ជាតិ
ចរន្តទេសចរកម្សាន្តតាមកោះថយចុះ ព្រោះកត្តាអាកាសធាតុ និងគម្រោងដើរក្រៅស្រុក
16, Jul 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ កោះស្តេច កោះទន្សាយ និងកោះរ៉ុង គឺជាគោលដៅទេសចរណ៍ ក្នុងចំណោមប្រជុំកោះជាច្រើនទៀត។ សម្រស់កោះបានទាក់ទាញទេសចរជាច្រើនមកកម្សាន្ត និងស្នាក់នៅតាមសហគមន៍ ដោយអាចរកចំណូលជូនពលរដ្ឋតាមកោះជារៀងរាល់ឆ្នាំ។ ដោយឡែក អ្នកផ្តល់សេវាកម្មជូនភ្ញៀវតាមកោះ បានលើកឡើងថា អត្រាថយចុះដោយសារ ភ្ញៀវមានគម្រោងទៅក្រៅប្រទេសច្រើន និង​ភ្លៀងធ្លាក់ញឹកញាប់ជាដើម។



កោះស្តេច ជាកោះធម្មជាតិដ៏ស្រស់ស្អាត ដែលមានឆ្នេរសមុទ្រសក្បុស ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ទេសចរអាចជិះទូកស្ទូចត្រី មើលផ្កាថ្ម ដើរលេងតាមសហគមន៍ រំសាយអារម្មណ៍ផងដែរ។ ជារៀងរាល់ឆ្នាំ ទេសចរមកកម្សាន្តនៅកោះនេះយ៉ាងច្រើន ស្ទើរតែរកកន្លែងស្នាក់នៅពុំបាន ជាពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ។ ភ្ញៀវខ្លះកក់មួយខែមុន ឯភ្ញៀវខ្លះទៀត ជាវកញ្ចប់សេវាកម្មកម្សាន្តតាមកោះជាមួយក្រុមហ៊ុន​ឯកជនក៏មាន។
  
កោះស្តេច ជាកោះធម្មជាតិដ៏ស្រស់ស្អាត ដែលមានឆ្នេរសមុទ្រសក្បុស ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ រូបភាព៖ កោះស្តេច Koh Sdach

លោក ធី សាយទី អ្នកផ្តល់សេវាកម្មជូនភ្ញៀវនៅកោះស្តេច បានផ្តល់បទសម្ភាសដល់សារព័ត៌មានThmeyThmey25 ថា បើគិតចាប់ពីពាក់កណ្តាលឆ្នាំ២០២៣នេះ​ ចរន្តទេសចរ ដែលកក់ផ្ទះស្នាក់បានថយចុះ ខុសពីអំឡុងពេលកូវីដ-១៩។ ទេសចរមិនអាចទៅកម្សាន្តនៅក្រៅប្រទេសបាន គឺភ្ញៀវភាគច្រើនមកកម្សាន្តនៅតាមកោះ ឬឆ្នេរសមុទ្រ ជាពិសេសអំឡុងពេលមានពិធីបុណ្យទាន​។
  
លោក ធី សាយទី អ្នកផ្តល់សេវាកម្មជូនភ្ញៀវនៅកោះស្តេច

ជាអ្នកទទួលការកក់ពីភ្ញៀវតាម ទំព័រហ្វេសប៊ុក កោះស្តេច Koh Sdach លោក សាយទី ពន្យល់ថា៖​ « មួយរយៈចុងក្រោយនេះ ទេសចរមិនសូវច្រើនដូចពីមុនឡើយ។ ជាក់ស្តែង ភ្ញៀវដែលធ្លាប់សម្រុកកក់ផ្ទះស្នាក់មួយខែមុន បានផ្លាស់ប្តូរមកកក់មុន៣ថ្ងៃ ឬ១ថ្ងៃមុនមកកោះក៏មាន។ ទេសចរមិនមានច្រើននោះទេ ដោយសារពួកគាត់មានគម្រោងដើរក្រៅស្រុកច្រើនជាង។ ហើយកោះស្តេច ភាគច្រើនទទួលបានភ្ញៀវមកកម្សាន្តជាលក្ខណៈគ្រួសារ អំឡុងខែវិច្ឆិកា ដល់ខែកុម្ភៈ ព្រោះជាពេលវេលា​កម្សាន្តរបស់ពួកគេ។»
 
