អន្តរជាតិ
ស្ពានលើសមុទ្រខ្ពស់ជាងគេក្នុងពិភពលោក «លីងឌីងយ៉ាន» របស់ចិន នឹងបើកចរាចរនៅឆ្នាំ២០២៤​
07, Jul 2023 , 12:04 pm        
រូបភាព
ក្វាងទុង៖ លីងឌីនយ៉ាន(Lingdingyang) ដែលជាស្ពានឆ្លងកាត់សមុទ្រខ្ពស់ជាងគេក្នុងពិភពលោកប្រវែង២៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្វាងទុង ប្រទេសចិន នឹងត្រូវដាក់ឱ្យចរាចរនៅឆ្នាំ២០២៤។​ ស្ពាននេះ មានចំណុចខ្ពស់បំផុត(ប៉ម)ប្រវែង២៧០ម៉ែត្រ ពីលើផ្ទៃសមុទ្រ​ ស្មើនឹងអគារកម្ពស់៩០ជាន់ និងចំណុចទាបបំផុតពីផ្ទៃសមុទ្រ គឺ១០៥ម៉ែត្រ។​

 
ស្ពាន​ លីងឌីនយ៉ាន ឬ ស្ពានស៊ិន-ជុងសាន(Shenzhen-Zhongshan) គឺជាគម្រោងនៃចង្កោមឆ្លងសមុទ្រដែលរួមបញ្ចូលគ្នានូវស្ពាន កោះសប្បនិម្មិត ផ្លូវរូងក្រោមដី និងក្រោមទឹក ប្រវែង២៤គីឡូម៉ែត្រ ស្ថិតនៅក្នុងតំបន់ Greater Bay Area នៃប្រទេសចិន។  ក្នុងនោះ លីងឌីនយ៉ាន មានតួជាផ្នែកសំខាន់នៃស្ពាន ១ ៦៦៦ម៉ែត្រនៃប្រវែងសរុប ២ ៦៦៦ម៉ែត្រ ជាមួយទទឹងប្រវែង៤១,២ម៉ែត្រ។ 
 


ស្ពាននេះមានប៉មសំខាន់ខាងកើត-ខាងលិចកម្ពស់២៧០ម៉ែត្រ ដែលបច្ចុប្បន្ន ជាប៉មស្ពានសមុទ្រខ្ពស់បំផុតនៅក្នុងពិភពលោកនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន CCCC Second harbor engineering company ltd.។
 


ក្នុងដំណើរទស្សន​កិច្ច​ស្ពានលីងឌីនយ៉ាន របស់អ្នកសារព័ត៌មាន៦ប្រទេសនៃអនុតំបន់មេគង្គ-ឡានឆាង ដែលរៀបចំដោយកាសែត People’s Daily កាលពីថ្ងៃទី៣កក្កដា​ ឆ្នាំ២០២៣  អ្នកជំនាញការរបស់ក្រុមហ៊ុន CCCC Second harbor engineering company ltd បានបញ្ជាក់ថា​ ស្ពាននេះ គឺជាសរសៃឈាមដឹកជញ្ជូនដ៏សំខាន់មួយផ្សេងទៀត ដែលតភ្ជាប់ផ្នែកខាងកើត និងខាងលិចនៃទន្លេពែក (Pearl) សម្រាប់តំបន់មហាសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ(Guangdong-Hong Kong-Macao Greater Bay Area) បន្ទាប់ពីស្ពានហុងកុង-ជូហៃ-ម៉ាកាវ(Hong Kong-Zhuhai-Macao) និងស្ពានក្វាងចូវ-ណានសា( Guangzhou-Nansha)។ 
 


CCCC បានបន្ថែមថា ​ក្រោយដាក់ឱ្យចរាចរនូវស្ពាននេះ នឹងកាត់បន្ថយការធ្វើដំណើរពីស៊ិនជិន ទៅ ជុងសាន​ ពីរយៈពេល២ម៉ោងមកនៅត្រឹមតែត្រឹម២០នាទីប៉ុណ្ណោះ។ ស្ពាននេះនឹងលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការដឹកជញ្ជូន ការអភិឌ្ឍនានា រួមទាំងការធ្វើឱ្យប្រសើរឡើងនៃតំបន់ដីសណ្ដទន្លេពែកទៅកាន់ពិភពលោក៕ 






 
 
 

Tag:
 Lingdingyang Bridge
© រក្សាសិទ្ធិដោយ thmeythmey.com