ជាតិ
អ្នកជំនាញ ជួសជុលប្រាសាទមេបុណ្យខាងលិចឱ្យងើបឡើងវិញ
14, Oct 2023 , 8:09 pm        
រូបភាព
សៀមរាប៖ ប្រាសាទមេបុណ្យខាងលិច ស្ថិតនៅក្នុងកណ្ដាល បារាយណ៍ខាងលិច ដែលកាលពីអតីតកាលត្រូវបានទឹកលិចអស់ទាំងស្រុងនារដូវវស្សា។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុល ប្រាសាទមេបុណ្យខាងលិច យ៉ាងមមាញឹក ក្រោមការសហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា។

 
ប្រាសាទមេបុណ្យខាងលិច មានបណ្ដោយប្រវែង១០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ។ តាមរយៈការស្រាវជ្រាវដំបូង ប្រាសាទនេះ មានប្រាង្គចំនួន១២ ដែលប្រាង្គមួយ ត្រូវបានសាលាបារាំងចុងបូព៌ា ជួសជុលម្ដងរួចមកហើយ។​  



ប្រាសាទនេះ ត្រូវបានអ្នកជំនាញ សាលាបារាំងចុងបូព៌ា និងអាជ្ញាធរជាតិអប្សរា ជួសជុលឡើងវិញតាំងពីឆ្នាំ២០១២មក។ ប៉ុន្តែ ការដ្ឋានជួសជុល ត្រូវបានផ្អាកនាឆ្នាំ២០១៨ ដោយសារខ្វះខាតថវិកា និងចាប់ផ្ដើមឡើងវិញ នៅឆ្នាំ២០១៩។ បច្ចុប្បន្ន ប្រាសាទមេបុណ្យខាងលិច ត្រូវបានជួសជុលជាង៨០ភាគរយ។ 
 
ការជួសជុលប្រាសាទបុរាណមួយ មិនមែនមានតែវិស្វករនោះទេ។ បុរាណវិទូ ស្ថាបត្យករ វិស្វករ និងអ្នកជំនាញជាច្រើនទៀត ត្រូវធ្វើការរួមគ្នា យ៉ាងម៉ត់ចត់។ លោក ជាម ប្រុស វិស្វករ​ នៃអាជ្ញាធរជាតិអប្សរា ជាកម្លាំងសំខាន់ម្នាក់ ក្នុងចំណោមអ្នកជំនាញជាច្រើននាក់ផ្សេងទៀត។ បុរាណវិទូ ត្រូវសិក្សា និងស្រាវជ្រាវយ៉ាងលម្អិតជាមុនសិន ដើម្បីប្រមូលទិន្នន័យ។ 
 
«ពីដើមដំបូង សាលាបារាំងចុងបូព៌ា ធ្លាប់ជួលជុល២លើករួចមកហើយ។ អ៊ីចឹង យើងឃើញសល់ កំពូល១»។ លោក ជាម ប្រុស រម្លឹកដូច្នេះ។ 
 
ប្រាសាទ ដែលត្រូវបានលិចលង់ក្នុងទឹកមួយរយៈពេលយូរ បង្កើតជាផលលំបាកក្នុងការសិក្សាស្រាវជ្រាវរកថ្ម។ អ្នកជំនាញ ត្រូវធ្វើកំណាយរកថ្ម ដែលបានលិចក្នុងដី និងរសាត់ឆ្ងាយពីប្រាសាទ ក្នុងបារាយណ៍ទឹកថ្លា (បារាយណ៍ខាងលិច)។ ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំ និងកត្តាធម្មជាតិផងនោះ អ្នកជំនាញជនជាតិបារាំង និងខ្មែរ ត្រូវចំណាយពេលច្រើន ក្នុងការធ្វើកំណាយ ដើម្បីស្វែករកថ្មប្រាសាទមកផ្គុំ។ 


«ក្រុមបុរាណវិទ្យា ត្រូវសិក្សារកទម្រង់ដើមនៃគ្រោងប្រាសាទ។ គោលការណ៍ជួសជុល គឺត្រូវរក្សាទម្រង់ដើម។ ដូច្នេះ យើងត្រូវចំណាយពេលស្វែងរកថ្មបុរាណ ដែលបានដួលរលំ និងបាក់បែក។ យើងត្រូវរៀបចំឡើងវិញក្នុងទម្រង់ដើម»។ នេះជាការបញ្ជាក់របស់លោក ជាម ប្រុស​ វិស្វករ​ប្រចាំនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច។ 
 
