ជាតិ
សិល្បះ
លោក Mark Bochsler ចាយ​ប្រាក់​​ផ្ទាល់​ខ្លួនខ្ទង់​២០ម៉ឺន​ដុល្លារ ​ផលិត​រឿង​«គុន​ល្បុក្កតោរស់​ឡើង​វិញ​»
15, Jul 2023 , 10:19 pm        
រូបភាព
ភ្នំពេញ​៖ លោក Mark Bochsler បាន​ចំណាយ​ប្រាក់​​ផ្ទាល់​ខ្លួន​ ប្រមាណ​​២០ម៉ឺនដុល្លារ ដើម្បី​ផលិតភាព​យន្ត​ឯកសារ​​រឿង​ “គុនល្បុក្កតោរស់​ឡើង​វិញ​” ដោយ​ចំណាយ​​ពេល​​​ថត១៣​ឆ្នាំ​។ អ្នក​ដឹក​នាំ​រឿង​រូប​នេះ​ ពិត​ជា​ចាប់​​អារម្មណ៍​​​ខ្លាំង​ ​លើ​​ក្បាច់​គុន​ល្បុក្កតោខ្មែរ​​ ដែល​​​ផ្សារ​ភ្ជាប់​​​ជា​មួយនឹង​​វប្បធម៌ជាតិ​។ លោក​​ Mark ថា​​​ក្បាច់​គុន​ល្បុក្កតោ​ ​​មាន​លក្ខណៈ​ពិសេស ប្លែក​​ពី​ក្បាច់​គុន​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួ​ន​ ទាំង​ក្នុង​តំបន់​និង​ពិភព​លោក​។



ជា​ជោគ​ជ័យ​ដ៏​ធំ​មួយ​ សម្រាប់​​ភាព​យន្ត​ឯកសារ​ បែប​ប្រវត្តិសាស្ត្រ និង​វប្បធម៌​​ ដោយ​រឿង «គុនល្បុក្កតោរស់​ឡើង​វិញ» ឬ SURVIVING BOKATOR ​ត្រូ​វ​បាន​អង្គការ​យូណេស្កូ​(UNESCO) យក​ប្រើប្រាស់​​ជា​ឯកសារ​យោង​ នៅក្នុងផ្នែកមួយនៃការស្រាវជ្រាវរបស់ខ្លួន​ ជុំវិញ​​​ការ​ផ្ដល់ឈ្មោះ “ល្បុកតោ” ជា "បេតិកភណ្ឌពិភពលោក"។ 
លោក Mark Bochsler ដែលមាន​​មោទកភាព ចំពោះខ្សែភាពយន្តមួយនេះ បាននិយាយ ថា៖ «ពី​មុនយើងយករឿងរបស់យូណេស្កូ មកដាក់ក្នុងរឿងរបស់យើង តែពេលនេះរឿង របស់យើង ត្រូវបានដាក់ក្នុងរឿងរបស់​យូណេស្កូ»​។​
  

 
ភាព​យន្តបែប​​ឯកសារ និង​ប្រវត្តិសាស្រ្ត​ ដែល​មាន​ចំណង​ជើង​ថា​ “គុនល្បុក្កតោរស់​ឡើង​វិញ​” ឬ SURVIVING BOKATOR ​ទទួល​បាន​ពាន​​រង្វាន់ រហូត​ទៅ​ដល់​​​១៤ រួម​មាន​ពាន​រង្វាន់​ “ភាព​យន្ត​ឯកសារ​កីឡា​ល្អ​បំផុត”​ (Winner Best Sport Documentary) ពី​​មហោស្រព​ភាពយន្តឯកសារអន្តរជាតិទីក្រុងបាងកក​។ ពាន”ភាព​យន្ត​ឯកសារ​កីឡា​ល្អ​បំផុត” (Winner Best Documentary) ពី​មហោស្រព​ភាព​យន្ត​អន្តរជាតិ​ Liverpool។  ពាន​ “ការ​កាត់​ត​ល្អ​បំផុត”​ (Winner Best Editing)​ ពី​មហោស្រព​ភាព​យន្ត​​កីឡា​អន្តរជាតិ​ Paladino D’Oro។ ពាន​​ “ភាព​យន្ត​ឯកសារ​ល្អ​បំផុត​"​​ និង​ពាន “​អ្នក​ដឹក​នាំ​​ភាព​យន្ត​ឯកសារ​ល្អ​បំផុត​” (Winner Best Documentary / Winner Best Documentary Director) ពី​មហោស្រព​​ភាព​យន្ត​អន្តរជាតិ​ London Lonely Wolf។
 
