ជាតិ
ផ្សារណាត់ RUA ចម្ការដូង នឹងបើកលក់កសិផលនិស្សិត រៀងរាល់ចុងសប្ដាហ៍
11, Jul 2023 , 8:19 pm        
រូបភាព
រូបតំណាង។
រូបតំណាង។
ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍​ធុរកិច្ច នៃ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម នឹង​បើកផ្សារ​ណាត់ RUA ចម្ការដូង ដោយចាប់ផ្ដើមពី​ថ្ងៃទី​១៥ កក្កដានេះ ដើម្បី​លក់​ផលិត​ផល​របស់​និស្សិត​ និង​សហគមន៍។ លោក សុខ គឹមឈិន លើក​ឡើង​ថា ការបង្កើតផ្សារណាត់នេះ នឹង​ជួយ​បណ្ដុះ​​គំនិត​ឱ្យ​និស្សិត ​ចេះ​ធ្វើទីផ្សារ និង​ក្លាយ​ជា​សហគ្រិនភាព។



នេះជា​លើក​ដំបូងដែល​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ធុរកិច្ច នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បង្កើត​គម្រោង​ផ្សារ​ណាត់ RUA ចម្ការ​ដូង។ ផ្សារ​ណាត់នេះ នឹង​បើក​លក់​រៀងរាល់ថ្ងៃ​សៅរ៍​ចុងសប្ដាហ៍ នា​មុខ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ។ 
 
លោក សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ច​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ ​បាន​ឱ្យ​ដឹង​ថា ការ​បង្កើត​ផ្សារណាត់ RUA ចម្ការ​ដូងនេះ ដើម្បី​ផ្សព្វផ្សាយ​ផលិតផលផែនការ​អាជីវកម្ម​របស់​និស្សិត​ និង​គ្រូ​ ជាពិសេស​ដាក់លក់​កសិផល និង​ផលិត​ផលកែច្នៃរបស់និស្សិត។ បើតាម​លោក សុខ គឹមឈិន ក្រៅ​ពី​ដាក់​លក់​ផលិត​ផល​របស់​គ្រូ និង​និស្សិត ផ្សារ​ណាត់នេះ ក៏មាន​ផលិតផល​សហគមន៍ផងដែរ។
  
លោក សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ 

កសិផល និង​ផលិត​ផល​របស់​និស្សិត រួម​មាន​ ផលិតផលកែច្នៃ, ស្ពៃជ្រក់, ទឹក​សណ្ដែក,​ សាច់​មាន់, បន្លែ​ស្លឹក, ផ្លែត្រប់, តាសក់​ និង​បន្លែ​ជាច្រើន​ទៀត​ នឹង​មាន​លក់​នៅ​ក្នុង​ផ្សារ​ណាត់ RUA ចម្ការដូង​។ ព្រឹទ្ធបុរសរូបនេះ បន្តថា ការ​ចាប់​ផ្ដើម​បើក​សាកល្បង​នៅ​ថ្ងៃទី​១៥ កក្កដានេះ នឹង​មាន​ស្ដង់ចូលរួម​ចំនួន ១០ ដែល​សុទ្ធ​តែ​របស់​និស្សិត​នៅសាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម។ 
 
តាមរយៈ​ការ​បង្កើតផ្សារ​ណាត់នេះ នឹង​ផ្ដល់​ផល​ជះវិជ្ជមានជាច្រើន។ លោក សុខ គឹមឈិន រៀបរាប់បែបនេះ៖ «ផ្សារនេះ នឹង​ក្លាយ​ជាកន្លែង​មួយ និង​ជា​វិធី​សាស្រ្ត​មួយ​ អាច​លើក​ទឹកចិត្ត​ឱ្យ​ផែនការ​អាជីវកម្ម​របស់​គ្រូ និង​និស្សិត​ដែល​បង្កើត​រួច​ អាច​មាន​ទីផ្សារ​ និង​បង្កើត​ទំនាក់ទំនង​រវាង​អ្នក​ទិញ និង​អ្នកផលិត»។
  
រូបតំណាង។ ផលិតផល និង​កសិផល​របស់និស្សិត​ដាក់លក់នៅ​មុខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​ថ្ងៃទី១៤ កុម្ភៈ។ រូបភាព៖ ញឹក ស្រីល័ក្ខ

លើសពីនេះ ផ្សារ​ណាត់ RUA ចម្ការ​ដូង ក៏​ផ្ដល់ឱ្យ​សាធារណជន និង​អ្នក​រស់នៅ​ជុំវិញ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម អាច​មក​ទិញ​ផលិតផល ​កសិផល​ធម្មជាតិ​របស់​និស្សិត និង​រីករាយជាមួយ​ទេសភាព​បរិយាកាស​នៅទីនោះ។ លោក សុខ គឹមឈិន បន្ថែមថា ផ្សារណាត់នេះ ក៏​ចូលរួមបង្កើត​សេដ្ឋកិច្ច និង​​គាំទ្រ​ដល់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​បណ្ដុះ​ថ្នាល​ធុរកិច្ច​ដល់​និស្សិត លើសពីទ្រឹស្ដី តែ​ជាការ​អនុវត្តជាក់ស្ដែងផងដែរ។ 
 
ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ច​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទរូបនេះ​ សង្ឃឹមថា​ ផ្សារណាត់នេះ នឹង​មាន​ការ​គាំទ្រ​ពី​សាធារណជន និង​អាច​ដំណើរការ​ជារៀងរាល់ចុងសប្ដាហ៍។ សូម​បញ្ជាក់ថា តម្លៃជួល​ស្ដង់សម្រាប់និស្សិតមានតម្លៃត្រឹម ១០០០រៀលប៉ុណ្ណោះក្នុង​មួយថ្ងៃ និង​មួយស្ដង់៕ 
 
 

Tag:
 កសិកម្ម
  ផ្សារ​ណាត់​
© រក្សាសិទ្ធិដោយ thmeythmey.com