ជាតិ
ពី​បុគ្គលិក​អង្គការ​ អ្នកស្រី វ៉ាន់ ស៊ីន​យ៉ា ប្រែខ្លួនជា​ម្ចាស់អាជីវកម្មលក់​មេផ្សិតអំបោះខ្មៅ​ដ៏​ជំនាញ
16, Jul 2023 , 6:59 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​អ្នកស្រី វ៉ាន់ ស៊ីន​យ៉ា
រូបភាពពី​ហ្វេសប៊ុក​អ្នកស្រី វ៉ាន់ ស៊ីន​យ៉ា
ភ្នំពេញ៖ ក្រោយ​ធ្វើ​ជា​បុគ្គលិក​អង្គការ​ជិត ១០ឆ្នាំ អ្នកស្រី វ៉ាន់​ ស៊ីនយ៉ា បាន​ងាក​ខ្លួន​មកប្រកប​មុខ​របរ​កសិកម្មវិញ។ នៅចុង​ឆ្នាំ​២០១៨ អ្នកស្រី ស៊ីនយ៉ា បាន​ចាប់​អារម្មណ៍​លើ​របរ​បណ្ដុះ​ផ្សិត​ ដែល​អ្នកស្រី​ជឿថា អាច​រក​ចំណូលបាន​ច្រើន និង​ជួយ​ដល់​សុខភាព​អ្នក​ទទួល​ទាន។ មកដល់​បច្ចុប្បន្ន​ ស្រ្តី​វ័យ ៣៨ឆ្នាំរូបនេះ កំពុង​ជោគជ័យ​លើ​របរ​លក់​មេផ្សិត​អំបោះ​ខ្មៅ​ដល់​អតិថិជន​នៅតាម​បណ្ដាខេត្ត​មួយចំនួន។



ជា​បុគ្គលិកអង្គការ​ដែល​ផ្ដោតលើ​បញ្ហា​សុខភាព អ្នកស្រី វ៉ាន់ ស៊ីនយ៉ា បាន​ផ្លាស់ប្ដូរខ្លួន​មក​ជា​ម្ចាស់​អាជីវកម្ម​មួយ​នៅ​ស្រុក​ទឹកឈូរ ខេត្ត​កំពត។ សហគ្រិន​ស្រ្តី​រូបនេះ បាន​ចាប់​យក​របរ​កសិកម្ម សម្រាប់​បន្តដំណើរ​ទៅមុខ ដោយ​ផ្ដោត​សំខាន់​លើ​ការ​បណ្ដុះ​ផ្សិត។ នៅ​ចុង​ឆ្នាំ​២០១៨ អ្នកស្រី បាន​វិនិយោគ​ពេល​វេលា និង​ថវិកា សម្រាប់​រៀន​សូត្រ និង​ចាប់​ផ្ដើម​របរនេះ ដោយ​បាន​ចូលរៀន​វគ្គបណ្ដុះបណ្ដាលខ្លី ពី​របៀប​បណ្ដុះ​ផ្សិត។ 
  
រូបភាពពី​ហ្វេសប៊ុក​អ្នកស្រី វ៉ាន់ ស៊ីន​យ៉ា 

ក្រោយ​រៀន​ចប់ ចំណេះដែល​អ្នកស្រីទទួលបាន គឺមិនអាច​​យក​មក​ប្រើប្រាស់ និង​អនុវត្ត​​បានឡើយ។ «ពេល​រៀន​ដំបូង យក​មក​ប្រើការ​មិនកើតទេ។ មេរៀន និង​ការ​អនុវត្ត ​មិន​ដំណើរការ វា​មិន​ចេញ​ និង​មិន​ឱ្យ​ផល​។ វា​ខុស​បច្ចេកទេស​ទាំង​ស្រុង​តែម្ដង វា​ធ្វើ​ឱ្យ​យើង​ជួប​បញ្ហាច្រើន។​ យើង​មាន​ដើមទុន យក​មក​បង្កើត​មុខ​របរ​ហ្នឹង តែ​វា​មិន​ដំណើរការ​»។ នេះជា​ការ​រៀបរាប់របស់​អ្នកស្រី វ៉ាន់ ស៊ីនយ៉ា ពី​ការ​ចាប់ផ្ដើម​ដំបូង។ 
 
