ជាតិ
កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ នឹង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​តាម​កោះ​
08, Jul 2023 , 11:59 am        
រូបភាព
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៦កក្កដា។ រូបថត៖ ក្រសួងទេសចរណ៍
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៦កក្កដា។ រូបថត៖ ក្រសួងទេសចរណ៍
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការ​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ កំពង់ផែនេះ ក៏ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​តាម​បណ្តាកោះ​ ផងដែរ។

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ជាកំពង់ផែដ៏ធំមួយអនុញ្ញាតឱ្យអូប័រទេសចរណ៍តូច-ធំ ចេញចូលក្នុងពេលតែមួយបាន២០គ្រឿង ត្រូវបានដំណើរការចាប់ពីថ្ងៃទី៦កក្កដា​ ឆ្នាំ២០២៣ តទៅ។ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ កំពង់ផែទេសចរណ៍នេះ មានសក្តានុពលខ្លាំងណាស់ប្រចាំខេត្តព្រះសីហនុក្នុងការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។
 
លោក បាននិយាយដូច្នេះ៖ « កំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏សំខាន់មួយដែលនឹងផ្តល់នូវភាពងាយស្រួល សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ទេសចរមកពីគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារ។ កំពង់ផែនេះ​ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត»។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។ 
 
លោករដ្ឋមន្ត្រីទេសចរណ៍ ជឿជាក់ថា កំពង់ផែទេសចរណ៍នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបម្រើនិងផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់កម្ពុជា។ 
 
កំពង់ផែ​ទេសចរណ៍នេះ ជាការវិនិយោគរបស់ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD លើផ្ទៃដី ប្រមាណ២,២ម៉ឺនម៉ែត្រការ៉េ។ បើតាមលោក ទៀ វិចិត្រ​ ប្រធានក្រុមហ៊ុន​ G.T.V. ការវិនិយោគរបស់ខ្លួនលើកំពង់ផែនេះ នឹងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងការទទួល បដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ធ្វើដំណើរមកពីបណ្តាប្រទេសនានាទូទាំងសកលលោក។ ជាពិសេស កំពង់ផែទេសចរណ៍នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ៕  
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com