ជាតិ
បទសម្ភាសន៍
វីដេអូ
អ្នកស្រី សាវឿន ប្ដេជ្ញាបន្តជំនាញត្បាញដល់កូនៗ ដើម្បីកុំឱ្យបាត់បង់
16, Jul 2023 , 11:59 am        
រូបភាព
 អ្នកស្រី ថន សាវឿន កំពុងត្បាញក្រមា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
អ្នកស្រី ថន សាវឿន កំពុងត្បាញក្រមា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សៀមរាប៖ អ្នកស្រី ថន សាវឿន ជាអ្នកតម្បាញមួយរូប នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ម្ដាយឪពុក មិនមែនជាអ្នកតម្បាញឡើយ តែអ្នកស្រីចេះជំនាញនេះ បន្ទាប់ពីការទទួលបណ្ដុះបណ្ដាលពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ ក្នុងស្រុកបន្ទាយស្រី។ ក្រោយចេះជំនាញនេះ អ្នកស្រីថាខ្លួនអាចរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារ មិនរំពឹងតែប្ដីអ្នកស្រីតែមួយមុខ។ មិនត្រឹមតែមានជំនាញតែខ្លួនឡើយ អ្នកស្រីចង់បន្តជំនាញដល់កូនៗអ្នកស្រីទៀត​ ដើម្បីជំនាញដូនតាខ្មែរនេះបាត់បង់ ប្រសិនបើកូនៗអ្នកស្រីចង់ និងមានផ្នែកទៀតក៏អាចរកចំណូលសមរម្យពីរបរនេះផងដែរ។



តទៅនេះសូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ 



មិនមែនជាឈាមជ័រអ្នកតម្បាញអ្វីឡើយ អ្នកស្រី ថន សាវឿន បានសម្រេចចិត្តរៀនជំនាញតម្បាញនេះ បន្ទាប់ពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ​ បានបើកក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាស្រុកកំណើតខ្លួននោះ។ 
 
ជាស្ត្រីមេផ្ទះ និងមិនមានជំនាញអ្វីនោះ ជាមូលហេតុ ដែលអ្នកស្រីសម្រេចចិត្តចូលវគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល៥ខែ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនោះទៅ។ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល បច្ចុប្បន្នអ្នកស្រីក្លាយជាអ្នកតម្បាញមួយរូប និងកំពុងផ្គត់ផ្គង់ផលិតផល ដែលខ្លួនបានត្បាញ នោះលក់មកកាន់មជ្ឈមណ្ឌលវិញ។ 
 
អ្នកស្រី សាវឿនថា ការមានជំនាញត្បាញនេះមិនត្រឹមតែអាចរក្សាជំនាញដូនតាមួយនេះឱ្យរស់ប៉ុណ្ណោះទេ តែអាចរកចំណូលបន្ថែម ទៅក្នុងគ្រួសារអ្នកស្រីផង និងអ្នកស្រីអាចមានពេលថែទាំកូនៗពួកគេទៀត។ បើតាមអ្នកស្រី សាវឿន ជាមធ្យមក្នុងមួយខែអ្នកស្រីអាចរកចំណូលបានពី ប្រមាណ២៥ម៉ឺនរៀលផងដែរ ពីការតម្បាញក្រមាលក់។
 
ស្ត្រីកូនពីររូបនេះ ក៏ចង់ឱ្យជំនាញតម្បាញនេះ បន្តវត្តមាននៅលើមាតុភូមិខ្លួនទៅមុខទៀតផង។ ដូច្នេះអ្នកស្រីក៏មានបំណងផ្ទេរចំណេះជំនាញតម្បាញនេះ ទៅដល់កូនៗរបស់អ្នកស្រីបន្តទៀតផងដែរ ប្រសិនបើពួកគចង់ចេះជំនាញនេះ។ 
 
គួរជម្រាបផងដែរថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រនេះ អនុញ្ញាតឱ្យស្រ្តីតាមសហគមន៍ក្នុងខេត្តសៀមរាប អាចចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលតម្បាញសូត្រ ហើយក្រោយបញ្ចប់វគ្គ ពួកគេនឹងទទួលបានសម្ភារ និងវត្ថុធាតុដើមដើម្បីត្បាញសូត្រនៅតាមផ្ទះរៀងៗខ្លួន។  អង្គការនេះ ទទួលទិញ និងរកទីផ្សារសូត្រដល់ស្រ្តីទាំងនោះ។
 
មជ្ឈមណ្ឌលនេះ ចាប់ផ្តើមមានវត្តមាននៅស្រុកបន្ទាយស្រី នាពាក់កណ្ដាលឆ្នាំ២០១៩មក។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ ដែលគ្រប់គ្រងដោយអង្គការ ពណ៌សូត្រ ឬ Color Silk ក្រោមការឧបត្ថម្ភពីធនាគារមេយប៊ែង តាមរយៈកម្មវិធី Women Eco-Weavers៕ 
 

Tag:
 ថន សាវឿន
  ទេសចរណ៍
  ThmeyThmey
  ជំនាញតម្បាញ
  បន្ទាយស្រី
  មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ
  បន្ទាយស្រី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com