ជាតិ
សិល្បះ
«សំឡេង​ចម្រុះ​ពណ៌​» ជាប្រធានប្រកួតប្រជែងក្នុងមហោស្រព​អក្សរសិល្ប៍ខ្មែរឆ្នាំនេះ​
16, Jul 2023 , 7:59 am        
រូបភាព
រូបតំណាង (រូបផ្ដល់ឱ្យ)
រូបតំណាង (រូបផ្ដល់ឱ្យ)
ភ្នំពេញ​៖ មហោស្រពអក្សរសិល្ប៍ខ្មែរ​លើក​ទី​៦ ប្រកាស​ការ​ប្រកួត​ប្រជែង​ស្នាដៃ​អក្សរ​សិល្ប៍​ ក្រោម​ប្រធាន​បទ​ «សំឡេង​ចម្រុះ​ពណ៌»​​។ ការ​ប្រកួត​ប្រជែង​ស្នាដៃ​អក្សរ​សិល្ប៍​នេះ នឹង​ក្លាយ​ជា​ឱកាស​សម្រាប់​ការ​បន្លឺ​​សំឡេង​ របស់បេក្ខជន​​​​។


 
លោក ចេង រតនា អ្ន​ក​សម្រប​សម្រួល​ផ្នែក​កម្ម​វិធី​ប្រកួត​ប្រជែង​អក្សរ​សិល្ប៍ បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗ​ថា កម្ម​វិធី​ប្រកួត​ប្រជែង​អក្សរ​សិល្ប៍​ខ្មែរ​នេះ ធ្វើ​ឡើងក្នុងគោល​បំណង​ លើក​ស្ទួយ​អក្សរសាសន៍ និង​អក្សរ​សិល្ប៍​​ជាតិ​។ ម្យ៉ាង​​ក៏​ជា​​ការ​បង្កើត​ឱកាស ឱ្យ​​អ្នក​និពន្ធ​ទាំង​ឡាយ​បាន​ជួប​ជុំ​គ្នា ចែក​រំលែក​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​​ដែរ​​។ 
សម្រាប់​ប្រធាន​បទ «សំឡេង​ចម្រុះ​ពណ៌​»​ លោក​ រតនា ថា​​អាច​ជា​សំឡេង​ធម្មជាតិ​ មនុស្ស សត្វ​ ឬ​អ្វី​ផ្សេង​ទៀត​ ដែល​កើត​ចេញ​ពី​ការ​ស្រមើ​ស្រមៃរបស់​អ្នកនិពន្ធ​ ឬ​ក៏​ជា​សំឡេង​របស់​អ្នកនិពន្ធ​ផ្ទាល់ ដែល​មិន​ធ្លាប់​បន្លឺ​ ឬ​ក៏​ធ្លាប់​បន្លឺ​ហើយ​ តែ​ពុំ​មាន​អ្នក​ឮ ឬ​ក៏ពុំ​​មាន​អ្នក​​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​។ 
លោក ចេង រតនា​ បន្ថែម​៖ ​«​មហោស្រព​នេះ យើង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ និង​អក្សរ​សិល្ប៍​ជាតិ​។ ឆ្នាំ​នេះ ​យើង​ធ្វើ​នៅ​ខេត្ត​ ហើយ​យើង​នឹង​បញ្ជាក់​ទី​តាំង​ខេត្ត​ នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​»។ ​
វិញ្ញាសា​ត្រូវ​បាន​បែង​ចែក​ជា​២ គឺ​ផ្នែក​រឿង​ខ្លី និង​ផ្នែក​កំណាព្យ​។ ចំពោះ​រឿ​ង​ខ្លី សំណេរ​ត្រូវ​មាន​ចន្លោះ​ពី​ ៥ដល់​៨​ទំព័រ នៃ​ក្រដាស​ A៤ ទំហំ​ ១២​pt (Khmer OS SiemReap)។ បេក្ខជន​ម្នាក់​ អាច​ដាក់​បាន​២​ចំណង​ជើង​។ ចំណែក​ផ្នែក​កំណាព្យ​វិញ សំណេរ​មិន​ត្រូវ​លើ​ស​ពី​ ៣ទំព័រ ​​នៃ​ក្រដាស​A៤​ឡើយ។ ទំហំ​ ១២pt (Khmer OS Siem Reap)។ បេក្ខ​ជន​ម្នាក់​ អាច​ដាក់​ស្នាដៃ​បាន​​២​ចំណង​ជើង​។
