កីឡាអន្តរជាតិ
អន្តរជាតិ
Firmino ចូលរួមក្លិប Al-Ahli បន្ទាប់ពីដាច់កុងត្រាជាមួយ Liverpool
05, Jul 2023 , 6:40 pm        
រូបភាព
Roberto Firmino ទៅចូលរួមក្រុម Ah-Ahli លីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត ក្រោយពីបានចែកផ្លូវជាមួយក្រុម Liverpool រួចមក។ នេះបើតាមក្លិបស្ថិតនៅក្របខណ្ឌ Saudi Pro league ប្រកាសនាថ្ងៃទី៤ ខែកក្កដា។



តាមរយៈការបង្ហោះវីដេអូមួយនៅលើគណនី Twitter របស់ក្រុម Al-Ahli ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបាននិយាយដូច្នេះថា៖ «ខ្ញុំតែងតែចង់លេងសម្រាប់ក្រុមដ៏ធំ ហើយពេលនេះខ្ញុំនៅក្នុងក្រុម Al-Ahli។»។

កីឡាករវ័យ ៣១ឆ្នាំ ចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយនឹងក្រុមស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយនឹងរួមក្រុមជាមួយនឹងអតីតអ្នកចាំទីក្រុម Chelsea គឺ Eduard Mendy ដែលទើបចាកចេញពីក្របខណ្ឌ Premier League បន្ទាប់ពីចំណាយពេលរយៈពេល ៣រដូវកាល។

ក្រុម Al-Ahli បានវិលត្រលប់ទៅកាន់ក្របខណ្ឌ Saudi Pro league បន្ទាប់ពីចំណាយពេលវេលាមួយរដូវកាល ២០២២​-២៣ នៅក្នុងក្របខណ្ឌទីពីរ។ ក្រុម Al-Ahli ពេលបច្ចុប្បន្នជាក្រុមមិនទាន់មានគ្រូបង្វឹកឡើយ ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិអាហ្វ្រិក Pitso Mosimane ចាកចេញ។

Firmino បានចូលរួមជានឹងក្រុម Liverpool នៅក្នុងឆ្នាំ ២០១៥ នឹងបានជួយក្រុមរហ័សនាមហង់ក្រហមឈ្នះជើងឯ Champions League, FA Cup និង ​Premier League។ កីឡាករសញ្ជាតិប្រេស៊ីលទទួលបានការលាគ្នាចុងក្រោយរបស់គេជាមួយអ្នកគាំទ្រ Liverpool នៅក្នុងទឹកដីកីឡដ្ឋាន ​Anfield កាលពីចុងខែឧសភា។

ការផ្លាស់ទៅទឹកដីអារ៉ាប៊ីសាអូឌីតនេះ Firmino ស្ថិតក្នុងចំណោមបញ្ជីឈ្មោះកីឡាករល្បីឈ្មោះនារយៈពេលចុងក្រោយដែលបានចាប់យកឱកាសនៅទឹកដីអារ៉ាប៊ីសាអូឌីត ចាប់តាំងពី Cristiano Ronaldo បានផ្លាស់ទៅដំបូងគេនៅក្នុងខែមករា ដើមឆ្នាំ ២០២៣។ កាលពីពេលថ្មីៗកន្លងទៅកីឡាករ Karim Benzema, N’Golo Kante, Ruben Neves, Kalidou Koulibaly, Marcelo Brozovic និងលោក Steven Gerrard បានផ្លាស់ទៅទឹកដីអារ៉ាប៊ីសាអូឌីត ធ្វើឱ្យអង្រួនលីគកំពូលអារ៉ាប៊ីសាអូឌីត៕




Tag:
 Roberto Firmino
  Liverpool
  Al-Ahli
© រក្សាសិទ្ធិដោយ thmeythmey.com