ជាតិ
របរលក់ដូង មើលទៅមិនធំដុំ តែផ្ដល់ចំណូលល្អ
16, Jul 2023 , 4:19 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ផ្ទះកាច់ជ្រុងមួយ ក្បែរវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ មានលក់ដូង ទឹកដូង និងចាហួយដូង។ មុខរបរគ្មានស្លាកយីហោនេះ មើលទៅមិនធំដូចហាងធំៗនោះទេ។ ប៉ុន្តែរបរមួយនេះ អាចផ្ដល់ចំណូលជាប្រចាំ ដោយមិនសូវប្រើកម្លាំងនោះឡើយ។ អ្នកស្រី អ៊ី ស្រីនី  លក់ដូងបានប្រមាណ ៦០០ ទៅ ៧០០ដូងក្នុងមួយថ្ងៃ។ ដូងមួយ មានតម្លៃចាប់ពី៣ ០០០រៀល ទៅ៤ ០០០រៀល។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាបទយកការណ៍ដែលរៀបចំជូនដោយ កញ្ញា សែម ប្រាក់ដាវ នៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖ 
 

ឆ្នាំ២០២៣នេះ ស្រីនី មានអាយុ២៥ឆ្នាំ។  ស្រីនី រកចំណូលបានពីការលក់ផ្លែដូង ជាមធ្យមប្រមាណ ១លានរៀលក្នុងមួយថ្ងៃ។ ស្រីនី មានលក់ដូងបីប្រភេទ គឺ ដូងក្រអូប ដូងធម្មតា និងដូងតាកែ។ មិនមែនលក់តាមរដូងកាលនោះទេ ស្រីនី លក់ជារៀងរាល់ថ្ងៃតែម្ដង។ ខែវស្សា អ្នកលក់ដូងរូបនេះ លក់មិនសូវដាច់ដូចខែប្រាំងនោះទេ។ អ្នកលក់ដូងរូបនេះ បានបន្តថា ខែប្រាំង អាចលក់អស់ចន្លោះពី ៥០០ដូង ទៅ៦០០ដូងតែប៉ុណ្ណោះ។
  
អ្នកស្រី អ៊ី ស្រីនី អ្នកលក់ដូង

នៅចន្លោះផ្ទះរបស់ស្រីនី មានផ្ទះលក់ដូងមួយទៀត។ ម្ចាស់ផ្ទះលក់ដូងរំលងតែមួយផ្លូវពីផ្ទះស្រីនីនេះ គឺលោក នុត  សំរិទ្ធ។ សំរិទ្ធ លក់ដូងដាច់បំផុតចាប់ពីម៉ោង ១១ ដល់ម៉ោង ៣រសៀល។ 
 
លោក នុត សំរិទ្ធ លក់ដូងក្នុងមួយថ្ងៃបាន៣០០ផ្លែ។ បន្ថែមពីនេះ អ្នកលក់ដូងរូបនេះ បានណែនាំថា ដូងដែលផ្អែម គឺដូងក្រហមរបស់អ្នកខេត្តកំពត។ ជាអ្នកខេត្តកំពត លោក សំរិទ្ធ ស្គាល់ពីដូងយ៉ាងច្បាស់។ បុរសវ័យ ២៧ឆ្នាំរូបនេះ លក់ដូងពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់។ 
  
លោក នុត សំរិទ្ធ អ្នកលក់ដូងនៅម្តុំវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ

ជាធម្មតា លោក សំរិទ្ធ អាចរកចំណូលជិត ១លានរៀលក្នុងមួយថ្ងៃ។ លោក សំរិទ្ធ ប្រកបមុខរបរយ៉ាងរីករាយជាទីបំផុត។ កំពុងឈរកាប់ដូងជូនអតិជន លោក នុត សំរិទ្ធ  បានបញ្ជាក់ថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃនេះ លោកលក់ដូងដាច់មួយៗ មិនសូវជាដាច់ដូចរាល់ថ្ងៃនោះទេ។ 
 
«កន្លងមក រាល់ថ្ងៃខ្ញុំលក់ដូងដាច់ណាស់។ ខ្ញុំដាច់រហូតអស់ដូងពី៥០០ផ្លែ ក្នុងមួយថ្ងៃ។ ប៉ុន្តែប៉ុន្មានថ្ងៃនេះ ភ្លៀងខ្លាំងធ្វើឱ្យដូងខ្ញុំលក់មិនសូវដាច់នោះទេ បានត្រឹម៣០០ផ្លែ»។ នេះជាការលើកឡើងរបស់លោក នុត សំរិទ្ធ៕
 
ផ្លែដូងដាក់កែវ

ផ្លែដូងធម្មតា

ផ្លែដូងដែលលោក នុត សំរិទ្ធ


Tag:
 Thmeythmey25
© រក្សាសិទ្ធិដោយ thmeythmey.com