ពាន​ “ផលិតករ​ល្អ​បំផុត​” (Winner Best Producer) ពី​ពាន​រង្វាន់​​ភាព​យន្ត​​ Vegas។ “ពានរង្វាន់​​កិត្តិយស” (Award Mention Honneur) ពី​មហោស្រព​ FICTS ពិភព​លោក​នៃ​ទូរទស្សន៍​ភាព​យន្តក្នុង​វប្បធម៌​​កីឡា​។ “ពាន​​រង្វាន់​កិត្តិយស​” (Award Of Merit) នៃ​ពាន​រង្វាន់​ភាព​យន្ត​ IndieFest។ “ពាន​​រង្វាន់​ពិសេស​” (Winner Exceptional Merit) ពីមហោស្រព​ភាពយន្ត​អន្តរជាតិ ​​​ឯក​សារ​​​គ្មាន​​ព្រំ​ដែន​។ “ពាន​ភាព​យន្ត​ឯកសារ​ល្អ​បំផុត​” (Best Documentary) ពី​ពាន​រង្វាន់​​ភាព​យន្ត​អឺរ៉ុប​។ 
 
“ពាន​អ្នក​ដឹក​នាំ​រឿង​ដំបូង​ល្អ​បំផុត​” (Best First Time Director) ពី​ពាន​រង្វាន់​​មហោស្រព​​ភាព​យន្ត​សកល​នៅ Los Angeles​។ “ពាន​រង្វាន់​ប្រាក់​” (Platinum Winner) ពី​ពាន​រង្វាន់​ភាព​យន្ត NYC Indie។ ពាន”​ភាព​យន្ត​​មាន​លក្ខណៈភាព​យន្ត​​ល្អ​បំផុត​" (Best Cinematography Feature Film) ពី​ពាន​រង្វាន់​ភាព​យន្ត​អាស៊ី​ និង​ “ពាន​រង្វាន់​មាស” (Golden Award Winner) ពី​ពាន​រង្វាន់​អាស៊ីប៉ាស៊ីហ្វិក​។
 
នៅ​ពី​ក្រោយភាព​​ជោគ​ជ័យ​ទាំង​នោះ​ មាន​រឿង​ជា​ច្រើនទៀត​​ ដែល​គួរ​លើ​ក​យក​មក​បង្ហាញ​​។ ​ក្នុង​នោះ​ ​បញ្ហា​ថវិកា​​ផលិត ការ​ចំណាយ​ពេល​យូរ​ដើម្បី​ថត​ រួម​ទាំង​ការ​​កាត់​ត​ និង​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ផលិត​រឿង​នេះ​ ឱ្យ​ចេញ​ជា​រូប​រាង​ គឺ​​ជា​រឿង​សំខាន់​។
  

 
លោក Mark Bochsler បាន​ចំណាយ​ប្រាក់​​ផ្ទាល់​ខ្លួន​ ប្រមាណ​១៧​ម៉ឺ​ន ​​ទៅ២០ម៉ឺនដុល្លារ ដើម្បី​ផលិត​ភាព​យន្ត​ឯកសារ​​រឿង​ “គុនល្បុក្កតោរស់​ឡើង​វិញ​”។ ចំនួន​ប្រាក់​នេះ ពុំ​ទាន់​គិត​ថ្លៃ​ផ្សព្វផ្សាយ និង​ការ​ចាក់​បញ្ចាំង​រឿង​ឡើយ​។​ លោក​មិន​បាន​ស្វែង​រក​ជំនួយ​ថវិកា​ទុក​ជា​មុន​ សម្រាប់​ការ​ផលិត​ភាព​យន្ត​នេះ​ទេ។ លោក​ចាប់​ផ្ដើម​ស្វែង​រក​ថវិកា​ជំនួយ​ បន្ទាប់​ពី​លោក​ត្រឡប់​ទៅ​ប្រទេស​កាណាដាវិញ​ ហើយ​នោះ​វា​ខុស​ពី​គម្រោង​ឯកសារ​ដទៃទៀត ដែល​តែង​តែ​ស្វែង​រក​ថវិកា​ជំនួយ​ មុន​នឹង​ចាប់​ផ្ដើម​ថត។ 
 