លោក បន្តថា បើទោះបី​ទេសចរមិនសូវច្រើនដូចមុន តែផ្ទះស្នាក់ជាប់មាត់ឆ្នេរ នៅតែទទួលបានភ្ញៀវមិនដាច់ លើកលែងតែ ផ្ទះស្នាក់នៅលើគោក រៀងខ្សត់ភ្ញៀវ។ រីឯ អ្នកជួលទូក នៅតែរកចំណូលបានធម្មតា តែពេលខ្លះក៏អត់សូវមានភ្ញៀវជួលដែរ។

«ឥឡូវចូលដល់វស្សាទៀត ទេសចរ មកលេងកោះក៏កាន់តែថយចុះ ព្រោះភ្ញៀវបារម្ភរឿងអាកាសធាតុ រលកធំៗ។ អំឡុងពេលខែធ្លាក់ភ្លៀង អ្នកជួលទូក ក៏រកចំណូលមិនសូវបានដែរ។ តែពេលចូលដល់រដូវវស្សា ការប្រកបរបររបស់ប្រជាសហគមន៍ នឹងមានភាពប្រសើរឡើងវិញ ប៉ុន្តែក៏អាស្រ័យលើកំណើតទេសចរដែរ។ លោក ធី សាយទី អ្នកទទួលសេវាកក់ពីភ្ញៀវនៅកោះស្តេច បន្ថែមបែបនេះ។
  
កោះទន្សាយ មានឆ្នេរខ្សាច់សក្បុស អមជាមួយដើមដូចយ៉ាងស្រស់ត្រកាល។  ទេសចរ ត្រូវចំណាយពេលជាង១ម៉ោង ដើម្បីធ្វើដំណើរពីផែកោះទន្សាយ ទៅកោះទន្សាយ។ រូបភាព៖ កោះទន្សាយ- Rabbit Island
ងាកមកចាប់អារម្មណ៍ពីកោះទន្សាយ ស្ថិតក្នុងខេត្តកែបវិញម្តង។ កោះនេះ មាន​ប្រជាប្រិយភាព មិនចាញ់កោះផ្សេងៗឡើយ ​​។ កោះទន្សាយ មានឆ្នេរខ្សាច់សក្បុស អមជាមួយដើមដូចយ៉ាងស្រស់ត្រកាល។  ទេសចរ ត្រូវចំណាយពេលជាង១ម៉ោង ដើម្បីធ្វើដំណើរពីផែកោះទន្សាយ ទៅកោះទន្សាយ។ កោះនេះ មានប្រជាពលរដ្ឋរស់នៅចំនួន ១៤គ្រួសារ ដោយភាគច្រើនពួកគេប្រកបរបរជួលទូក និងនេសាទជាដើម។ នាពេលកន្លងមក កោះនេះមានទេសចរទៅមកកម្សាន្តមិនដាច់ ជាពិសេសថ្ងៃចុងសប្តាហ៍​ និងថ្ងៃបុណ្យទាន។
 
