ជាតិ
បោះឆ្នោត
អន្តរជាតិ
ការបោះឆ្នោតជាកាតព្វកិច្ចនៅអូស្ត្រាលី, សិង្ហបុរី, បែលហ្ស៊ិក, លុចសំបួរ និងប្រទេសមួយចំនួន​ទៀត
05, Jul 2023 , 6:32 pm        
រូបភាព
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៤ ខែកក្កដា បានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ វិសោធនកម្មច្បាប់បោះឆ្នោត គឺមានការចែងថ្មី ពាក់ព័ន្ធនឹងអ្នកដែលមិនទៅបោះឆ្នោត ដែលមានន័យថា អ្នកមិនទៅបោះឆ្នោត និងមិនអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ នៅពេលចង់ធ្វើនយោបាយ។ ដោយឡែកបណ្តាប្រទេសមួយចំនួន ការបោះឆ្នោតត្រូវបានកំហិត និងជាកាតព្វកិច្ចសម្រាប់ពលរដ្ឋ ដោយមិនត្រឹមតែអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតនោះឡើយ។

 
ព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត Field Suffrage  ដែលផ្សាយនៅលើគេហទំព័រភា្នក់ងារចារកម្មមជ្ឈិមអាមេរិក (CIA) បង្ហាញថា ប្រទេស/ដែនដី ជាង២០ បានកំណត់ការបោះឆ្នោតគឺជាកាតព្វកិច្ច ឬកំហិតសម្រាប់ពលរដ្ឋដែលគ្រប់អាយុ។ ប្រទេសខ្លះ បានចែងពីករណីយកិច្ចនេះ នៅក្នុងរដ្ឋធម្មនុញ្ញ ហើយប្រទេសខ្លះចែងនៅក្នុងច្បាប់បោះឆ្នោត។

យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី ការតម្រូវឱ្យបោះឆ្នោតជាកំហិត (Compulsory Voting)  ត្រូវបានអនុវត្តជាលើកដំបូងនៅឆ្នាំ១៩១៥ នៅរដ្ឋ Queensland និងបន្តអនុវត្តកម្រិតសហព័ន្ធចាប់ពីឆ្នាំ១៩២៤ មក ដែលធ្វើឱ្យអត្រាអ្នកទៅបោះឆ្នោតមិនដែលក្រោម៩០ភាគរយនោះឡើយ។
 
បុគ្គលដែលមិនគោរពតាមកាតព្វកិច្ចបោះឆ្នោត ប្រឈមនឹងការហាមឃាត់ការចាកចេញពីអូស្ត្រាលី និងការពិន័យផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរផ្តល់ភាពងាយស្រួលមួយចំនួនសម្រាប់អ្នកបោះឆ្នោត ដូចជាការបោះឆ្នោតតាមប្រៃសណីយ៍ ឬបោះឆ្នោតមុនសម្រាប់អ្នករស់នៅ ឬជាប់បេសកកម្មក្រៅប្រទេស, ការរៀបចំមណ្ឌលបោះឆ្នោតចល័តតាមមន្ទីរពេទ្យ ពន្ធនាគារ និងទីដាច់ស្រយាល ជាពិសេសសម្រាប់អ្នកដែលមានពិការភាព អ្នកជំងឺ ឬស្ត្រីមានផ្ទៃពោះ ដែលពិបាកធ្វើដំណើរ។ 
 
បុគ្គលដែលមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ប្រឈមនឹងការពិន័យជាទឹកប្រាក់៥០ដុល្លារអូស្ត្រាលី ហើយអ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានហេតុផលត្រឹមត្រូវ ក៏ប្រឈមនឹងការពិន័យ២០ដុល្លារអូស្ត្រាលីផងដែរ។
 