ការ​ប្រឈម​ធំ គឺ​ការ​ស្វែង​រក​ប្រាក់​ជំនួយ​ និង​ការ​​ជួល​ក្រុម​ការ​ងារ​ថត​ ជា​មួយ​នឹង​ធនធាន​​តិច​តួចដែល​លោក​មាន​។ ដៃ​គូលោក និង​លោក ​បាន​ជួប​ផល​លំបាក​រឿង​ការងារ ហើយ​សាច់​រឿង​កាន់​តែ​រីក​ធំ​ឡើង​។ ដូច្នេះ​បញ្ហា​ថវិកា​គឺ​លំបាក​បំផុត​ ដែល​លោក​បាន​ឆ្លង​កាត់​។ ទោះ​ជា​យ៉ាង​ណា​ លោក​តាំង​ចិត្ត​បញ្ចប់​ភាព​យន្ត​នេះ។ 
 
«ការរកជំនួយហិរញ្ញវត្ថុ ជាផ្នែកមួយពិបាក។ យើងត្រូវការជំនួយពីលោកឧកញ៉ា​។ សូម្បីតែ​ការរកអ្នកឧបត្ថម្ភ សម្រាប់ការចាក់បញ្ចាំងរឿងនេះ ក៏ពិបាកដែរ ដោយយើងបាន​ព្យាយាម​អស់រយៈពេល៤ខែ។ ដោយសារព្រឹត្តិការណ៍សង្ក្រាន្ដ និងស៊ីហ្គេម អ្នកឧបត្ថម្ភភាគច្រើន បាន​ចំណាយថវិកា លើព្រឹត្តិការណ៍ទាំងនោះទៅហើយ។ យើង​​មិន​ដែលគិតពីប្រាក់​ចំណេញ​ឡើយ រហូតមកដល់ពេលនេះក៏ដោយ។ ទោះ​ជា​យ៉ាងណាក៏ដោយ យើងក៏មិន​ចង់ខាតដែរ។ ប្រសិនរឿងនេះទទួលបានជោគជ័យ ហើយយើងបានថវិកាសម្រាប់ថ្លៃ​ចំណាយ​ផ្សេងៗ​ប្រចាំថ្ងៃ វាគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ខ្ញុំ»។ នេះ​ជា​ការត្អូញ​ត្អែរ​របស់​លោក Mark។​ 
 
ចំណែក​ឯ​ផល​លំបាក​បន្ទាប់​ទៀត គឺ​ការ​កាត់​ត​។ អ្នក​ដឹក​នាំ​រឿង​រាង​ស្គម ​ខ្ពស់​ស្រឡះ ​​រូប​នេះថា​ ការ​កែ​សម្រួល​ និងការកាត់តជាពេលដែលលំបាកបំផុត ក្នុងការផលិតរឿងនេះ។ អ្នក​ដឹក​នាំ​រឿងលោក Mark ​​បាន​ជួល​​​​មនុស្ស​មួយចំនួន ដែលមិនធ្លាប់មកកម្ពុជា ឬទៅ​តំបន់​អាស៊ីអាគ្នេយ៍​ ឱ្យ​ជួយ​កាត់​ត​រឿងនេះ ព្រោះ​លោក​ចង់​ឱ្យ​សាច់រឿងនេះ ជារឿងថ្មីសម្រាប់​ពួកគេ។ លោក​គិត​ថា​ធ្វើ​បែប​នោះ ពួកគេអាចយកសាច់រឿង ដែលលោក​បានថត ទៅ​កាត់ត ​និងកែសម្រួល ឱ្យ​មានការចាប់អារម្មណ៍ខ្លាំងបំផុត តាមដែលអាចធ្វើទៅ​បាន​។
 