លោក ពៅ សុភ័ក្រ្ត អ្នកទទួលសេវាកក់ពីភ្ញៀវនៅកោះទន្សាយ តាមរយៈទំព័រហ្វេសប៊ុក កោះទន្សាយ- Rabbit បានលើកឡើងថា សហគមន៍កោះទន្សាយ មិនសូវទទួលបានទេសចរបរទេសប៉ុន្មានទេ ភាគច្រើនគឺសម្បូរទេសចរជាតិ។ អំឡុងខែកុម្ភៈ និងខែមីនា សហគមន៍កោះទន្សាយ ទទួលបានចំនួនកក់ច្រើន ដោយភ្ញៀវមកជាលក្ខណៈក្រុមការងារ ឯថ្ងៃបុណ្យទានច្រើនជា ក្រុមគ្រួសារ ជាដើម។

លោក ពៅ សុភ័ក្រ្ត អ្នកទទួលសេវាកក់ពីភ្ញៀវនៅកោះទន្សាយ
 
​សហគមន៍កោះទន្សាយ មានផ្ទះស្នាក់ចំនួន៧ទីតាំងផ្សេងគ្នា ដោយមានបន្ទប់សរុបចំនួន ៨១បន្ទប់។ ទេសចរក៏អាចជួលតង់ សម្រាប់សម្រាកនៅតាមឆ្នេរសមុទ្រដូចគ្នា។ ទេសចរមកដល់កោះនេះ អាចជិះទូកស្ទូចត្រី និងរុកដើរតាមព្រៃ ទទួលយកបទពិសោធន៍ថ្មី ជាមួយឆ្នេរខ្សច់យ៉ាងស្រស់ស្អាត និងព័ន្ធជុំវិញដោយទឹកសមុទ្រ។

«ចាប់តាំងពីខែមិថុនាមក ទេសចរចាប់ផ្តើមខ្សត់ជាបណ្តើរៗហើយ ដោយសារមានភ្លៀងធ្លាក់ញឹកញាប់។ ទេសចរ បារម្ភរឿងសុវត្ថិភាពព្រោះត្រូវធ្វើដំណើរតាមទូក បើទោះជាចំថ្ងៃសៅរ៍  អាទិត្យក៏ដោយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការកក់របស់ភ្ញៀវនាប៉ុន្មានខែចុងក្រោយនោះក៏មិនសូវមានច្រើនដូចពីមុនដែរ។» អ្នកផ្តល់សេវាកម្មជូនភ្ញៀវ លោក ពៅ សុភ័ក្រ្ត បញ្ជាក់បែបនេះ ដល់សារព័ត៌មាន ThmeyThmey25។
 
លោក ពៅ សុភ័ក្រ្ត បន្ថែមថា អំឡុងពេលរដូវប្រាំង ពិសេសថ្ងៃចុងសប្តាហ៍ភ្ញៀវសម្រុកមកច្រើន​។ ចំណែកភ្ញៀវដែលមកកម្សាន្តនៅកោះនេះ គឺត្រូវកក់ជាមុន។ ដោយឡែក​ កាលពីដើមឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខេត្តកែប បានដាក់ឱ្យប្រើប្រាស់នូវ កំពង់ផែកោះទន្សាយ ដើម្បីជួយសម្រួលដល់វិស័យទេសចរណ៍ ដូចជាការដឹកជញ្ចូន ក៏ដូច​ជាទាក់ទាញទេសចរ។
  
កោះរ៉ុង ជាគោលដៅទេសចរណ៍ចម្បងមួយក្នុងចំណោម ប្រជុំកោះដទៃទៀត ដែលមានឆ្នេរយ៉ាងស្រស់ស្អាត ទឹកសមុទ្រថ្លាឆ្វង់ នៅខេត្តព្រះសីហនុ។

មិនខុសពីកោះស្តេច និងកោះទន្សាយប៉ុន្មានឡើយ កោះរ៉ុង ជាគោលដៅទេសចរណ៍ចម្បងមួយក្នុងចំណោម ប្រជុំកោះដទៃទៀត ដែលមានឆ្នេរយ៉ាងស្រស់ស្អាត ទឹកសមុទ្រថ្លាឆ្វង់ នៅខេត្តព្រះសីហនុ។ រាល់ពេលទេសចរនឹកកោះ ពួកគេតែងលើកពីទេសភាពកោះរ៉ុង ដែលអាចងូតទឹកមើលផ្កាថ្ម និងជិះទូកកម្សាន្តតាមកោះផងដែរ។
 