បើទោះ​បី​ជួប​ឧបសគ្គ តែ​អ្នកស្រី ស៊ីន​យ៉ា មិន​បោះបង់ឡើយ។ ចុង​ឆ្នាំ​២០១៨ ដល់ចុង​ឆ្នាំ​២០១៩ ​អ្នកស្រី បាន​ចំណាយ​ពេល​ទៅ​សិក្សា​បន្ថែម​ពី​របៀប​បណ្ដុះ​ផ្សិត​​នៅ​ប្រទេសថៃ និង​បាន​ទិញ​សៀវភៅ​ពី​អាម៉េរិក​មក​ស្រាវជ្រាវផងដែរ។ រយៈពេល​១ឆ្នាំនេះ ​​ធ្វើ​ឱ្យ​អ្នក​ស្រី​អាច​សម្រេច​គោលដៅ និង​បាន​បណ្ដុះ​ផ្សិត​ដោយ​ជោគជ័យ និង​អាច​លក់ទីផ្សារ​។

រូបភាពពី​ហ្វេសប៊ុក​អ្នកស្រី វ៉ាន់ ស៊ីន​យ៉ា 
ជួប​បញ្ហា​ តែ​មិន​បោះ​បង់!

ទោះត្រូវចាយពេល១ឆ្នាំ ដើម្បី​រៀនសូត្រ​ពី​ជំនាញ​បណ្ដុះ​ផ្សិត តែ​អ្នកស្រី វ៉ាន់ ស៊ីន​យ៉ា មិន​បាន​ប្រែចិត្ត​ទៅ​ចាប់យក​របរផ្សេងឡើយ។ ម្ចាស់អាជីវកម្ម​លក់​មេផ្សិតអំបោះខ្មៅ​រូបនេះ បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន Thmey Thmey 25 ដូច្នេះ៖ «ការស្រឡាញ់​ចូលចិត្ត​ និងមិន​បោះបង់ ធ្វើ​ឱ្យ​ខ្ញុំ​សុខចិត្ត​យកពេល​វេលា​រៀនសូត្រ​បន្ថែម។ បើឱ្យខ្ញុំ​បោះបង់ គឺអត់ទេ។ របរបណ្ដុះ​ផ្សិតនេះ ត្រូវ​ការ​ដើមទុន​ច្រើន ហើយ​ពេល​ធ្វើ​ម្ដងៗត្រូវការ​កម្លាំង ត្រូវការ​ពេល​វេលា និង​ត្រូវ​ការ​គ្នា​ជួយ»។
 
នៅដើម​​ឆ្នាំ​២០២០ ផ្សិត​របស់​អ្នកស្រី បាន​ផ្ដល់​ផល និង​អាច​លក់​នៅ​ទីផ្សារ។ ទន្ទឹម​នឹងផ្សិត​​ឱ្យផលល្អ អ្នកស្រី ក៏​ជួប​បញ្ហា​ដោយសារ​កូវីដ-១៩ ដែល​ធ្វើឱ្យ​ហាង និង​ភោជនីយដ្ឋានមួយចំនួន លែងបញ្ជាទិញ​។ ក្រោយជួប​បញ្ហា​ផ្សិតស្រស់លក់មិនដាច់ អ្នកស្រី បាន​ផ្លាស់ប្ដូរ​មក​លក់​មេផ្សិត​វិញ​ ដែលជា​គំនិត​របស់​ស្វាមី។ 
 