ប៉ុន្តែ​នោះ​គឺ​ជា​រឿង​ដែល​ធ្វើ​ឱ្យ​លោក​ខក​ចិត្ត​​​​ជាង​គេ​ ក្នុងដំណើរ​​​ការ​កាត់​ត។ ខណៈពេល​លោក​ត្រលប់ទៅប្រទេសកាណាដាវិញ លោក​បានជួលក្រុមការងារកាត់តចំនួន៣ក្រុម​។ លោក​ត្រូវឈប់ធ្វើការងារជាមួយពួកគេ ក្រោមហេតុផលមួយចំនួន ដ្បិតការកាត់ត​ មិន​ដំណើរការ​ទៅតាមការចង់បាន។ ដូច្នេះលោក​ត្រូវជួលអ្នកផ្សេងទៀត ដើម្បី​ឱ្យ​កាត់​ត​ជាថ្មី​។
  

 
“គុន​ល្បុក្កតោ​រស់​ឡើង​វិញ” ត្រូ​វ​បាន​ថត​សរុប​​ជាង​៤០០​ម៉ោង និង​មាន​តួអង្គ​១២​រូប​។ ពេល​កាត់​ត​លើក​ទី​មួយ​ ភាព​យន្ត​នេះ​មាន​រយៈ​ពេល​​៣០០​ម៉ោង។ លោក​ត្រូវ​កាត់​បន្ថែម​ទៀត ហើ​យ​ត្រូវ​រៀប​ចំ​ទម្រង់​​សាច់​រឿង​​ឡើង​វិញ៣​ដង​ ទម្រាំ​បាន​ភាព​យន្ត​ចុង​ក្រោយ ​រយៈ​ពេល​៩៧នាទី​។ 
 
«ដំបូង​យើង​គ្រាន់​តែ​ចង់​ធ្វើ​វីដេអូ​ខ្លី​ៗ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​គុន​ល្បុក្កតោ ប៉ុន្តែ​នៅ​ពេល​ដែល​​ខ្ញុំ​​បាន​ជួប​ជា​មួយ​លោក​គ្រូ​តា និង​សិស្ស​របស់​គាត់​ ពួក​គេ​គឺ​ជា​មនុស្ស​អស្ចារ្យ​មែនទែន​ មាន​កម្លាំង​ចិត្ត​ខ្លាំង។ ហើយ​រឿង​រ៉ាវ​ដែល​អ្នក​បាន​មើល​​ក្នុង​ភាព​យន្ត​ បន្ត​ច្រើន​ទៅ​ៗ។ វា​ក៏​រីក​ចេញ​ជា​សាច់​រឿង​ដ៏​សម្បើម​១​។ យើងមានការលំបាកខ្លះដែរ ពេលយើងចាប់ផ្ដើម​កាត់ត​សាច់រឿងនេះ លើកដំបូង​។ រឿងនេះមានរយៈពេលវែង​ ចុងក្រោយយើងក៏ចាប់ផ្ដើមបង្រួម សាច់រឿងឱ្យ​តិចជាងមុន ដូច្នេះយើងក៏ផ្ដោតលើតែព្រឹទ្ធាចារ្យមួយរូប និងតួសិស្សពីររូប​ទៀត ព្រមទាំងអ្នកប៉ុន្មាននាក់ទៀត នៅជុំវិញសាច់រឿងនេះ»។ នេះ​ជា​ការ​បន្ថែម​របស់​លោក Mark​។
 
​ខ្លួ​ន​មិន​មែន​ជាអ្នក​ហាត់​ក្បាច់​គុនទេ​ ប៉ុន្តែ​លោក​ Mark ជា​អ្នក​ចូល​ចិត្ត​ស្វែង​យល់​ពី​វប្បធម៌។ អ្វី​ដែល​លោក​ Mark បាន​ស្វែង​យល់​ពី​គុន​ល្បុក្កតោ គឺ​ថា​វា​បាន​ដក​ស្រង់​ចេញ​ពី របៀប​សត្វ​​​ប្រយុទ្ធគ្នា​ របៀបដែល​​ពួក​វា​ការ​ពារ​ខ្លួន​ និង​ជំហរ​ទាំង​១២។ លោកថា​វា​គឺ​ជា​ក្បាច់​គុន​ ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​​ ហើយ​ពិភព​លោក ​ចាប់​ផ្ដើម​បាត់​បង់​ប្រពៃណី​បែប​នេះ​ ដែល​មាន​តាំង​ពី​៣​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ​។ 
 
