ជាតិ
ក្រសួងសុខាភិបាល ហាមឃាត់ការលក់ផលិតផលជំនួយផ្លូវភេទតាមអនឡាញ
05, Jul 2023 , 8:58 pm        
រូបភាព
រូបភាព៖ ក្រសួងសុខាភិបាល
រូបភាព៖ ក្រសួងសុខាភិបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការហាមឃាត់នៃការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។ ការហាមប្រាមនេះ ធ្វើក្នុងគោលបំណងបង្ការគ្រោះថ្នាក់ណាមួយជាយថាហេតុ  ឬបទល្មើសឧក្រិដណាមួយកើតឡើង។



នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីមួយស្តីពី ការសុំទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។ បន្ទាប់ពី ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផល ជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍ ដូចជា តាមបណ្តាញសង្គមFacebook, TikTok, Telegram, Instagram, YouTube និង Website យ៉ាងអនាធិបតេយ្យ។ ការផ្សព្វផ្សាយទាំងនោះធ្វើឱ្យ ក្រសួងសុខាភិបាល ពិបាកស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោស តាមច្បាប់។
 
យោងតាម ច្បាប់ស្ដីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការ បង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល។ ចំណែក ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ប៉ុន្តែ ការផ្សព្វផ្សាយពីផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យមានការ ផ្សព្វផ្សាយជាសាធារណៈឡើយ។ 
 
ក្នុងន័យនេះ ក្រសួងសុខាភិបាល ចង់ឱ្យមានការចូលរួមជួយសហការទប់ស្កាត់ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ  ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ៕
 
 

Tag:
 ThmeyThmey
  ក្រសួងសុខាភិបាល
 ផលិតផលជំនួយផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com