«ពេល​កូវីដ ប៉ះពាល់ខ្លាំង។ ពេល​ផ្សិតឱ្យ​ផល យើងដក​ទៅលក់ឱ្យ​ភោជនីយដ្ឋាន និង​អាហារដ្ឋាន គេលែងទិញ​យើង។ មួយរយៈនោះ យើង​ទាល់តែម្ដង មិន​ដឹង​ធ្វើអ្វី មិនដឹង​ទៅលក់នៅណា។ ហើយ​ក៏​​ពិភាក្សា​ជាមួយប្ដី ក៏​សម្រេចចិត្តលក់មេផ្សិតកញ្ចប់វិញ ដោយ​គេយកទៅ​ស្រោចខ្លួនគេ»។ នេះជាការ​លើកឡើងរបស់​អ្នក​ស្រី ស៊ី​ន​យ៉ា ដោយបន្ថែមថា លក់ដំបូង​ គឺនៅខេត្ត​កំពត ដែល​អតិថិជនភាគច្រើនជាភ្ញៀវបរទេស។ 
  
រូបភាពពី​ហ្វេសប៊ុក​អ្នកស្រី វ៉ាន់ ស៊ីន​យ៉ា 

កូវីដ-១៩ ធ្វើឱ្យអ្នកស្រី ស៊ីនយ៉ា ប្ដូរ​ពី​បណ្ដុះ​ផ្សិត​ស្រស់លក់ មកជា​លក់​មេផ្សិតវិញ

ក្រោយ​ភ្លៀង មេឃស្រឡះ! បញ្ហា​លក់ផ្សិតស្រស់មិនដាច់ និង​ប្រមូល​ផលហើយ​ ត្រូវ​បោះចោល បាន​ចេញ​ឆ្ងាយពី​ជីវិតអ្នកស្រី។ ការ​ចាប់​ផ្ដើម​​លក់​មេផ្សិត​របស់​អតីត​បុគ្គលិក​អង្គការអន្តរជាតិ​រូបនេះ មាន​គាំទ្រច្រើន ពី​អតិថិជន មិនថា​តិច និង​ច្រើន។​
 
អ្នក​ស្រី និយាយ​ទាំង​រីករាយថា៖ «ពេលខ្ញុំលក់ដំបូង​ មាន​ការ​គាំទ្រច្រើន​ ព្រោះ​ម៉ូយខ្ញុំភាគច្រើនបរទេស​។ ខ្ញុំ​បង្ហោះ​ក្នុង​ក្រុម​កំពត អ៊ីចឹង​គេឃើញ គេក៏​បញ្ជាទិញទៅ។ មួយវគ្គៗ លក់បាន​១០ទៅ២០ឈុត។ បន្ទាប់មកខ្ញុំ រក​ម៉ូយខ្មែរម្ដង គេ​បញ្ជាទិញ ១ពាន់​ទៅ២ពាន់កញ្ចប់​ ច្រើនណាស់»។ 
 
ស្រ្តីជា​ម្ចាស់​អាជីវកម្ម​លក់​មេផ្សិតអំបោះខ្មៅ​រូបនេះ​ ច្បាស់លាស់នឹង​ជំនាញ​បណ្ដុះ​ផ្សិត ដោយ​​មិន​ប្រៀបធៀប​ពីរបៀប​បណ្ដុះ​របស់​អ្នក​ដទៃឡើយ។ អ្នក​ស្រី អះអាងថា មេផ្សិត​ដែល​បាន​ចែកចាយ​ដល់​អតិថិជន ជា​ផលិត​ធម្មជាតិ។ អតិថិជន​របស់អ្នកស្រី មាន​នៅខេត្ត​កំពត, កំពង់ស្ពឺ, តាកែវ និង​ខេត្ត​កំពង់ឆ្នាំង។​
 