លោក Mark ពន្យល់​៖​«ខ្ញុំ​ស្រឡាញ់​វប្បធម៌ ហើយវាជា​មូលហេតុ​ចម្បង ​ដែលនាំ​ឱ្យ​​ខ្ញុំ​ចាប់​ផ្ដើមថត​រឿង​នេះ។ ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​រស់​​ឡើង​វិញ ​នៃ​ក្បាច់​គុន​ល្បុក្តតោ វា​ជា​ឱកាស​ និង​មោទកភាព​ដ៏​អស្ចារ្យ​មួយ​​។ វា​មាន​ដើម​កំណើត​នៅ​ក្នុង​ប្រពៃណី​ដ៏​អស្ចារ្យ​មួយ​ មាន​ទាំង​ការរាំ និង​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​ ដែល​អម​ជា​មួយ​ក្បាច់​គុន​នេះ។ សម្រាប់រូបខ្ញុំ​ផ្ទាល់ ខ្ញុំយល់ថារឿងនេះ ជារឿងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ដោយសារវាជារឿង​ដែល​និយាយពីការរស់ឡើងវិញនៃវប្បធម៌»។​ 
  

 
អ្នកដឹក​នាំ​រឿង​រូប​នេះ ​មិន​ធ្លាប់​ជួប​ប្រទះ ​ចំណុចអវិជ្ជមានណាមួយ ក្នុង​អំឡុងពេល​កំពុង​ថតឡើយ​ គ្រាន់តែជួបបញ្ហាយល់​ច្រឡំ​​បន្តិច​បន្តួចប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ Mark ​​ចាត់​ទុកវា​ជា​​បទ​ពិសោធ ​ ព្រោះកន្លែងណាក៏ជួបបញ្ហាបែបនេះដែរ​។ 
 
ក្នុង​ឈុតមួយ​ ​គ្រូៗទាំងអស់ចេញមករួមគ្នា ដើម្បី​និយាយជាមួយនឹងព្រឹទ្ធាចារ្យ ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​ជារួម​។ លោក​បាន​រៀបចំឱ្យ​មានអ្នកថតពីរនាក់ និងអ្នកកាន់ប្រដាប់ស្រូប​សំឡេង​​ពីរនាក់។ ប៉ុន្តែអ្នកថតម្នាក់ មិន​បានយកម៉ាស៊ីនថតទៅ​ជាមួយ ដោយគេ​គិតថា ​លោក​មានម៉ាស៊ីនថតឱ្យ​គេ​។ លោក​ថា​វា​មិន​បាន​​ផ្ដល់ភាពលំបាកអ្វី​ដល់​លោក​ឡើយ គ្រាន់​តែ​លោក​ខកចិត្តបន្តិច​។
 
​លោក Mark ពន្យល់​បន្ថែម​ពី​​​ទំនួល​​ខុស​ត្រូវ​របស់​ខ្លួន​៖ «បញ្ហានេះ អាចកើតមានគ្រប់ពេល និង​គ្រប់កន្លែងការងារ មិនត្រឹមតែក្នុងប្រទេសកម្ពុជាទេ គឺនៅប្រទេសផ្សេងទៀតដែរ។ ខ្ញុំ​ក៏​ភ្ញាក់ខ្លួនថា ខ្ញុំជាមនុស្សមកពី​ក្រៅប្រទេស ក្នុងនាមជាអ្នកផលិតរឿងដែលមិននិយាយ ភាសាខ្មែរ។ ខ្ញុំត្រូវការជំនួយជានិច្ច ដូច្នេះខ្ញុំត្រូវទទួលស្គាល់រឿងមួយ។ ពោលគឺរឿងគ្រប់​យ៉ាង​អាច​មិនដំណើរការ ទៅតាមការគ្រោងទុករបស់ខ្ញុំទេ។ នេះហើយជាជីវិត វាតម្រូវ​ឱ្យ​ខ្ញុំ​មាន​ភាពអត់ធ្មត់។ បើមានរឿងអ្វីកើតឡើង ខ្ញុំក៏ត្រូវទទួលខុសត្រូវដូចគ្នា ព្រោះខ្ញុំជាអ្នក​ដឹក​នាំ​។ ពេលយើងមានគម្រោងមួយ  យើងត្រូវតែក្លាយជាអ្នកទំនាក់ទំនងដែលល្អបំផុតក្នុង​ក្រុម​។ បើមានអ្នកមិនយល់ពីទំនាក់ទំនងច្បាស់ វានៅតែជាទំនួលខុសត្រូវរបស់ខ្ញុំ»។ 
 