 នៅបែលហ្ស៊ិក ការបោះឆ្នោតក្លាយជាកាតព្វកិច្ចចាប់តាំងពីឆ្នាំ១៨៩៤មក។ និយោជកគ្មានសិទ្ធិដាក់សម្ពាធការងារលើកម្មករនាថ្ងៃបោះឆ្នោតនោះឡើយ។ អ្នកមិនទៅបោះឆ្នោត ត្រូវរងការពិន័យពី៤០ទៅ៨០អឺរ៉ូ ហើយឡើងរហូតដល់២០០អឺរ៉ូ ក្នុងករណីដដែលៗ។ ច្បាប់ចែងផងដែរថា បុគ្គលមិនទៅបោះរហូតដល់៤ដងក្នុងរយៈពេល១៥ឆ្នាំ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល១០ឆ្នាំ ហើយក៏មិនអាចទទួលបានការតែងតាំង ការដំឡើងឋានៈណាមួយពីអាជ្ញាធរសាធារណៈនោះដែរ។ 
 
ការបោះឆ្នោតនៅប្រេស៊ីលក្លាយជាកាតព្វកិច្ចតាំងពីឆ្នាំ១៩៣២មក សម្រាប់អ្នកមានអាយុពី១៨ទៅ៧០ឆ្នាំ។ ពលរដ្ឋដែលមិនមានវត្តមានបោះឆ្នោត៣លើកចុងក្រោយ ត្រូវប្រឈមនឹងការពិន័យ ហើយបុគ្គលនោះ ត្រូវបានរារាំងសម្រាប់តំណែងសាធារណៈ និងមិនអាចទទួលបានលិខិតឆ្លងដែន។
 
នៅក្រិក មិនមានការពិន័យណាមួយឡើយ ប៉ុន្តែអ្នកដែលមិនបានទៅបោះឆ្នោត អាចពិបាកក្នុងការទទួលបានលិខិតឆ្លងដែន និងបណ្ណបើកបរ ខណៈនៅបូលីវី ចាប់តាំងពីឆ្នាំ១៩៥២មក បណ្ណបោះឆ្នោតអាចប្រើប្រាស់សម្រាប់ការបើកប្រាក់បៀរវត្សរ៍ ប៉ុន្តែមិនមានការបង្ខំសម្រាប់អ្នកមានអាយុលើស៧០ឆ្នាំឡើយ។
 
នៅលុចសំបួរ ពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំទាំងអស់ ត្រូវចុះឈ្មោះបោះឆ្នោត។ ប្រទេសមានការកំណត់ពិន័យយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកមិនបំពេញកាតព្វកិច្ចបោះឆ្នោត ពោលគឺពី១០០ទៅ២៥០អឺរ៉ូសម្រាប់សម្រាប់អវត្តមានលើកដំបូង ដោយគ្មាហេតុផលត្រឹមត្រូវ ហើយឡើងដល់ពី៥០០ទៅ១០០០អឺរ៉ូ ក្នុងករណីអវត្តមានពីរលើកជាប់គ្នា នារយៈពេល៥ឆ្នាំបន្ទាប់។
 
ដូចគ្នាផងដែរ សិង្ហបុរី បានកំណត់ការបោះឆ្នោតជាកាតព្វកិច្ចសម្រាប់ពលរដ្ឋគ្រប់រូប ព្រោះវាជាសិទ្ធិមូលដ្ឋាន និងជាទំនួលខុសត្រូវក្នុងការជ្រើសរើសមេដឹកនាំ។ ក្រោយការបោះឆ្នោត មន្ត្រីបោះឆ្នោតនឹងស្រង់បញ្ជីឈ្មោះ ហើយអ្នកមិនបានទៅបោះ (Non-Voters) នឹងត្រូវលុបឈ្មោះចេញសម្រាប់ការបោះឆ្នោតបន្ទាប់។ 
 
អ្នកមិនបានទៅបោះឆ្នោត ក៏មិនអាចឈរឈ្មោះជាបេក្ខជនសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី និងសភានោះដែរ។ ពួកគេអាចសុំចុះឈ្មោះបោះឆ្នោតឡើងវិញ ដោយភ្ជាប់ជាមួយនឹងហេតុផលច្បាស់លាស់ទាក់ទងនឹងការខកខានបោះកន្លងមក។ អ្នកដែលមិនអាចបញ្ជាក់ពីហេតុផលសមរម្យ នឹងត្រូវពិន័យ៥០ដុល្លារសិង្ហបុរី។
 
