សេដ្ឋកិច្ច
អន្តរជាតិ
ធនាគារ Goldman Sachs ៖ ឥណ្ឌានាំមុខអាម៉េរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរពិភពលោកនៅឆ្នាំ ២០៧៥
11, Jul 2023 , 9:30 am        
រូបភាព
ឥណ្ឌាបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនៅឆ្នាំ ២០៧៥ ដោយនាំមុខមិនត្រឹមតែជប៉ុន និងអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានអាម៉េរិកផងដែរ។ នេះបើតាមរបាយការណ៍របស់ធនាគារ Goldman Sachs ។

បច្ចុប្បន្ន ឥណ្ឌា​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ប្រាំ​ក្នុង​ពិភពលោក បន្ទាប់​ពី​អាល្លឺម៉ង់ ជប៉ុន ចិន និង​អាម៉េរិក។
បើតាមរបាយការណ៍របស់ក្រុមហ៊ុន Goldman Sachs បន្ថែមពីលើការកើនឡើងចំនួនប្រជាជន ការច្នៃប្រឌិត និងបច្ចេកវិទ្យា ការទាក់ទាញទុនវិនិយោគខ្ពស់ និងការបង្កើនផលិតភាពការងារ គឺជាកត្តាដែលជួយឱ្យសេដ្ឋកិច្ចឥណ្ឌាមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងរីកចម្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ។
 
សេដ្ឋវិទូក្រុមហ៊ុន Goldman Sachs Research India លោក Santanu Sengupta បានលើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ អត្រា​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​ (Dependency ratio) របស់ឥណ្ឌានឹងស្ថិតក្នុងកម្រិតទាបបំផុតក្នុងចំណោមសេដ្ឋកិច្ចក្នុងតំបន់។
 
Dependency ratio នៃប្រទេសមួយត្រូវបានវាស់ដោយចំនួនសមាជិកក្នុងបន្ទុក ជាមួយនឹងចំនួនសមាជិកដែលពេញអាយុធ្វើការ។ Dependency ratio ទាបបង្ហាញថា មានមនុស្សពេញវ័យក្នុងវ័យធ្វើការកាន់តែច្រើនដែលអាចទ្រទ្រង់មនុស្សវ័យក្មេង និងមនុស្សចាស់បាន។
 
លោក Santanu Sengupta និយាយថា នេះពិតជាឱកាសមួយសម្រាប់ប្រទេសឥណ្ឌាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបង្កើតសមត្ថភាពផលិតកម្ម ការបន្តអភិវឌ្ឍសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
 
រដ្ឋាភិបាលឥណ្ឌាបានផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ និងផ្លូវដែក។ ប្រទេសនេះបានបង្កើតកម្មវិធីកម្ចីឥតការប្រាក់ជាច្រើន សម្រាប់រយៈពេល ៥០ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនរដ្ឋជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។
 
បើតាមក្រុមហ៊ុន Goldman Sachs វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិស័យឯកជននៅក្នឥណ្ឌាក្នុងការបង្កើនសមត្ថភាពក្នុងការផលិត និងសេវាកម្ម ដើម្បីបង្កើតការងារបន្ថែមទៀត និងស្រូបយកកម្លាំងពលកម្មច្រើន។ ក្រុមហ៊ុនបន្ថែមថា៖« កត្តាជំរុញមួយសម្រាប់សេដ្ឋកិច្ចឥណ្ឌា គឺភាពជឿនលឿននៃបច្ចេកវិទ្យា និងការច្នៃប្រឌិត»។
 
យោងតាម ​​Nasscom ដែលជាសមាគមពាណិជ្ជកម្មក្រៅរដ្ឋាភិបាលរបស់ឥណ្ឌា ប្រាក់ចំណូលវិស័យបច្ចេកវិទ្យារបស់ឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន ២៤៥ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៣ ។
 
លើសពីនេះ សមត្ថភាពទាក់ទាញដើមទុននឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយទៀតសម្រាប់កំណើនរបស់ឥណ្ឌា។ ប៉ុន្តែក្រុមហ៊ុន Goldman Sachs ក៏បានព្រមានអំពីហានិភ័យដែលសេដ្ឋកិច្ចឥណ្ឌាប្រឈមមុខ រួមទាំងអត្រាការចូលរួមកម្លាំងពលកម្មផងដែរ។
 
របាយការណ៍របស់ Goldman Sachs បានកត់សម្គាល់ថា  សមាមាត្រនៃចំនួនប្រជាជនដែលចូលរួមក្នុងកម្លាំងពលកម្មនៅឥណ្ឌាបានធ្លាក់ចុះក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ ក្នុងនោះអត្រាចូលរួមក្នុងកម្លាំងពលកម្មស្ត្រីរបស់ឥណ្ឌាគឺ ទាបជាងបុរស។ 
 
ក្រុមហ៊ុន S&P Global និង Morgan Stanley ក៏បានព្យាករថា ឥណ្ឌានឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីបីនៅឆ្នាំ ២០៣០។ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាក្នុងត្រីមាសទី១ បានកើនឡើង ៦,១ភាគរយបើធៀបឆ្នាំមុន លើសពីការរំពឹងទុកកំណើន ៥ភាគរយនៃការស្ទង់មតិដែលធ្វើឡើងដោយ Reuters។
 
តាមការព្យាករកន្លងមក ចិន នឹងវ៉ាអាម៉េរិកជាមហាអំណាចសេដ្ឋកិច្ចទី១ នៅឆ្នាំ២០២៧៕
 

Tag:
 សេដ្ឋកិច្ច
  ឥណ្ឌា
  អាម៉េរិក
  Goldman Sachs
© រក្សាសិទ្ធិដោយ thmeythmey.com