ក្រៅ​អំពី​​ឧបសគ្គ​ អ្នក​ដឹក​នាំ​រឿង​​រូប​នេះអះ​អាង​ថា​​ លោក​មាន​ការ​ចង​ចាំ​ល្អ​ៗជា​​​ច្រើន​​នៅ​កម្ពុជា។​ ហើយ​​លោក​មាន​អារម្មណ៍​ថា កម្ពុជា​​ប្រៀប​បាន​នឹង​ផ្ទះ​របស់​លោក​ដែរ​។ លោក​បន្ថែម​​ដូច្នេះ​៖​ «រាល់ពេលខ្ញុំមកកម្ពុជា ខ្ញុំមានអារម្មណ៍កក់ក្ដៅដូចជាបានមកផ្ទះ។ ខ្ញុំមាន​អារម្មណ៍ធូរស្រាល។ ខ្ញុំមានអារម្មណ៍ថា រឿងអ្វីក៏អាចកើតឡើងបាន។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំ​អាច​ទទួលបានអ្វីជាច្រើននៅទីនេះ»។ 
  

 
លោក Mark Bochsler អះ​អាង​ថានៅ​ពេលលោក​ចាប់ផ្ដើមផលិតរឿង “គុន​ល្បុក្កតោ​រស់​ឡើង​​វិញ” មនុស្សភាគច្រើន រួមទាំងជនបរទេសផង​ មិនគិតថាវាជារឿងដែលគួរឱ្យ​ចាប់​អារម្មណ៍​ឡើយ ដោយសារតែពួកគេស៊ាំនឹងសាច់រឿងនេះទៅហើយ។ លោ​ក​ថាមាន​ជនបរទេស ដែលធ្លាប់រស់​នៅប្រទេស​ខ្មែរ ពី៥ទៅ៨ឆ្នាំ បានសួរលោក​ថា តើលោក​បានរក​ឃើញ​​សាច់រឿងនេះពីណា? ពួក​គេ​បានសសើរថា វាជារឿងល្អមួយ និងជារឿងដែលគេ មិន​ធ្លាប់​បានចាប់អារម្មណ៍ ពេលពួក​គេកំពុងរស់​នៅប្រទេសកម្ពុជា​។​
 
លោក​បន្ថែម​ថា ប្រជា​ជន​កម្ពុជា​មួយ​ចំនួន​ ក៏​អាច​មិន​ចាប់​អារម្មណ៍​អំពី​ការ​រស់​ឡើង​វិញ​ នៃ​វប្បធម៌​មួយ​នេះ​ដែរ​។ លោក​អាចនិយាយបែបនេះបាន ក៏​ដោយ​សារ​រឿង​នេះ ​ដូចគ្នា​នឹង​រឿង អ្នករាំរបាំអប្សរា រឿងទេពហត្ថា ឬរឿងនិយាយអំពីកំពូលស្ថាបត្យករខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ (The Man Who Built Cambodia) ជាដើម។ 
 
លោក Mark ពន្យល់​៖«ខ្ញុំលើកយករឿងទាំងនេះមកនិយាយ ដ្បិតខ្ញុំចង់និយាយថា យើង​បាន​ឃើញពីស្ថាបត្យកម្ម របស់លោកតាជារៀងរាល់ថ្ងៃ។ យើងស៊ាំនឹងឃើញអគារទាំង នោះ ហើយយើងមិនដែលសួរឡើយថា តើមានរឿងអ្វីខ្លះ នៅពីក្រោយក្បាច់ទាំងអស់នោះ? តើវាមានការផ្សារភ្ជាប់គ្នាដូចម្ដេចខ្លះ? តើពហុកីឡដ្ឋានជាតិអូឡាំពិក ភ្ជាប់ទៅទន្លេចតុម្មុខ និងទៅព្រះបរមរាជវាំងយ៉ាងដូចម្ដេចខ្លះ? មានរឿងជាច្រើននៅជុំវិញខ្លួនយើង ហើយពេល​ខ្លះ ជនជាតិបរទេសងាយស្រួលនឹងចាប់អារម្មណ៍ លើរឿងទាំងនេះជាង ដោយសារតែវា​ជារឿងថ្មីសម្រាប់ពួកគេ»។
 