«បច្ចុប្បន្នខ្ញុំជឿជាក់ ហើយមាន​ជំនឿចិត្តថា ខ្ញុំ​ជោគជ័យ​ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​។ ទាំងជំនាញ ចំណេះដឹង​ ទំនុក​ចិត្ត​ទៅឱ្យ​អតិថិជន​ ការ​លក់​ និង​ការ​គោរពអតិថិជន។ ១០០ភាគរយ គឺ​ជោគជ័យខ្លាំង»។ អ្នកស្រី បង្ហាញ​ភាព​វិជ្ជមាន​ដែល​ទទួលបានដូច្នេះ​ ក្រោយ​​មេផ្សិត​អាច​ចរាចរណ៍​លើទីផ្សារ ក្នុង​មួយខែ​ចន្លោះពី ១ពាន់ទៅ ៣ពាន់កញ្ចប់។  
  
រូបភាពពី​ហ្វេសប៊ុក​អ្នកស្រី វ៉ាន់ ស៊ីន​យ៉ា 

​ទទួលបានផល​​ហើយ តែចាំបាច់រៀន​​ពីការ​ធ្វើអាជីវកម្មបន្ថែម​!

​ក្រៅ​ពីចង់​​លក់​ឱ្យដាច់ អ្នក​ស្រី ក៏​គិត​គូរ​ខ្លាំង​ដល់​អតិថិជន​ ដោយ​មិន​ជំរុញ​ឱ្យ​អតិថិជន​បញ្ជទិញ​មេផ្សិតច្រើន​លើស​ប្រមាណ​នោះទេ។ អ្នក​ស្រី ស៊ីនយ៉ា បាន​ឱ្យដឹងថា អ្នកស្រី​មិន​សប្បាយចិត្ត​នោះ​ទេ នៅពេល​​អ្នក​ទិញ​យក​ទៅ​មិន​បាន​ផល​។ ម្ចាស់​អាជីវកម្ម​រូបនេះ តែង​ផ្ដល់​យោបល់ និង​ណែនាំ​ដល់​អតិថិជន​ជាប្រចាំទាក់ទងនឹង​ការ​ថែទាំ និង​ការ​ទូរទាត់ចំណាយផងដែរ។
ចំណេះទាំងនេះ អ្នកស្រី វ៉ាន់ ស៊ីនយ៉ា បាន​រៀន​បន្ថែម​ពី​វគ្គបណ្ដុះបណ្ដាល​សហគ្រិន​របស់​គម្រោងមួយ។ អ្នកស្រី បញ្ជាក់ថា ការ​រៀន​ពី​ការ​ធ្វើ​អាជីវកម្មបន្ថែម​អាច​ធ្វើ​ឱ្យ​ចេះ​ពីការ​គ្រប់គ្រង​ចំណូល​ចំណាយ​បាន​ត្រឹមត្រូវ។ បើតាម​ស្រ្តី​វ័យ ៣៨ឆ្នាំរូបនេះ បើមិន​រៀន​បន្ថែម មិន​កើតនោះទេ។ 
 
ស្រ្តី​មាន​ស្រុក​កំណើតនៅខេត្ត​កំពង់ឆ្នាំង​រូបនេះ លើកឡើងថា៖ «ខ្ញុំ​សប្បាយចិត្ត​ខ្លាំង ​រំភើប​ និង​ស្ញប់ស្ញែងខ្លួន​ឯងខ្លាំង។ ដោយសារតែ​ខ្ញុំ​ធ្វើ​ផ្សិត​ធម្មជាតិ ១០០ភាគរយ​ អត់​ប្រើ​គីមី ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ញ៉ាំ​។ ហើយ​អ្នក​យក​ផ្សិត​ខ្ញុំទៅ​លក់ គាត់​សប្បាយចិត្ត​នឹង​ទិន្នផល​ និង​គុណភាព​ផ្សិត​ ដែល​អាច​រក​ចំណូលបាន​គួរ​​សម​»៕​
 
រូបភាពពី​ហ្វេសប៊ុក​អ្នកស្រី វ៉ាន់ ស៊ីន​យ៉ា 


Tag:
 កសិកម្ម​
  ផ្សិត​
  បុគ្គលិក​អង្គការ
  វ៉ាន់ ស៊ីន​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com