ជាតិ
លើសពី​ស្រឡាញ់ ជ័យ ស្រីលីន រើសជំនាញ IT ព្រោះចង់បង្ហាញថា«ស្រី្តក៏ធ្វើបាន»​​
16, Jul 2023 , 10:59 pm        
រូបភាព
កញ្ញា ជ័យ ស្រីលីន ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថាន KIT។
កញ្ញា ជ័យ ស្រីលីន ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថាន KIT។
ដោយ:
កញ្ញា ជ័យ ស្រីលីន គឺជានិស្សិតឆ្នាំទី៣ ជំនាញព័ត៌មានវិទ្យា នៃ​វិទ្យាស្ថានបច្ចេកវិទ្យា​គិរីរម្យ ក្នុង​ខេត្តកំពង់ស្ពឺ។ និស្សិតអាយុ ២៣ឆ្នាំមកពីខេត្តកំពតរូបនេះ បានប្រាប់​សារព័ត៌មាន​ថ្មីៗ ថា រូបគេសម្រេចចិត្ត​ជ្រើសរើសសិក្សាជំនាញដែលមានស្ត្រីដ៏តិចតួចនេះ ក៏ព្រោះតែការ​ស្រ ឡាញ់ និងចង់បង្ហាញថាជំនាញមួយនេះ ស្ត្រីក៏អាចរៀនបាន ហើយរៀនពូកែថែមទៀត។ ​ យុវតីរូបនេះ ក៏ចង់ក្លាយគំរូមួយរូបសម្រាប់​ស្ត្រីជំនាន់ក្រោយ ក្នុងនាមជាអ្នក​ជំនាញ​ផ្នែកបច្ចេកវិទ្យានេះដែរ។



សម្រាប់និស្សិត​ ជ័យ ស្រីលីន ​គេមិនអាចបង្អាប់បង្អោនស្ត្រីបច្ចុប្បន្ន ថាទន់ខ្សោយ រស់នៅពឹ​ងផ្អែកតែលើបុរសបានទៀតនោះទេ។ ​តាមរយៈការអប់រំ ស្រ្តី ​មិនត្រឹមតែមាន​ឯករាជ្យ​ក្នុង​ការ​រស់នៅ​នោះទេ ប៉ុន្តែពួកគេ កំពុងចូលរួមក្នុងតួនាទី​ធ្វើសេចក្តីសម្រេចចិត្ត និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម ​ដូចបុរសដែរ។ កញ្ញា ជ័យ ស្រីលីន លើកឡើងដូច្នេះ មុននឹងបន្តថា៖ ​« នៅពេលស្ត្រីមានការងារច្បាស់លាស់ រៀនចេះដឹង គាត់ពុំចាំបាច់ពឹងផ្អែកលើបុរសទៀត​ទេ គាត់អាចយកចំណេះគាត់មកអភិវឌ្ឍន៍ខ្លួនគាត់! ដោយការងារដែលបុរសធ្វើបាន ស្រ្តី​ក៏អាចធ្វើ​បានដែរ»។ 
  
កញ្ញា ជ័យ ស្រីលីន និងមិត្តភក្ដី ទទួលជ័យលាភី ក្នុងកម្មវិធី Bandos Digital Startup 2023។

​ដ្បិតតែជាមុខជំនាញដែលខ្លួនស្រឡាញ់ ប៉ុន្តែក្នុងពេលសិក្សា និស្សិត ជ័យ ស្រីលីន ក៏​ជួប​ការលំបាកខ្លះដែរ ព្រោះជាមុខវិជ្ជាដែលទាមទារឱ្យសិក្សានៅនឹងមុខកុំព្យូទ័រច្រើន ព្រមទាំង​ទាមទារ​ឱ្យនិស្សិតស្រាវជ្រាវច្រើនផងដែរ។ ដើម្បីបង្កើនសមត្ថភាពក្នុងជំនាញនេះ ស្រីជ័យ មិនរៀន​ត្រឹមតែទ្រឹស្តីនៅសាលានោះទេ នាងក៏ចូលហ្វឹកហាត់ការងារទាក់ទងនឹងជំនាញ​ដែល​ខ្លួន​រៀន​បណ្តើរដែរ ជាមួយមិត្តរួមថ្នាក់ផ្សេងទៀត។ បើតាមនិស្សិតជ័យ ស្រីលីន  ពួកគេ​រៀនសរសេរកូដ និងស្រាវជ្រាវឯកសារផ្សេងៗ ដែលពាក់ព័ន្ធផ្នែកបច្ចេកវិទ្យា ដើម្បី​រួមគា្ន​រកដោះស្រាយ និងបង្កើតអ្វីដែលថ្មី។ រៀននៅសាកលវិទ្យាល័យពេលព្រឹក ធ្វើការងារ​ស្ម័គ្រចិត្ត​ពេលថ្ងៃ ឬធ្វើនៅ​ម៉ោងទំនេរពីការសិក្សា។



ក្រៅពីទៅរៀននៅសាលា ធ្វើការងារស្ម័គ្រចិត្ត និងទៅកន្លែងហូបអាហារ ស្រីលីន មិនទុក ឱ្យខ្លួនឯងទំនេរនោះទេ គឺរូបគេបានយកជំនាញកំពុងរៀន និងអនុវត្តន៍បច្ចុប្បន្ននៅសាលា រៀន ដែលមានឈ្មោះថា «Optimus» មកចូលរួមប្រកួតនៅក្នុងកម្មវិធី Bandos Digital Startup 2023 ជាមួយមិត្តភក្ដិ ២នាក់ផ្សេងទៀត។ ជាលទ្ធផល ពួកគេទទួលបានជ័យលាភី ទឹក​ប្រាក់ចំនួន ១ម៉ឺនដុល្លារ។ «Optimus» ជាបច្ចេកវិទ្យា AI មួយមានតួនាទីចាប់យកចំនួន និង​ស្លាកលេខយានយន្ត ដើម្បីប្រមូលទិន្នន័យយ៉ាងងាយស្រួលដោយ ពុំចាំបាច់កត់ត្រា ដោយ​ដៃ។
 
​យុវតីរូបនេះ សង្ឃឹមថា នៅក្រោយការបញ្ចប់ការសិក្សារបស់ខ្លួន នាងនឹងអាចក្លាយ​ជា​ចំណែក​មួយ ក្នុងការចូលរួម​អភិវឌ្ឍន៍សង្គមជាតិ តាមរយៈជំនាញរបស់ខ្លួន។ ជាមួយគ្នានេះ និស្សិតរូបនេះ ក៏លើកទឹកចិត្តឱ្យស្ត្រីផ្សេងទៀត បន្តចាប់យកការអប់រំសម្រាប់ខ្លួនដែល​សម្រាប់ កញ្ញា ស្រីលីន ការអប់រំ គឺជាតម្លៃដែលធ្វើឱ្យស្ត្រីមានឯករាជ្យ និងក្លាយជាអ្នក​ចូល​រួម​អភិវឌ្ឍសង្គម៕

Tag:
 បច្ចេកវិទ្យា
  ជ័យ ស្រីលីន
  អប់រំ
  IT
  ព័ត៌មានវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com