ទោះ​ជា​យ៉ាង​ណាលោក Mark ថា​គាត់​កំពុងតែឆ្លងកាត់​តំបន់គ្រោះថ្នាក់មួយ ក្នុងនាមជា​អ្នក​ផលិតរឿង​។ លោក​បានចំណាយពេលវេលាជាច្រើននៅកម្ពុជា ហើយវាធ្វើ​ឱ្យ​លោក​ស៊ាំ​នឹង​រឿងមួយចំនួន។ «ដូច្នេះពេលខ្ញុំកំពុងថត ខ្ញុំតែងកត់ត្រារឿងជាច្រើន ពីរឿងរ៉ាវដែល​ខ្ញុំ​បាន​ឃើញ ដូចជា​ព្រះសង្ឃសូត្រធម៌នៅពេលព្រឹក។ ទិដ្ឋភាពម៉ូតូនៅគ្រប់កន្លែង មនុស្ស​គ្រប់​គ្នា​ធ្វើដំណើរទៅវិញទៅមក ក្នុងចរាចរណ៍ជាដើម​។ រឿងទាំងនេះ ជារឿងដែលយើងនឹងមិន​គិត​ពីវា​ទៀតនោះទេ នៅពេលយើងបានឃើញវាច្រើនដងពេក»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​​របស់​លោក Mark។​
  
សូម​បញ្ជាក់​ថា រឿង​“គុន​ល្បុក្កតោ​រស់​ឡើយ​វិញ” ត្រូវ​បាន​ថត​ចាប់​តាំង​ពី​ឆ្នាំ​២០១០​ ហើយ​ទើប​តែ​បញ្ចប់​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ថ្មី​ៗ​នេះ ដោយសារ​ក្បាច់​គុន​មួយ​នេះ មានវត្ត​មាន​នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថាស៊ីហ្គេមលើកទី៣២។ អ្នក​ដឹក​នាំ​រឿង បាន​កំណត់យកទីបញ្ចប់រឿងត្រឹមនោះ​។ 
 
ទោះ​ជា​យ៉ាង​ណា​ ការ​ថត​ក្នុង​អំឡុង​ពេល​ស៊ីហ្គេម​នោះ ​មិនបានថតជារឿងឡើយ​ ដោយ​អ្នក​ដឹក​នាំ​រឿង​​​គ្រាន់តែបន្ថែមនូវអត្ថបទខ្លះៗ ក្នុងសាច់រឿងប៉ុណ្ណោះ។ ដូច្នេះ​មានន័យថា រឿងនេះ បាន​ចំណាយពេលថត អស់រយៈពេល១៣ឆ្នាំ ប៉ុន្តែមិនថតជាប់គ្នារហូតនោះឡើយ​។
 
“គុន​ល្បុក្កតោ​រស់​ឡើង​វិញ” ​ក៏​បាន​ផ្ដោត​ទៅ​លើ ​ការ​ប៉ះ​ទង្គិច​​ផ្លូវ​អារម្មណ៍ និង​កា​រ​ព្យាបាល​​​ការ​ប៉ះ​ទង្គិច​ទាំង​​នោះ​ដែរ​។ ​ភាព​យន្ត​នេះ ​ផ្ដោត​ទៅ​លើ​ប្រធាន​បទ​ច្រើន​ ហើយ​វា​មិន​មែន​ជា​ភាព​យន្ត​ សម្រាប់​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ ឬ​អ្នក​ហាត់​ក្បាច់​គុន​នោះ​ទេ​។ ភាព​យន្ត​នេះ​ បាន​បង្ហាញ​ឱ្យ​គេ​ស្គាល់​​កម្ពុជា ក្នុង​រូប​ភាព​ផ្សេង​ៗ ដោយ​មិន​គ្រាន់​តែ​ជា​ភាព​យន្ត ​អំពី​របប​ប្រល័យ​ពូជ​សាស្ត្រ​ ការ​រឹប​អូស​ដីធ្លី ឬ​អំពើ​ពុក​រលួយ ដែល​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​គិត​ថា ​កម្ពុជា មាន​តែ​បញ្ហា​ទាំង​នេះ​។ 
 