លោក  ភាត់ រិទ្ធី អ្នកទទួលការកក់ពីភ្ញៀវនៅកោះរ៉ុង បានលើកឡើងស្រដៀងគ្នានឹងលោក ពៅ សុក័ក្រ្តថា ចាប់តាំងពាក់កណ្តាលខែឧសភាមក ចំនួនភ្ញៀវដែលមកលេងកោះបានថយចុះ​។ មានកត្តាជាច្រើន ដែលធ្វើឱ្យភ្ញៀវមិន​សូវមកកម្សន្ត ដូចជាកត្តាអាកាសធាតុមិនអំណោយផល។ ជារៀងរាល់ឆ្នាំ ភ្លៀងធ្លាក់ខ្លាំងនៅចុងខែកក្កដា ប៉ុន្តែឆ្នាំនេះ ភ្លៀងធ្លាក់មកជាហូរហែ ធ្វើឱ្យដំណើរកម្សាន្តខ្លះត្រូវលើកពេល ឬខកខានមកក៏មាន។
  
លោក  ភាត់ រិទ្ធី អ្នកទទួលការកក់ពីភ្ញៀវនៅកោះរ៉ុង

លោក  ភាត់ រិទ្ធី បញ្ជាក់បែបនេះ៖«បច្ចុប្បន្ន នៅអំឡុងខែកក្កដានេះ ភ្ញៀវនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់។ បើធៀបជាមួយឆ្នាំ២០២២  ទេសចរ មានច្រើនគ្រាន់បើ ត្បិតវាមិនទាន់ដាច់ស្រឡះនឹងកូវីដ ក៏ទេសចរមានច្រើនជាងឆ្នាំ២០២៣ដាច់ឆ្ងាយ។ កាន់តែពិបាកនោះគឺ ពាក់កណ្តាលឆ្នាំនេះ បានថយខ្លាំង។»
 
ជាធម្មតា ភ្ញៀវមកកម្សាន្តនៅកោះរ៉ុងនេះ ច្រើនជាលក្ខណៈគ្រួសារ ក្រុមអាជីវករ និងក្រុមហ៊ុនខ្នាតតូចៗ។ លោក បន្ត រាល់ពេលទេសចរមិនសូវមកកម្សាន្តនៅទីនោះ ប្រជាសហគមន៍ ដែលប្រកបរបរជួលទូក ឬបម្រើសេវាកម្មទេសចរណ៍ ក៏មិនសូវរកចំណូលបានដូចគ្នា។ យ៉ាងណាមិញ ទេសចរនៅតែមានវត្តមានមិនដាច់ តែទិន្នន័យនៃចំនួនភ្ញៀវមិនច្រើននោះឡើយ។
 
ជាមួយគ្នានេះ អ្នកផ្តល់សេវាកម្មជូនភ្ញៀវនីមួយៗ ក៏ដូចជាប្រជាសហគមន៍រស់នៅលើកោះ នៅតែរំពឹងថា ទេសចរនឹងមកកម្សាន្តឡើងវិញ ប្រសិនបើអាកាសធាតុល្អ និងការផ្សព្វផ្សាយពីសក្តានុពលកោះ កាន់តែខ្លាំងជាងមុន។ រីឯ ពលរដ្ឋ នៅតែប្រកបរបរនេសាទ និងមានភ្ញៀវប្រើសេវាកម្មរបស់ពួកគេដូចមុន ដូចជាជួលទូក ជួលតង់ មគ្គុទ្ទេសក៍តាមកោះ អាចរកចំណូលបានធម្មតា៕
 

Tag:
 ThmeyThmey25
  កោះ
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com