាធិកាគ្រប់គ្រង និងអាជ្ញាធរបារាំងនឹងនាំមកនៅភាពជោគជ័យសម្រាប់ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក រួមទាំងការទទួលបដិសណ្ឋារកិច្ចល្អប្រសើរពីសំណាក់ប្រជាជនបារាំង ក្នុងការស្វាគមន៍ការប្រកួតកីឡាលំដាប់ថ្នាក់ពិភពលោកនេះ។»។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យ IOC។
 
ហេតុការណ៍នៃអំពើហិង្សាមិនបានបង្កជាផលប៉ះពាល់ដល់ទីតាំងរៀបចំព្រឹត្តិការណ៍អូឡាំពិកឡើយ បើទោះផ្នែកខាងមុខនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាហែលទឹកអូឡាំពិកទីក្រុងប៉ារីសរងការខូចខាតអំឡុងពេលមានហិង្សាក៏ដោយ។
 
សូមជមា្របថាព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីបើកនៃព្រឹត្តិការណ៍ ​Paris 2024 ក៏នឹងត្រូវធ្វើឡើងនៅតាមបណ្តោយដងទន្លេរក្នុងទូក្រុងផ្ទាល់ និងលើកដំបូងក្នុងប្រវត្តិសាស្ត្រអូឡាំពិក ដែលកម្មវិធីបើកធ្វើឡើងនៅក្រៅកីឡដ្ឋានដែលរៀបចំ៕
 

Tag:
 Paris 2024
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com