ភាព​យន្ត​របស់​លោក ​ឆ្លុះ​បញ្ជាំង​ពី​កម្ពុជាខុស​ពី​នោះ​ គឺ​ជា​ទី​កន្លែង​ដែល​ពោរពេញ​ដោយ​កម្លាំង​យុវជន​ ​ហើយ​វា​ក៏​បង្ហាញ​ពី​កិច្ច​ខិ​ត​ខំ​ប្រឹង​ប្រែងរបស់​គ្រូ​គុន​ល្បុក្កតោ​ សាន គីស៊ាន​ និង​គ្រូ​ល្បុក្កតោ​ដែល​នៅ​រស់​ដទៃ​ទៀត​ ​ក្នុង​​ការ​ធ្វើ​ឱ្យ​ក្បាច់​គុន​ល្បុក្កតោ​​​រស់​ឡើង​វិញ​។ លោក Mark ថា​​នេះ​ជា​ការ​លំបាក ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ យល់​ពី​តម្លៃ​វប្បធម៌​​ខ្មែរ ថា​​ល្អ និង​អស្ចារ្យ​​ខុស​ប្លែក​ពី​គេ​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប្រទេស​ជិត​ខាង និង​ពិភព​លោក​ដូច​ម្ដេច​ខ្លះ​​។
  
លោក​ Mark Bochsler បាន​ធំ​ដឹង​ក្ដីនៅ​​ក្បែរ​ទី​ក្រុង​ តូរ៉ុនតូ ប្រទេស​កាណាដា ដែល​សម្បូរ​ទៅ​​ដោយ​វប្បធម៌​ផ្សេង​ៗ​។ លោក​ពិត​ជា​ចាប់​អារម្មណ៍ ​និង​ស្រឡាញ់​វប្បធម៌​ជា​ខ្លាំង​។ លោក​បាន​មក​លេង​ប្រទេស​កម្ពុជា​​ កាល​ពី​អំឡុង​ឆ្នាំ២០១០។ ​លោក​បាន​ដឹង​ដោយ​ចៃដន្យ​ពី​​គុន​ល្បុក្កតោ ដែល​ពេល​នោះក្បាច់​គុន​នេះ ​កំពុង​ចាប់​មាន​វត្តមាន​ឡើង​វិញ​។ លោក​បាន​ឃើញ​​ការ​បង្ហោះ​មួយ​ចំនួន​តាម​ហ្វេស​ប៊ុក​ ហើយ​លោក​បាន​ដឹង​ ពី​លោក​តា​ក្រមាមាស ​សាន គីស៊ាន​។ 
 
លោក​បាន​ស្វែង​យល់​ពី​រឿង​រ៉ាវ​ និង​ជីវិត​របស់​គាត់​។ លោកក៏​​បាន​ស្វែង​យល់​ពី​គុន​ល្បុក្កតោ ហើយ​​​បាន​ដឹង​ថា ក្បាច់​គុននេះ​​​​​ជា​ផ្នែក​មួយ​នៃ​អាណាចក្រ​អង្គរ​ ដោយ​មាន​គំនូរ​ និង​ចម្លាក់​ពី​ក្បាច់​គុន​នេះ​ នៅ​ប្រាសាទ​អង្គរ​វត្ត​។ ហើយ​ប្រាកដ​ណាស់ លោក​​បាន​ស្វែង​យល់ពី​​ប្រវត្តិ​សាស្ត្រ​ ដែល​ទាក់​ទង​នឹងរបប​ខ្មែរ​ក្រហម​ ហើយ​នឹង​ការ​បំផ្លាញ​វប្បធម៌​ ដែល​ពលរដ្ឋ​ខ្មែរ​បាន​​ជួប​ប្រទះ​នៅ​ពេល​នោះ​។ លោក​មាន​អារម្មណ៍​ថា វា​គឺ​ជា​មោទកភាព​មួយ​ ដែល​លោក​​អាច​​និទាន​រឿង​ទាំង​នោះ​ទៅ​ប្រាប់​គ្រប់​គ្នា​៕
 

Tag:
 ភាព​យន្ត​
  វប្បធម៌​
  ល្បុក្កតោ​
  កុន​
  ភាពយន្ត​
  គុន​ល្បុក្កតោ​រស់​ឡើង​វិញ
  ក្បាច់​គុន​
© រក្សាសិទ្ធិដោយ thmeythmey.com