ហេតុផលមួយចំនួនដែលអាចទទួលយកបានមានដូចជា ការបំពេញការងារនៅបរទេស ឬការងារជំនួញចំថ្ងៃបោះឆ្នោត, ការសិក្សានៅបរទេស, រស់នៅជាមួយគ្រួសារដែលធ្វើការ ឬសិក្សានៅបរទេស, វិស្សមកាលនៅបរទេស, ឈឺ ឬសម្រាលកូន។
 
ថៃដែលជាប្រទេសជិតខាងកម្ពុជាវិញ ក៏បានដាក់កំហិតសម្រាប់អ្នកបោះឆ្នោតផងដែរ បើគិតចាប់តាំងពីឆ្នាំ១៩៩៧មក។ អ្នកមិនបានទៅបោះ នឹងត្រូវប្រឈមវិធានការផ្សេងៗ ប្រសិនបើពួកគេមិនមានហេតុផលបញ្ជាក់ឱ្យសមរម្យទេនោះ។ 
 
ទិន្នន័យដែលផ្សាយដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ប្រជាធិបតេយ្យ និងជំនួយការបោះឆ្នោត (IDEA) បង្ហាញថា ស៊ីលី, ស៊ីប, សាធារណរដ្ឋដូមីនិក, ហ្វីជី, ហ្គាតេម៉ាឡា, អ៊ីតាលី, ហូឡង់, អេស្ប៉ាញ, វេណេស៊ុយអេឡា, ខេត្ត Tyrol, Vorarlberg និង Styria (អូទ្រីស) ក៏ធ្លាប់អនុវត្តកាតព្វកិច្ចបោះឆ្នោតផងដែរ ប៉ុន្តែក្រោយត្រូវលុបចោលវិញ។
 
អាហ្សង់ទីន បានអនុម័តច្បាប់កាតព្វកិច្ចបោះឆ្នោតនៅឆ្នាំ១៩១២ ប៉ុន្តែឈរលើគោលការណ៍ស្ម័គ្រចិត្តសម្រាប់អ្នកបោះឆ្នោតអាយុពី១៦ទៅ១៨ឆ្នាំ។ នៅលីបង់ វាជាកាតព្វកិច្ចរបស់បុរសទាំងអស់ចាប់ពីអាយុ២១ឆ្នាំ រីឯប៉េរូ និងប៉ារ៉ាហ្គាយ ផ្តល់សិទ្ធិសម្រេចសម្រាប់អ្នកបោះឆ្នោតអាយុលើស៧៥ឆ្នាំ។
 
កោះសាម័រ បានអនុវត្តការពិន័យលើអ្នកមិនទៅបោះឆ្នោតជាលើកដំបូងនៅឆ្នាំ២០២១ រីឯស្វីស បន្តអនុវត្តតែនៅរដ្ឋ Schaffhausen មួយប៉ុណ្ណោះ។ បារាំងអនុវត្តកាតព្វកិច្ចសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ខណៈ ប៊ុលហ្គារី, កូស្តារីកា, អេហ្ស៊ីប, ហ្កាបុង, ហុងឌូរ៉ាស, អ៊ុយរូហ្កាយ, តួកគី, ប៉ាណាម៉ា, ម៉ិកស៊ិក, ណូរុ, លិចតិញស្តាញ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏ដាក់កំហិតសម្រាប់ពលរដ្ឋខ្លួនផងដែរ ដោយប្រទេសខ្លះចែងដោយច្បាប់។
 
នៅសហរដ្ឋអាម៉េរិកឯណោះវិញ បទប្បញ្ញត្តិផ្លូវច្បាប់ពីការដាក់ពិន័យអ្នកមិនទៅបោះឆ្នោត ក៏ធ្លាប់អនុវត្តកាលពីសតវត្សរ៍ទី១៨នៅរដ្ឋ Georgia និង Virginia ផងដែរ។ រដ្ឋ North Dakota នាឆ្នាំ១៨៩៨ និងរដ្ឋ Massachusetts នាឆ្នាំ១៩១៨ ធ្លាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញខ្លួនដើម្បីអនុវត្តការបោះឆ្នោតកាតព្វកិច្ច ប៉ុន្តែមិនដែលមានការអនុវត្តនោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com