ស្នាដៃ​ដែល​ដាក់​ប្រកួត​ប្រជែង​ ត្រូវ​តែ​​ជា​ស្នាដៃ​ដែល​បំផុស​គំនិត​ពិចារណា ជា​ជាង​ការ​អប់រំ​ត្រង់​ៗ និង​មាន​ភាព​ច្នៃ​ប្រឌិត។ ជា​បទ​និពន្ធ​មិន​ធ្លាប់​ចូល​រួម​ប្រឡង ឬ​បោះ​ពុម្ព​ផ្សាយ​ពី​មុន​។ ជា​អត្ថបទ​ដែល​បាន​កែ​សម្រួល​អក្ខរាវិរុទ្ធ និង​ឃ្លា​ប្រយោគ​រួច​រាល់ មុន​នឹង​ដាក់​ប្រកួត​។ រាល់​​ស្នាដៃ​ត្រូវ​តែ​​បញ្ជាក់​ឈ្មោះ ភ្ជាប់​លេខ​ទូរសព្ទ​ និង​/ឬ អ៊ីម៉ែល ដែល​អាច​ទាក់​ទង​បាន​។ 
ទោះ​ជា​យ៉ាង​ណា​ មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ លើក​ទឹក​ចិត្ត​ខ្ពស់ដល់​អ្នក​ដែល​​ពុំ​ធ្លាប់​ដាក់​ស្នាដៃ និង​ពុំធ្លាប់​ជាប់​ជ័យលាភី​ពី​មុន​។ ស្នាដៃ​ណា​ដែល​មិន​គោរព​ លក្ខខណ្ឌ​ខាង​លើ នឹង​ត្រូវ​ដក​ចេញ​ពី​ការ​ប្រកួត​ប្រជែង ដោយ​ស្វ័យ​ប្រវត្តិ​​។ 
ជ័យលាភី​លេខ​១ ទទួល​បាន​ទឹក​ប្រាក់ ៨០០,០០០រៀល​ និង​ប័ណ្ណ​សរសើរ​។ ជ័យ​លាភី​លេខ​​២ ទទួល​បាន​ទឹក​ប្រាក់ ៦០០,០០០រៀល និង​ប័ណ្ណ​សរសើរ​​។ ជ័យលាភី​លេខ​៣ ទទួល​​បាន​ទឹក​ប្រាក់​ ៤០០,០០០​រៀល​ និង​ប័ណ្ណ​សរសើរ​។ បេក្ខជន​ជ័យលាភី​ នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ ក្នុង​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ លើក​ទី៦​។ 
ចាប់​ផ្ដើម​ទទួល​ស្នាដៃ​ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​កញ្ញា ឆ្នាំ​២០២៣​​។ សូម​ផ្ញើ​ស្នាដៃ​ទៅកាន់​ Email៖ ឬប្រអប់សារហ្វេស​ប៊ុក របស់​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ Khmer Literature Festival។ សម្រាប់​ព័ត៌​មាន​បន្ថែម​ សូម​ទាក់​ទង​តាម​លេខ​ទូរសព្ទ ០១០ ៦០០ ៨៤៨​៕
 
 
 

Tag:
 សិល្បៈ​
  អក្សរសាស្ត្រ​
  អក្សរសិល្ប៍​
  ពាន​រង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com