ប្រសិនបើ បំណែកថ្មប្រាសាទ ត្រូវបានបាក់ និងបាត់ ដែលអ្នកជំនាញ រកមិនឃើញ មន្រ្តីនៃអាជ្ញាធរជាតិអប្សរា ត្រូវធ្វើតាម រដ្ឋធម្មនុញ្ញអង្គរ ដែលជាច្បាប់មួយចែងឡើងសម្រាប់ការងារជួសជុល និងអភិរក្ស។ ថ្មបាត់ ដែលចាំបាច់បំផុត សម្រាប់ផ្គុំ និងទ្រទ្រង់ប្រាសាទ រដ្ឋធម្មនុញ្ញអង្គរ អាចឱ្យអ្នកជំនាញជំនួសថ្មថ្មីបាន ប៉ុន្តែបើថ្មបុរាណនោះ មិនចាំបាច់សម្រាប់ការផ្គុំឡើងវិញនៃប្រាសាទ អ្នកជំនាញ មិនអាចជំនួសថ្មថ្មីបានទេ។ 



លោក ជាម ប្រុស ប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះ៖ «ករណីថ្មបុរាណនោះ បែកបាក់ខ្លាំង និងមិនមានភាពរឹងមាំ អ្នកជំនាញត្រូវចងក្រងឯកសារបញ្ជាក់ និងយកថ្មនោះ ទៅតម្កល់ទុកនៅសារមន្ទីរ។ អ្នកជំនាញ អាចប្រើថ្មថ្មីជំនួសបាន ដោយមានការបញ្ជាក់ពីពេលវេលា នៃការជួសជុលនៅលើថ្ម»។ 
 
ថ្ងៃ ខែ ឆ្នាំ នៃការជំនួសថ្មថ្មី គឺចាំបាច់ណាស់សម្រាប់អ្នកជំនាន់ក្រោយ។ ប្រសិនបើ ប្រាសាទនោះ ត្រូវបានបែកបាក់ និងខូចខាត នាពេលអនាគត។ អ្នកជំនាន់ក្រោយ នឹងដឹងពីអាយុកាលនៃថ្មរបស់ប្រាសាទ ដែលខូចខាតនាពេលអនាគត។ 
 
ក្នុងចំណោមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ប្រាសាទមេបុណ្យខាងលិច ជាការដ្ឋានជួសជុលដ៏ស្មុគស្មាញមួយ។ អ្នកជំនាញ​ បានជួបឧបស្គគច្រើន ដ្បិតថា ប្រាសាទដ៏ចំណាស់នេះ ស្ថិតនៅកណ្ដាលបារាយណ៍។ ដើមឡើយ អ្នកជំនាញ ត្រូវធ្វើទំនប់ព័ទ្ធជុំវិញ ដើម្បីកុំឱ្យទឹកជ្រាបចូល។ ប៉ុន្តែ ទឹក អាចជ្រាបចូល ដែលតម្រូវឱ្យបូបទឹកចេញជាប្រចាំ។ 
 


«ការដ្ឋានមេបុណ្យ ស្ថិតនៅកណ្ដាលទឹក។ អ៊ីចឹង យើងជួបបញ្ហាប្រឈមច្រើនណាស់។ ទំនប់ព័ទ្ធជុំវិញ ត្រូវបានជួសជុលរៀងរាល់ឆ្នាំ បើមិនដូច្នេះទេ វា នឹងបាក់»។ នេះជាការបញ្ជាក់របស់លោក ជាម ប្រុស។ 
 
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងខិតខំជួសជុលប្រាសាទនេះ ឱ្យបានរួចរាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត។ ប្រាសាទ ដែលនៅក្នុងបារាយណ៍ដ៏ធំនេះ នឹងទាក់ទាញទេសចរកាន់តែច្រើន។ ទេសចរ អាចជិះទូកទៅទស្សនាប្រាសាទបុរាណនេះទាំងខែប្រាំង និងខែវស្សា៕ 
 

Tag:
 ប្រាសាទមេបុណ្យខាងលិច
  បារាយណ៍ទឹកថ្លា
© រក្សាសិទ្ធិដោយ thmeythmey.com